រដ្ឋាភិបាល​បារាំង​ប្តូរចិត្ត​ ព្រមអោយ​ក្រុម​សហជីព​បានធ្វើ​បាតុកម្ម​វិញ​

ថ្ងៃពុធ២២មិថុនានេះ បន្ទាប់ពីបានហាមឃាត់ មិនអោយក្រុមសហជីពប្រឆាំងច្បាប់ការងារ ធ្វើបាតុកម្មនៅក្រុងប៉ារីសបានបន្តិចមក ក្នុងថ្ងៃពុធនេះដដែល អាជ្ញាធរបារាំងបានប្តូរចិត្តទៅវិញ ដោយប្រកាសអោយពួកគេអាចធ្វើបាតុកម្មបាន នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ក្បួនបាតុកម្មត្រូវដង្ហែតាមផ្លូវ និងទិសដៅដែលក្រសួងមហាផ្ទៃកំណត់អោយ។ អាជ្ញាធរបារាំងមិនចង់អោយមានក្បួនបាតុកម្មរញ៉េរញ៉ៃ ដោយសារតែបារាំងកំពុងរវល់ការពារសុវត្ថិភាពសន្តិសុខជាតិ ក្នុងពេលកំពុងរៀបចំការប្រកួតបាល់ទាត់អឺរ៉ូឆ្នាំ២០១៦។

នៅថ្ងៃព្រហស្បតិ៍២៣មិថុនានេះ ក្រុមសហជីពប្រឆាំងសេចក្តីព្រាងច្បាប់ការងារបារាំង នឹងដើរហែក្បួនបាតុកម្ម នៅទីក្រុងប៉ារីសតាមការគ្រោងទុក។ ក្បួនបាតុកម្មនឹងត្រូវដង្ហែ តាមទិសដៅដែលក្រសួងមហាផ្ទៃកំណត់អោយ គឺពីទីលានបាស្ទី ក្នុងសង្កាត់ទី១១ កាត់តាមកន្លែងមួយចំនួន រួចត្រលប់មកទីលាននេះវិញ។

ដំបូងឡើយ អាជ្ញាធរបារាំងចង់អោយក្រុមបាតុករនៅផ្តុំគ្នាតែមួយកន្លែងទេ ដើម្បីងាយស្រួលពង្រាយកម្លាំងការពារពួកគេ។ តែក្រុមសហជីពជំទាស់សំណើអាជ្ញាធរទើបបានជាអាជ្ញាធរហាមឃាត់បាតុកម្មតែម្តងទៅ។ បន្ទាប់ពីមានការជជែករវាងសហជីពនិងរដ្ឋមន្ត្រីមហាផ្ទៃបារាំងមក ទើបមានការផ្លាស់ប្តូរវិញ។ រដ្ឋបារាំងប្រហែលមិនចង់រងការរិះគន់ថា ហាមឃាត់បាតុកម្ម ប្រឆាំងលទ្ធិប្រជាធិបតេយ្យទេ។

សហជីពបារាំងបានចាត់ទុកការប្តូរចិត្តរបស់រដ្ឋាភិបាលថា ជាជោគជ័យសម្រាប់ក្រុមសហជីព និងសម្រាប់លទ្ធិប្រជាធិបតេយ្យ។ ក្រុមសហជីពក៏បានស្នើប្រធានាធិបតីបារាំង អោយជួបជាមួយពួកគេអោយបានឆាប់បំផុត ដើម្បីពិភាក្សាបញ្ហាទាក់ទងសេចក្តីព្រាងច្បាប់ការងារ។

ការដែលអាជ្ញាធរបារាំងមិនចង់ឃើញបាតុកម្មរញ៉េរញ៉ៃក្នុងក្រុងប៉ារីស ក៏ដោយសារតែក្នុងបាតុកម្មប្រឆាំងច្បាប់ការងារកន្លងមក មានក្រុមជ្រុលនិយមបង្កហិង្សាបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងទ្រព្យសម្បត្តិប្រជាជនក្នុងស្រុក។ ម្យ៉ាងពេលនេះ បារាំងកំពុងប្រយ័ត្នសន្តិសុខខ្ពស់ ខ្លាចមានភេរវកម្មណាមួយកើតឡើង ព្រោះបារាំងកំពុងរៀបចំការប្រកួតបាល់ទាត់អឺរ៉ូ២០១៦៕

ប្រភពៈ RFI