ក្បាច់​គុន​បុរាណ​ខ្មែរ​បី​ប្រភេទ​ក្លាយ​ជា​ក្បាច់​គុន​សម្រាប់​បង្ហាត់​កងទ័ព

កង​យោធពល​ខេមរភូមិន្ទ និង​សហព័ន្ធ​កីឡា​ក្បាច់​គុន​បុរាណ​ខ្មែរ​ចំនួន​៣ ព្រមព្រៀង​គ្នា​បញ្ចូល​ក្បាច់​គុន​បុរាណ​ជា​យុទ្ធ​គុន​សម្រាប់​កងទ័ព។កិច្ច​ព្រមព្រៀង​នេះ ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ទី​២២ មិថុនា តាម​រយៈ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​កិច្ច​សហការ​រៀបចំ​ចងក្រង និង​បណ្តុះបណ្តាល​ក្បាច់​គុន​កង​យោធពល​ខេមរភូមិន្ទ។ ក្បាច់​គុន​ទាំង​បី​ដែល​បាន​ចុះ​អនុស្សរណៈ​យោគយល់ (MOU) នេះ មាន​ដូចជា គុន​ល្បុក្កតោ យុទ្ធ​ក្រម​ខម និង​ក្បាច់​ប្រដាល់​សេរី​ខ្មែរ។

គិត​មក​ដល់​ពេល​នេះ គឺ​ត្រឹម​តែ​ជាង ២​ខែ​ប៉ុណ្ណោះ​ក្រោយ​ពី​ព្រឹត្តិការណ៍​សង្ក្រាន្ត​នៅ​ខេត្ត​សៀមរាប លោក ហ៊ុន សែន ប្រកាស​ដាក់​ក្បាច់​បុរាណ​ខ្មែរ រួម​មាន​ក្បាច់​គុន​ល្បុក្កតោ​ជា​យុទ្ធ​គុន​សម្រាប់​ហ្វឹកហាត់​ក្នុង​កង​យោធពល​ខេមរភូមិន្ទ​រួច​មក​នោះ។

ក្រុម​ការងារ​កង​យោធពល​ខេមរភូមិន្ទ និង​សហព័ន្ធ​កីឡា​ក្បាច់​គុន​ទាំង​នោះ បាន​រៀបចំ​ឲ្យ​អនុសាសន៍​របស់​លោក​នាយក​រដ្ឋមន្ត្រី​ចេញ​ជា​រូបរាង។

ក្នុង​សន្និសីទ​សារព័ត៌មាន នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​កូន​លោក​នាយក​រដ្ឋមន្ត្រី គឺ​លោក ហ៊ុន ម៉ាណែត ឆ្លើយ​តប​ទៅ​នឹង​សំណួរ​អ្នក​សារព័ត៌មាន ដោយ​ទទួល​ស្គាល់​ពី​ភាព​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ក្បាច់​គុន​ខ្មែរ​នៅ​ពេល​នេះ​ដែរ៖ «ចំពោះ​ការ​សួរ​ថា យក​មក​ដាក់ ហេតុ​អ្វី​មក ចាំ​តែ​ពេល​ឥឡូវ គឺ​ថា​គេ​ត្រូវ​ចាប់​ផ្ដើម​ពេល​ណា​មួយ។ អ៊ីចឹង​ចាប់​ផ្តើម​ពី​ពេល​ហ្នឹង​ទៅ ត្រូវ​ហើយ ពី​ក្រោយ ៧៩ មក យើង​អត់​បាន​ដាក់​ហ្នឹង តែ​ឥឡូវ​ហ្នឹង​យើង​ចាប់​ផ្ដើម​ដាក់។ ពេល​ឥឡូវ​ហ្នឹង​ទៅ​វា​យឺត ជា​ជាង​វា​មិន​ដែល​មាន​សោះ បាទ! នេះ​ជា​ចម្លើយ»

ក្បាច់​គុន​ល្បុក្កតោ​យុទ្ធ​ក្រម​ខម និង​ក្បាច់​ប្រដាល់​សេរី​ខ្មែរ នឹង​រៀបចំ​សំយោគ​ឲ្យ​ក្លាយ​ជា​ក្បាច់​គុន​កង​យោធពល​ខេមរភូមិន្ទ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ហ្វឹកហាត់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ បើ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុន ម៉ាណែត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា មិន​មាន​បញ្ហា​ខ្វះ​ធនធាន​មនុស្ស​ក្នុង​ការ​ហ្វឹកហ្វឺន​ក្បាច់​គុន​ទាំង​៣ ដល់​កងទ័ព​នោះ​ទេ ព្រោះ​ក្រុម​ការងារ​លោក​នឹង​រៀបចំ​បង្ហាត់​គ្រូ​បង្គោល។ គ្រូ​បង្គោល​ទាំង​នោះ​ដែល​ជា​នាយ​ទាហាន​ស្រាប់​ផង នឹង​ទទួល​បង្រៀន​ក្បាច់​នោះ​ទៅ​កាន់​ពល​ទាហាន និង​នាយ​ទាហាន​ទូទាំង​ប្រទេស​តែ​ម្តង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។