ក្រសួង​អប់រំ​បង់​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​បទ​ល្មើស​បៀត​បៀន​ផ្លូវ​ភេទ​មួយ នៅ​កូរ៉េ​ខាង​ត្បូង

ក្រសួងអប់រំកម្ពុជា បានយល់ព្រមបង់ប្រាក់ពិន័យ ចំនួន១៤,១លានវ៉ុន ឬប្រហែល១២.៣០០ដុល្លារ ដើម្បី​អាច​ឲ្យ​ការិយាល័យ​រដ្ឋអាជ្ញា នៃសង្កាត់មួយក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខងត្បូង ធ្វើការដោះលែង មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​ម្នាក់ ដែលត្រូវបាន​នគរបាល​របស់​ប្រទេស​នេះ ចាប់ឃាត់ខ្លួន ពីបទប៉ុនប៉ងបៀតបៀន​ផ្លូវ​ភេទ ទៅលើស្ត្រីអ្នក​បក​ប្រែ​ភាសា​របស់ខ្លួន នៅអំឡុងពេល​ដំណើរទស្សនកិច្ច របស់មន្ត្រីនោះ​កាលពីចុងខែ​ឧសភា​កន្លងមក។ នេះបើ​គេ​យោង​តាម​លិខិត​មួយ របស់​លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។
ក្រសួង​អប់រំ​បង់​ប្រាក់​ជាង​១ម៉ឺន​ដុល្លារ ក្នុង​បទ​ល្មើស​បៀត​បៀន​ផ្លូវ​ភេទ​មួយ នៅ​កូរ៉េ​ខាង​ត្បូង

លោក គ្រី ស៊ាងឡុង មន្ត្រីជាន់ខ្ពស់មួយរូប ថានៈ ស្មើនឹងប្រធាននាយកដ្ឋាន របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។ (រូបថតហ្វេសប៊ុក)

ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា មានកញ្ចប់ប្រាក់ យ៉ាងហោចជាងមួយម៉ឺន ពីរពាន់ដុល្លារ ដើម្បីបង់រំលោះ ឬបង់ពិន័យឲ្យមន្ត្រីរបស់ខ្លួន ដែលជាប់ចោទ ពីការប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ នៅឯបរទេស។ នេះបើតាម​ការ​អះអាង របស់លិខិតមួយ ចុះថ្ងៃទី៩ ខែមិថុនា របស់លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតថ្មីរបស់កម្ពុជា ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ផ្ញើរទៅកាន់ក្រសួងការបរទេសកម្ពុជា។

លិខិតរបស់ឯកអគ្គរាជទូតកម្ពុជា បានសរសេរថា៖ «ខ្ញុំបាទសូមអនុញ្ញាតគោរពជម្រាប ជូនឯកឧត្ដម (រដ្ឋមន្ត្រី​ក្រសួងការបរទេស លោក ប្រាក់ សុខុន) មេត្តាជ្រាបថា នៅល្ងាចថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង ១៧:៥០ (ម៉ោងកូរ៉េ) ការិយាល័យរដ្ឋអាជ្ញាសង្កាត់ "Seoul Southern" បានសម្រេចលើកលែងការចោទប្រកាន់ និង​ដោះ​លែង​លោក គ្រី ស៊ាងឡុង ទាំងស្រុងពីមណ្ឌលឃុំឃាំង "Nambu Detention Center" ក្នុងទីក្រុង​សេអ៊ូល។  ប៉ុន្តែរដ្ឋអាជ្ញាបានសម្រេច ផាកពិន័យជាប្រាក់ចំនួន ៣.៦០០.០០០វ៉ុន និងសងជំងឺចិត្ត​ដល់​ជន​រង​គ្រោះ​ចំនួន៥.០០០.០០០វ៉ុន និងថ្លៃមេធាវីចំនួន ៥.៥០០.០០០វ៉ុន។ ចំពោះថវិកាទាំងអស់នេះ គឺបានពីការផ្ដល់​ពី​ក្រសួង​អប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយសំណង។»

បើនិយាយមកដល់​មុនថ្ងៃទី២៣ ខែមិថុនានេះ ករណីលោក គ្រី ស៊ាងឡុង ខាងលើ ហាក់ដូចជាស្ងៀមស្ងាត់ មិនត្រូវបាននរណាម្នាក់ ទម្លាយចេញមកឲ្យដឹង ជាសាធារណៈនោះទេ ដែលផ្ទុយពីការផ្សាយ របស់​សារព័ត៌មាន​កូរ៉េខាងត្បូង​យ៉ាង​ហោច​ចំនួនពីរ ដែលបានឲ្យដឹង តាំងពីដើមខែមិថុនាកន្លងមក។ សេចក្ដី​រាយ​ការណ៍ របស់​សារព័ត៌មាន​ទាំងនោះ បានឲ្យដឹងថា លោក គ្រី ស៊ាងឡុង​ ត្រូវបានអាជ្ញាធរ​ប្រទេស​កូរ៉េ​ខាង​ត្បូង ធ្វើការ​ឃាត់ខ្លួន កាលពីយប់ម៉ោង១០ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ ក្នុងសង្កាត់មួយ នៃរដ្ឋធានី​សេអ៊ូល ក្នុង​អំឡុង​ពេល​នៃ​ដំណើរទស្សនកិច្ចរបស់លោក ដើម្បីចូលរួមវេទិកា ស្ដីពីការអភិវឌ្ឍន៍ធនធាន​មនុស្ស អាស៊ាន​បូក​៣ ឆ្នាំ២០១៦ ហៅជាភាសាអង់គ្លេសថា «2016 ASEAN+3 HRD Forum»។

សារព័ត៌មានកូរ៉េ «News1 Korea» បានសរសេរថា លោក គ្រី ស៊ាងឡុង មន្ត្រី​ជាន់​ខ្ពស់​ ថានៈ​ស្មើនឹងប្រធាន​នាយកដ្ឋាន របស់ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានរងការចោទ ថាបានលូកដៃ ទៅចាប់ចង្កេះ​ស្ត្រីអ្នក​បក​ប្រែភាសា និងព្យាយាមថើបនាង។ ស្ត្រីរូបនោះ បានប្ដឹង​នគរបាល​ភ្លាមៗ បន្ទាប់​ពី​សកម្មភាពមិនប្រក្រតី របស់​មន្ត្រី​កម្ពុជា។ សារព័ត៌មានបានស្រង់ការទាមទារ របស់រដ្ឋអាជ្ញា​ប្រចាំ​តំបន់ មក​បញ្ជាក់​ថា ប្រទេស​កូរ៉េ​ខាង​ត្បូង គួរ​ហាម​មិន​​ឲ្យ​​មន្ត្រី​កម្ពុជា​រូប​នេះ ធ្វើដំណើរចូល​ទៅកាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​លើក​ក្រោយៗ​ទៀត។

ក្នុងលិខិតរបស់លោក ឌីម៉ង់ បានឲ្យដឹងទៀតថា ស្ថានទូតបានចេញកំណត់ទូត ដាច់ដោយឡែកចំនួនបី ដើម្បី​ស្នើសុំឲ្យអន្តរាគមន៍ដោះលែង លោក គ្រី ស៊ាងឡុង គឺមួយច្បាប់ ផ្ញើទៅការិយាល័យចៅក្រម នៅថ្ងៃទី២៧ ខែ​ឧសភា មួយច្បាប់ ផ្ញើទៅការិយាល័យរដ្ឋអាជ្ញា នៅថ្ងៃទី៣ ខែមិថុនា និងមួយច្បាប់ទៀតផ្ញើរ ទៅក្រសួង​ការ​បរទេស​​កូរ៉េខា​ងត្បូង នៅថ្ងៃទី៥ ខែមិថុនា។ លិខិតបានបញ្ជាក់ទៀតថា៖ «ខ្ញុំបាទនិងមន្ត្រីស្ថានទូត បាន​ទៅ​ជួប​រដ្ឋ​អាជ្ញា​​ចំនួន​ពីរលើក  និងជួបផ្ទាល់ជាមួយលោក គ្រី ស៊ាងឡុង ចំនួនបួនលើក។ បច្ចុប្បន្ននេះលោក គ្រី ស៊ាងឡុង កំពុង​ស្នាក់​នៅ​ស្ថានទូត ហើយនឹងត្រូវត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី១០ ខែមិថុនា។»។

ទំនងជាមិនចង់ ឲ្យករណីនេះលេចឮសុះសាយខ្លាំង លោក គ្រី ស៊ាងឡុង អាយុ៤៤ឆ្នាំ បានសរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់លោក កាលពីថ្ងៃម្សិលម៉ិញថា លោកមិនបានបៀតបៀនផ្លូវភេទ ទៅលើអ្នកបកប្រែ​របស់​​លោក​ឡើយ និងបានអះអាងថា «បញ្ហាដោះស្រាយរួចហើយ»។

នៅក្នុងប្រតិកម្មភ្លាមៗ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វីទាំងអស់។ តែលោក បានថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុកមួយថា នៅវេលាម៉ោង ៣រសៀល​ថ្ងៃទី២៣ ខែ​មិថុនា​នេះ ក្រសួងនឹងចេញសេចក្តីថ្លែងការណ៍មួយ ឆ្លើយតបចំពោះករណីខាងលើ៕