រដ្ឋាភិបាល​នឹង​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​បង់​ប្រាក់​បន្ថែម​៥០០​រៀល​សម្រាប់​ការ​ប្រើ​ថង់​ប្លាស្ទិក​ពី​លើ​តម្លៃ​ទំនិញ

មន្ត្រីក្រសួងបរិស្ថានបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា អន្តរក្រសួងនឹងសម្រេចយក៥០០រៀល បន្ថែមលើតម្លៃមុខទំនិញសម្រាប់ការប្រើថង់ប្លាស្ទិកមួយ បន្ទាប់ពីបញ្ចប់សិក្ខាសាលាពិគ្រោះយោបល់រួមគ្នារវាងអន្តរក្រសួងកាលពីថ្ងៃទី២២ មិថុនាម្សិលមិញមក។ ការសម្រេចយកតម្លៃ៥០០រៀលបន្ថែមនៅពេលខាងមុខនេះ គឺដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា ខណៈដែលការប្រើប្រាស់នៅពេលបច្ចុប្បន្នមានការកើនឡើងរហូតដល់ ១០លានថង់ ក្នុងមួយថ្ងៃ។

អន្តរក្រសួង ដែលមានក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានកំពុងធ្វើការរួមគ្នា ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកនៅកម្ពុជា។ អន្តរក្រសួងបានប្រកាសនៅក្នុងសេចក្តីព្រាងរបស់ខ្លួនថា នឹងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកឲ្យបាន៥០ភាគរយ នៅឆ្នាំ២០១៩ និង៧០ភាគរយនៅក្នុងឆ្នាំ២០២៥។

សេចក្តីថ្លែងការរួមរបស់សហភាពអឺរ៉ុប និងអង្គការដៃគូ ACRA Foundation បានឲ្យដឹងថាប្រជាជនកម្ពុជាម្នាក់ប្រើថង់ប្លាស្ទិកចំនួន ២ពាន់ថង់ក្នុងមួយឆ្នាំ។ ហើយចំនួននេះគឺច្រើនជាង ១០ដង ធៀបទៅនឹងបណ្តាប្រជាជននៅក្នុងតំបន់អឺរ៉ុបនិងប្រទេសចិន។

មន្ត្រីក្រសួងបរិស្ថានបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា អន្តរក្រសួងនឹងសម្រេចយកតម្លៃ៥០០រៀលបន្ថែមសម្រាប់ការប្រើថង់ប្លាស្ទិកមួយ ហើយប្រើប្រាស់កាន់តែច្រើនគឺតម្លៃបន្ថែមក៏កាន់តែច្រើនតាមហ្នឹងដែរ។

លោកស្រី Elodie Maria Sube អនុព័ន្ធប្រតិភូសហភាពអឺរ៉ុប បានលើកឡើងថា ការយកតម្លៃបន្ថែមសម្រាប់ថង់ប្លាស្ទិកមួយ ៥០០រៀលនេះ គឺសមស្របទៅនឹងបរិបទនៅកម្ពុជា ខណៈដែលបណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបយកតម្លៃជិត១ អឺរ៉ូ ឬមួយក៏ជាមួយដុល្លារឯណោះ។

លោកស្រីបានបន្តថា ការកាត់បន្ថយ បានចំពោះការប្រើប្រាស់ថង់ប្លាស្ទីកនេះពិតជាមានសារៈសំខាន់ណាស់ ខណៈដែលថង់ប្លាស្ទីកនេះ មានសារធាតុគីមីពុលប៉ះពាល់ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរហើយមានអាយុកាលវែង មិនងាយ រលាយរហូតដល់ជាង៥០០ឆ្នាំ ចំណែកលទ្ធភាពនៃការកែច្នៃឡើងវិញបានត្រឹមតែ៣ភាគរយប៉ុណ្ណោះ។

សូមជម្រាបជូនផងដែរថា នេះគឺជាវិធានការមួយថ្មីបន្ថែមទៀត បន្ទាប់ពីយុទ្ធនាការប្រើថង់កំណាត់ និងការវេចខ្ចប់ដោយប្រើប្រាស់ស្លឹកឈូក ដែលក្រសួងបរិស្ថានធ្លាប់បានធ្វើកន្លងមក។ ប៉ុន្តែយុទ្ធនេះការហាក់ដូចជាមិនទទួលបានការគាំទ្រ និងចូលរួមពីប្រជាពលរដ្ឋនោះទេ។ ដោយឡែកគោលការយកតម្លៃបន្ថែម៥០០ សម្រាប់ការប្រើប្រាស់ថង់ប្លាស្ទិកមួយនេះ អាចនឹងត្រូវចាប់ផ្តើមអនុវត្តនៅតាមផ្សារទំនើបធំៗ និងតូចៗ នានាជាមុនសិន៕

ប្រភពៈ RFI