សកម្មជន​នៅ​អាមេរិក​ស្នើ​ឱ្យ​លោក សម រង្ស៊ី​ហ៊ាន​ចូល​គុក

ក្នុងវេទិកាជួបជុំនៅទីក្រុងឡូវែល សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៩ ខែមិថុនា ប៉ុន្តែទើបផ្សព្វផ្សាយនៅថ្ងៃនេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ បានចោទជាសំណួរ និងស្នើឱ្យលោកសម រង្ស៊ី ដែលកំពុងនិរទេសខ្លួនកុំខ្លាចប្រព័ន្ធតុលាការកម្ពុជា ហើយហ៊ានប្រឈមមុខជាជាងរត់គេចខ្លួនដូចសព្វថ្ងៃ។ ជាការឆ្លើយតបលោក សម រង្ស៊ី ថាខ្លួនកំពុងតស៊ូពីក្រៅប្រទេស។

លោក សម រង្ស៊ី គួរហ៊ានជាប់ពន្ធនាគារ និងមិនត្រូវរត់ចោលស្រុក។ នេះគឺជាសំណួរ និងការស្នើរបស់សកម្មជនគណបក្សប្រឆាំង ដែលរស់នៅអាមេរិក។ នេះគឺជាលើកទី១ ហើយដែលសកម្មជនគណបក្សសង្គ្រោះជាតិបានដាក់សំណួរនេះទៅកាន់លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន បន្ទាប់ពីតុលាការកម្ពុជាសម្រេចអនុវត្តឡើងវិញនូវសាលក្រម ដែលជាបណ្តឹងបរិហាកេរ្តិ៍របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។ តាមរយៈវីដេអូខ្លីប ដែលបង្ហោះលើគេហទំព័រលោក សម រង្ស៊ី បានបកស្រាយថា លោកគឺកំពុងតែធ្វើចលនាពីខាងក្រៅប្រទេស ដែលយកគំរូតាមព្រះបរមកោដ្ឋ។ នៅក្នុងខ្លីបវីដេអូប្រមាណជាងបីនាទីលោក សម រង្ស៊ី ក៏បានវាយប្រហារ និងឌឺដងចំពោះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាដៃគូបដិបក្ខផងដែរ។

ស្ថានការណ៍នយោបាយចុងក្រោយនេះ គឺនៅតែតានតឹងរកផ្លូវបញ្ចប់គ្មាន បើទោះបីជាអន្តរជាតិស្នើឱ្យភាគីទាំងពីរជួបចរចាឡើងវិញក៏ដោយ។ គណបក្សសង្គ្រោះជាតិ ដែលអះអាងថា ជាអ្នករងគ្រោះនៅតែប្រមូលផ្តុំសកម្មជនរបស់ខ្លួននៅទីស្នាក់ការកណ្តាលគណបក្ស ដើម្បីរងចាំការចរចា។ នៅថ្ងៃទី២៣ ខែមិថុនានេះ គណបក្សសង្គ្រោះជាតិ បានហៅនយោបាយបច្ចុប្បន្នឈានដល់ការទាល់ច្រក និងកំពុងស្ថិតក្នុងវិបត្តិ។ ទោះបីជាយ៉ាងណាក៏ដោយ គណបក្សប្រឆាំងធំជាងគេនេះ នៅតែអំពាវនាវឱ្យគណបក្សប្រជាជនកម្ពុជាវិលចូលតុចរចា។

ក្រុមអ្នកវិភាគនៅកម្ពុជា បានមើលឃើញថាស្ថានការណ៍នេះនៅតែបន្ត ព្រោះតែគណបក្សដែលកំពុងមានជម្លោះនឹងគ្នា នៅតែប្រកាន់គោលជំហរ និងរបៀបវារៈពីរផ្សេងគ្នា។ ហើយក្រុមអ្នកវិភាគ បានអះអាងថា សំណើសុំឱ្យប្រធានគណបក្សប្រឆាំងប្រឈមនឹងប្រព័ន្ធតុលាការនោះគឺមិនអាចទៅរួចទេ៕

ប្រភពៈ RFI