ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ចាប់ផ្តើម​​បារម្ភ​នឹង​ល្បែង​មីស៊ីល​​របស់​កូរ៉េខាងជើង​

នៅយប់ថ្ងៃអង្គារ ឈានចូលព្រឹកថ្ងៃពុធ២២មិថុនានេះ កូរ៉េខាងជើងបានបាញ់មីស៊ីល២ដើមបន្តបន្ទាប់គ្នា ហោះទៅធ្លាក់នៅសមុទ្រជប៉ុន។ មីស៊ីលទាំង២គ្រាប់ អាចជាមីស៊ីលអន្តរទ្វីបប្រភេទ Musudan ដែលអាចបាញ់ចូលទៅដល់ជប៉ុន កូរ៉េខាងត្បូង និងមូលដ្ឋានទ័ពអាមេរិកកោះ Guam នៅសមុទ្រប៉ាស៊ីហ្វិក។ ថ្ងៃពុធនេះ ក្រសួងការពារជាតិជប៉ុនបានសំដែងការព្រួយបារម្ភខ្ពស់ ដោយលើកឡើងថា ការគំរាមកំហែងរបស់កូរ៉េខាងជើងហាក់កាន់តែមានសភាពខ្លាំងក្លាជាងមុន។ ខាងកូរ៉េខាងត្បូងវិញ ប្រធានាធិបតី ប៉ាក់ គុនហេ បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ និងបានព្រមានថា ក្រុងព្យុងយ៉ាងអាចនឹងឯកា ដោយសារការផ្គើននេះ។ ក្រុងសេអ៊ូលគំរាមរកវិធីពង្រឹងទណ្ឌកម្មប្រឆាំងក្រុងព្យុងយ៉ាង អោយធ្ងន់ជាងមុន។

កូរ៉េខាងត្បូងនិងអាមេរិកមិនបានចាត់ទុកការបាញ់មីស៊ីលនេះ ថាជាជោគជ័យទេ។ មន្ទីរប៉ង់តាហ្កូនលើកឡើងថា មីស៊ីលនេះមិនបានគំរាមកំហែងសន្តិសុខអាមេរិកទេ។ ទាំងជប៉ុន ទាំងកូរ៉េខាងត្បូង ទាំងអាមេរិក បរិហារកូរ៉េខាងជើង ថាបំពានសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ អង្គការអូតង់វិញក៏បរិហារការផ្គើនរបស់ក្រុងព្យុងយ៉ាងដែរ។ ក្រសួងការបរទេសចិនចាត់ទុកថា ស្ថានការណ៍កំពុងស្មុគស្មាញ និងធ្ងន់ធ្ងរ។ ចិនស្នើអោយខាងភាគីពាក់ព័ន្ធគួរធ្វើយ៉ាងណា ចៀសវាងបន្ថែមភាពតានតឹង។
តាំងពីដើមឆ្នាំ២០១៦ ក្រុងព្យុងយ៉ាងបន្តផ្គើនសហគមន៍អន្តរជាតិ ដោយបានសាកល្បងនុយក្លេអ៊ែរជាលើកទី៤ និងបាញ់មីស៊ីលច្រើនដើម។ ទោះជាការបាញ់លើកនេះនៅតែបរាជ័យ ក៏ក្រុងព្យុងយ៉ាងបានធ្វើអោយជប៉ុនភ័យមិនតិចដែរ ប្រៀបនឹងភាគីអាមេរិករឺកូរ៉េខាងត្បូង ដែលនៅតែគិតថា កូរ៉េខាងជើងមិនអាចធ្វើអ្វីបាន។

បច្ចេកទេសបាញ់មីស៊ីលធ្វើអោយកូរ៉េខាងត្បូងនិងជប៉ុនភ្ញាក់ផ្អើល

លើកនេះ កូរ៉េខាងជើងបាញ់មីស៊ីលបានល្អជាងលើកមុនៗ ដោយសារគ្រាប់មីស៊ីលហោះបានចំងាយឆ្ងាយជាងលើកមុនៗ ហើយហោះទៅធ្លាក់នៅសមុទ្រជប៉ុន។ មីស៊ីល២ដើម ដែលប្រើថ្ងៃនេះ ជាប្រភេទមីស៊ីលអន្តរទ្វីប Musudan បាញ់បានរយៈចំងាយមធ្យម។

ជាទូទៅ គេអាចបាញ់គ្រាប់មូស៊ូដង់ រហូតចំងាយ៣០០០ គូឡូម៉ែត្រ ទៅដល់ទឹកដីជប៉ុន។ គ្រាប់មីស៊ីលប្រភេទនេះ មិនត្រឹមអាចបាញ់ដល់ជប៉ុនរឺកូរ៉េខាងត្បូងទេ ក៏អាចអាចបាញ់ដល់មូលដ្ឋានទ័ពអាមេរិក នៅកោះ Guamដែរ។

ក្រុងព្យុងយ៉ាងបានចាប់បាញ់គ្រាប់ទី១ នៅយប់ថ្ងៃអង្គារ ជិតចូលព្រឹកថ្ងៃពុធនេះ។ គ្រាប់ទី១ បាញ់បានចំងាយ១៥០គីឡូម៉ែត្រ នៅសមុទ្រជប៉ុន។ ២ម៉ោងក្រោយ ពោលគឺនៅព្រឹកថ្ងៃពុធនេះ ក្រុងព្យុងយ៉ាងបានបាញ់ថែមមួយគ្រាប់ទៀត។ ការបាញ់គ្រាប់ទី២នេះ ពិសេសត្រង់ថា គ្រាប់មីស៊ីលទី២នេះ ហោះបានចំងាយដល់ទៅ៤០០គីឡូម៉ែត្រ ហើយហោះខ្ពស់ឡើងទៅលើដល់ទៅកម្ពស់១០០០គីឡូម៉ែត្រ។

ជាការកត់សម្គាល់ ក្នុងការបាញ់គ្រាប់ទី២នេះ គឺគ្រាប់បានហោះឆ្ងាយ លើសពីចំងាយពាក់កណ្តាល គិតពីចំងាយរវាងកន្លែងបាញ់នៅឆ្នេរខាងកើតកូរ៉េខាងជើង និងឆ្នេរភាគខាងត្បូងកោះហុងស្ហ៊ូ Honshu របស់ជប៉ុន ។  ទាំងអ្នកជំនាញអាមេរិក ក៏ដូចជាក្រសួងការពារជាតិកូរ៉េខាងត្បូងសុទ្ធតែកត់សម្គាល់ថា ការបាញ់គ្រាប់ទី២របស់កូរ៉េខាងជើង ថ្ងៃពុធនេះ មានបច្ចេកទេសល្អជាងមុន។ ដូច្នេះ គេមិនគួរមើលងាយបច្ចេកទេសបាញ់មីស៊ីលរបស់ក្រុងព្យុងយ៉ាងទេ។

តាំងពីថ្ងៃចន្ទមក ទ័ពជប៉ុនបានត្រៀមខ្លួន ក្នុងស្ថានភាពអាសន្ន ដោយសារតែខ្លាចមីស៊ីលអន្តរទ្វីបនេះឯង។ ជប៉ុនរំពឹងទុកមុនរួចហើយថា រដ្ឋាភិបាលលោកគឹម ជុងអ៊ុន ច្បាស់ជាលេងល្បែងមីស៊ីលនេះជាថ្មីទៀត ក្នុងពេលខួបសង្គ្រាមកូរ៉េលើកទី៦៦ ថ្ងៃ២៥មិថុនានេះ។ នាយករដ្ឋមន្ត្រីជប៉ុនស្ហ៊ីនហ្សូ អាបេ បានប្រតិកម្មថា ការសាកល្បងបែបនេះមិនអាចអត់អោនអោយទេ។

បើទ័ពលោកគឹម ជុងអ៊ុន នៅតែបន្តបាញ់មីស៊ីល ក្នុងពេលខាងមុខទៀត បច្ចេកទេសបាញ់អាចនឹងកាន់តែប្រសើរ ហើយបើមីស៊ីលអាចធ្លាក់ចូលទឹកដីជប៉ុន នោះលោកគឹម ជុងអ៊ុននឹងទះដៃអបអរកងទ័ពខ្លួនជាមិនខាន។ យោងតាមអ្នកជំនាញ កូរ៉េខាងជើងអាចមានមីស៊ីលអន្តរទ្វីប Musudan នេះ ជាង៣០ដើម។

ទណ្ឌកម្មសហគមន៍អន្តរជាតិប្រឆាំងក្រុងព្យុងយ៉ាងគ្មានប្រសិទ្ធភាព

កាលពីខែមិនា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានពង្រឹងទណ្ឌកម្មលើក្រុងព្យុងយ៉ាង។ ចិនជាមិត្តជិតស្និទ្ធនឹងកូរ៉េខាងជើងក៏គាំទ្រការពង្រឹងទណ្ឌកម្មនេះដែរ។ ថ្មីៗនេះអាមេរិកទើបតែបានដាក់ទណ្ឌកម្មរឹតបន្តឹងដំណើរការ ស្ថាប័នហិរញ្ញវត្ថុកូរ៉េខាងជើងជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវឆ្លងកាត់ទឹកដីអាមេរិក។

ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិមានតែធ្វើអោយលោកគឹម ជុងអ៊ុន សើចចំអកអោយទៅវិញទេ។ លោកគឹម ជុងអ៊ុន ចំអកថា ការពង្រឹងទណ្ឌកម្មពីសំណាក់អង្គការសហប្រជាជាតិ ប្រឆាំងកូរ៉េខាងជើងកន្លងមក ក៏ដោយសារតែមានសម្ពាធពីអាមេរិកដែរ។ មេដឹកនាំកូរ៉េខាងជើង អាចចង់សំដៅន័យថា សហគមន៍អន្តរជាតិមិនអាចធ្វើអ្វីខ្លាំងក្លាប្រឆាំងកូរ៉េខាងជើងទេ ហើយបើអាចត្រឹមតែពង្រឹងទណ្ឌកម្ម ក៏ដោយសារតែមានការរុញគូទពីអាមេរិកដែរ។

សហគមន៍អន្តរជាតិប្រហែលពិបាករកទណ្ឌកម្មដែលមានប្រសិទ្ធភាពមែន ដោយសារតែមើលទៅ ខ្លាចគ្រាប់នុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោងតាមអាមេរិក កូរ៉េខាងជើងអាចមានគ្រាប់បែកនុយក្លេអ៊ែរ ២១គ្រាប់។ របបកុម្មុយនិស្តកូរ៉េខាងជើងឯកាដោយសារទណ្ឌកម្មអន្តរជាតិក៏ពិតមែន តែអាចរស់បានរហូតសព្វថ្ងៃ ក៏ដោយសារពឹងលើនយោបាយនុយក្លេអ៊ែរខ្លួនដែរ។ លោកគឺម ជុងអ៊ុន ដឹងថា កូរ៉េខាងជើងអាចប្រើរឿងនុយក្លេអ៊ែរនេះ ដើម្បីដាក់គំនាបអន្តរជាតិ។

សូម្បីចិនជាប្រទេសជិតដិតនឹងកូរ៉េខាងជើង ក៏មិនអាចហាមឃាត់ការផ្គើនរបស់កូរ៉េខាងជើងដែរ។ ទោះកូរ៉េខាងជើងពឹងសេដ្ឋកិច្ចចិនស្ទើរទាំងស្រុង ទោះកន្លងមក ចិនក៏ធ្លាប់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូរ៉េខាងជើងដោយប្រកាសឈប់ទិញរ៉ែ វត្ថុធាតុដើមមួយចំនួន ពីក្រុងព្យុងយ៉ាង តែនៅតែមិនអាចធ្វើអ្វីកូរ៉េខាងជើងបាន។ ក្រុងព្យុងយ៉ាងដឹងថា ក្រុងប៉េកាំងក៏ត្រូវការខ្លួន ដើម្បីបង្កើនឥទ្ធិពលនៅអាស៊ី ប្រឈមអាមេរិកដែរ៕

ប្រភពៈ RFI