ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​

ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​



ភ្នំពេញ ៖ យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ចេញផ្សាយ​កាលពី​ថ្ងៃទី​២២​មិថុនា​បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​កំណត់​មណ្ឌល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទូទាំង​ប្រទេស ចំនួន​១៨០​មណ្ឌល ស្មើ​នឹង​៣៧៨១​បន្ទប់​នៅ​ទូទាំង​ប្រទេស ដើម្បី​រៀបចំ​ការ​ប្រឡង​នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៦​ខាងមុខនេះ។

កាលពី​ឆ្នាំមុន​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​រៀបចំ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២៤​ ខែសីហា ​ឆ្នាំ​២០១៥​នៅ​តាម​មណ្ឌល ប្រឡង​ចំនួន ១៥០​មណ្ឌល​ក្នុង​នោះ​ថ្នាក់ វិទ្យាសាស្ត្រ​មាន ១២៦​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ២៤​មណ្ឌល ត្រូវជា ៣៤២៧ បន្ទប់​ទូទាំង​ប្រទេស​។ នេះ​មានន័យថា​ទាំង​មណ្ឌល​និង​បន្ទប់​ប្រឡង​មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​។ ការ​កើនឡើង​ចំនួន​បន្ទប់​និង​មណ្ឌល​ប្រឡង​នេះ​ប្រហែលជា​ដោយសារតែ​ចំនួន​បេក្ខជន​ប្រឡង​មានការ​កើនឡើង​ដែរ​ប៉ុន្តែ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​មួយ​ថា​សំរាប់​ឆ្នាំនេះ​មាន​បេក្ខជន​ចូលរួម​ប្រឡង​បាន​ឌុប​ជាង​៨​ម៉ឺន​នាក់។

ចំណែក​ឆ្នាំមុន​មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ៨៤៩៣០ នាក់ ស្រី ៤០៩៧២​នាក់ ។ ប៉ុន្តែ​បេក្ខជន​ចូលរួម​ប្រឡង​បាក់​ឌុប​មានតែ​ចំនួន​៨៣៣២៥​នាក់​ក្នុង​នោះ​បេក្ខជន​ប្រឡង​ជាប់​មាន​ចំនួន​៤៦៥៦០​នាក់​ត្រូវជា​៥៥,៨៨​ភាគរយ​ក្នុង​នោះ​មាន​បេក្ខជន​ជាប់​និទ្ទេស​A​មាន​ចំនួន​១០៨​នាក់​និទ្ទេស​B​មាន​១០៨៥ និទ្ទេស​C៣២៩២ និទ្ទេស​D ៦០៩៣ និង​និទ្ទេស E៣៥៩៨២​។​កាលពី​ឆ្នាំ​២០១៤​ដែល​ជា​ឆ្នាំ​ធ្វើ​កំណែ​ទម្រង់​ការ​ប្រឡង​ជា​លើកដំបូង​នោះ​មាន​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​A​តែ​ចំនួន​១០​ប៉ុណ្ណោះ​។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា បាក់​ឌុប ឆ្នាំ​២០១៦​នេះ ក្រសួង​បាន​បង្ហាញ​ជំហរ​បន្ត​រឹត​បន្តឹង​ដូច​ឆ្នាំមុន​ដដែល ដោយ​ឈរ​លើ​គោលការណ៍ ៤​ចំណុច​។​គោលការណ៍ ៤​ចំណុច​ដែល​ក្រសួង​បន្ត​រក្សា​ដើម្បី​ពង្រឹង​វិស័យ​អប់រំ​នៅ​កម្ពុជា សម្រាប់​ការប្រឡង​សញ្ញាបត្រ​បាក់​ឌុប​គឺ​ការ​ប្រឡង​ត្រូវតែ​ឈរ​លើ​ការ​គោរព​ច្បាប់ តម្លាភាព យុត្តិធម៌ និង​សុចរិត​ភាព។

លោក ហង់ ជួន ណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រាប់​វិទ្យុ​បរទេសមួយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា ក្រសួង​នឹង​បន្ត​រឹតបន្តឹង​វិន័យ​ប្រឡង​ឲ្យ​ឲ្យ​ដូច​ការ​ប្រឡង​ក្នុង​ឆ្នាំ​២០១៥ ដែរ ដោយ​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ ដើម្បី​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ ព្រមទាំង​បើកឱកាស​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​ចូលរួម​សង្កេតការណ៍​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ដើម្បី​ឲ្យ​សិស្ស​បាន​ត្រៀមខ្លួន​ជាមុន ក្រសួង​បាន​បញ្ចូល​មេរៀន​សង្ខេប ទាំង​ទ្រឹស្ដី ទាំង​លំ​ហាត់ ក្នុង​គេហទំព័រ​របស់​ក្រសួង ដើម្បី​ឲ្យ​សិស្ស​សិក្សា​ស្វែងយល់​ដោយ​ខ្លួនឯង​។ លោក​បាន​ឲ្យ​ដឹង​ទៀតថា ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ក្រសួង​បាន​បញ្ជូន​គ្រូ​ទៅ​បង្រៀន​គួរ​បន្ថែម​ទៅលើ​មុខវិជ្ជា​គណិតវិទ្យា ជីវវិទ្យា គីមីវិទ្យា និង​រូបវិទ្យា ដល់​សិស្ស​ទាំង​នៅ​រាជធានី និង​តាម​បណ្ដា​ខេត្ត​។ លោក​បាន​អំពាវនាវ​ដល់​សិស្ស​ដែល​ត្រៀមប្រឡង​បាក់​ឌុប​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ព្រោះ​ក្រសួង​នឹង​ឲ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ចំពោះ​បេក្ខជន​ណា​ដែល​មិន​គោរព​ច្បាប់ និង​នីតិវិធី​ប្រឡង៕
ចំនួន​មណ្ឌល​និង​បន្ទប់​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ​ មានការ​កើន​ឡើង​ជាង​ឆ្នាំមុន​

​ ​