ពលរដ្ឋ​ខេត្ត​កំពង់ធំ​តវ៉ា​មិន​ឲ្យ​កម្មករ​ក្រុមហ៊ុន CRCK ដាំ​កូន​កៅស៊ូ​លើ​ដី​ទំនាស់

ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ប្រមាណ ២០​នាក់ លើក​គ្នា​ទៅ​ឃាត់​ក្រុម​កម្មករ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ស៊ី..ស៊ី.ខេ (CRCK) ដែល​បម្រុង​នឹង​ដាំ​កៅស៊ូ​នៅ​លើ​ដី​មាន​ទំនាស់។ ពលរដ្ឋ​យល់​ថា​ជា​សកម្មភាព​រំលោភ​បំពាន​លើ​ពួក​គាត់​ជា​ម្ចាស់​ស្រុក ស្រប​ពេល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ឡើយ។ ចំណែក​អាជ្ញាធរ​បញ្ជាក់​ថា ពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ​ដែល​បាន​រំលោភ​លើ​ដី​របស់​ក្រុមហ៊ុន ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​ដោយ​ស្រប​ច្បាប់។

ក្រុម​កម្មករ​របស់​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ស៊ី..ស៊ី.ខេ សម្រេច​បញ្ឈប់​សកម្មភាព​ដាំ​ដុះ​កូន​កៅស៊ូ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ហើយ​ត្រឡប់​ទៅ​ក្រុមហ៊ុន​វិញ។ ការ​សម្រេច​នេះ ក្រោយ​ពេល​មាន​អ្នក​ភូមិ​ប្រមាណ ២០​នាក់ នាំ​គ្នា​ទៅ​ហាមឃាត់​មិន​ឲ្យ​កម្មករ​ក្រុមហ៊ុន​ដាំ​កៅស៊ូ​ឡើយ ដរាប​ណា​ដី​តំបន់​នោះ​មិន​ទាន់​ដោះស្រាយ​ជា​មុន។ លើស​ពី​នេះ អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​មាន​ចំនួន ១៥​គ្រួសារ សម្រេច​ធ្វើ​រោង​ស្នាក់នៅ​កន្លែង​ដី​មាន​ទំនាស់​តែ​ម្តង ដោយ​ខ្លាច​ខាង​ក្រុមហ៊ុន​ចូល​ទៅ​ដាំ​ដំណាំ​បន្ត​ទៀត។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ឈូក ឃុំ​សណ្ដាន់ មាន​វ័យ​ជាង ៥០​ឆ្នាំ លោក សិត សេង មាន​ប្រសាសន៍​ថា អ្នក​ភូមិ​នឹង​មិន​ចាក​ចេញ​ពី​ដី​ចម្ការ​របស់​ខ្លួន​ឡើយ ពីព្រោះ​ពួក​គាត់​បាន​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ក្រោយ​មក ក្រុមហ៊ុន​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​របស់​ពួក​គាត់៖ «ប៉ុន្តែ​វា​នៅ​ឈើ​សល់​បន្តិចបន្តួច ប្រជាជន​រាន​បន្ថែម។ នៅ​ឆ្នាំ​២០១៦ នេះ ក៏​គេ​មក​ឈូស​ឆាយ​យក​អស់»

ប្រភព​ដដែល​អះអាង​ថា វិវាទ​ដីធ្លី​នេះ​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៣ លើ​ទំហំ​ដី​ជិត ៣០​ហិកតារ ហើយ​ពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ជា​ហូរហែ ប៉ុន្តែ​មិន​មាន​ការ​ដោះស្រាយ។

ពលរដ្ឋ​មួយ​រូប​ទៀត លោក សូ វីន បញ្ជាក់​ជំហរ​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ដាំ​ដំណាំ​លើ​ដី​របស់​ពួក​គាត់​ឡើយ ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​ជូន​ពលរដ្ឋ​ជា​មុន​នោះ៖ «សុំ​ស្នើ​ទៅ​អភិបាល​ខេត្ត និង​សម្ដេច ហ៊ុន សែន ឲ្យ​ជួយ​ដល់​ខាង​ខ្ញុំ»

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​២១ មិថុនា នាយក​ក្រុមហ៊ុន ស៊ី..ស៊ី.ខេ បាន​ដាក់​លិខិត​សុំ​កិច្ច​អន្តរាគមន៍​ទៅ​អភិបាល​ស្រុក​សណ្ដាន់ ឲ្យ​ជួយ​ដោះស្រាយ​ករណី​ប្រជាពលរដ្ឋ​រំលោភ​យក​ដី និង​រារាំង​ការ​ដាំ​ដុះ​កូន​កៅស៊ូ​លើ​ដី​របស់​ពួក​គេ។ ក្នុង​លិខិត​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​ដាំ​កៅស៊ូ​តាម​ផែនការ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដោយ​ប៉ះពាល់​ប្រជាជន ១​គ្រួសារ ហើយ​ខាង​ក្រុមហ៊ុន​បាន​ដោះ​ដូរ​ជូន​ពលរដ្ឋ​មួយ​គ្រួសារ​នោះ​រួច​រាល់​ហើយ។ ប៉ុន្តែ​ក្រោយ​មក ស្រាប់​តែ​មាន​ពលរដ្ឋ​ប្រមាណ ១០​នាក់ ចេញ​មក​អះអាង​ថា ការ​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ពួក​គាត់ ហើយ​ចេះ​តែ​រារាំង​មិន​ឲ្យ​ក្រុមហ៊ុន​ដាំ​កូន​កៅស៊ូ​បាន។ ជាមួយ​គ្នា​នេះ ខាង​ក្រុមហ៊ុន​បាន​ជួប​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ទាំង​នោះ​ចំនួន​បី​លើក ហើយ​ពួក​គាត់​បាន​ទទួល​ស្គាល់​ថា ដី​ទាំង​នោះ​អ្នក​ភូមិ​ទើប​ចូល​ទៅ​កាន់​កាប់​នៅ​ដើម​ឆ្នាំ​២០១៦។

ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​សណ្ដាន់ លោក ឡង គីសឺង បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​ទៅ​វិញ​ទេ​ដែល​ជា​អ្នក​រំលោភ​ដី​ក្រុមហ៊ុន ពីព្រោះ​អ្នក​ភូមិ​ដែល​មាន​ដី​ប៉ះពាល់​ពិត​ប្រាកដ គឺ​ក្រុមហ៊ុន​មាន​គោលការណ៍​ដោះ​ដូរ​រួច​ទៅ​ហើយ។ លោក​បន្ថែម​ទៀត​ថា ចំពោះ​ពលរដ្ឋ​ដែល​ទើប​ចូល​ទៅ​កាន់​កាប់​ថ្មី គឺ​ក្រុមហ៊ុន និង​អាជ្ញាធរ​មិន​មាន​គោលការណ៍​ដោះស្រាយ​ជូន​ឡើយ គឺ​មាន​តែ​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់ ប្រសិន​អ្នក​ភូមិ​នៅ​តែ​រារាំង​ការ​ដាំ​ដុះ​កូន​កៅស៊ូ​របស់​ក្រុមហ៊ុន​បន្ត​ទៀត​នោះ៖ «តែ​បើ​ពួក​គាត់​នៅ​តែ​បំពាន​ចូល​ទៅ​ទាមទារ​ដី​ដែល​គាត់​ចង់​បាន​ដោយ​ខុស​ច្បាប់​បែប​នេះ ប្រហែល​ជា​ខាង​អាជ្ញាធរ និង​មន្ត្រី​ជំនាញ នឹង​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់»

ក្រុមហ៊ុន ស៊ី..ស៊ី.ខេ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋ​កាល​ពី​ឆ្នាំ​២០១០ លើ​ទំហំ​ដី​ជាង ៦០០​ពាន់​ហិកតារ ដែល​ជា​តំបន់​ព្រៃ​ស្រោង ក្នុង​ចំណុច​ភូមិសាស្ត្រ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ។

មន្ត្រី​អង្កេត​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​អង្កេត​លើ​បញ្ហា​នេះ ឲ្យ​ដឹង​ថា មាន​ភស្តុតាង​ដំណាំ​របស់​អ្នក​ភូមិ​ខ្លះ ដូចជា​ស្វាយចន្ទី បាន​ទទួល​ផល​រួច​ទៅ​ហើយ ដែល​អាច​បញ្ជាក់​ថា ពួក​គាត់​ចូល​កាន់​កាប់​មុន​បទបញ្ជា​០១ ទៅ​ទៀត ប៉ុន្តែ​ក្រោយ​មក ខាង​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​អស់។ លោក​បន្ត​ថា អាជ្ញាធរ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​នរណា​ដែល​មិន​មាន​ដី​ពិត​ប្រាកដ? ហើយ​ត្រូវ​មាន​គោលការណ៍​ដោះស្រាយ​ជូន​ពលរដ្ឋ​ទាំង​នោះ ពីព្រោះ​ពួក​គាត់​រស់នៅ​បាន គឺ​អាស្រ័យ​លើ​ដី​ធ្លី​ប៉ុណ្ណោះ។ លោក​បារម្ភ​ថា ផល​ប៉ះពាល់​នឹង​មាន​ច្រើន​ចំពោះ​អ្នក​ភូមិ ដូចជា​ចំណាក​ស្រុក ប្រកប​មុខ​របរ​ខុស​ច្បាប់ រួម​មាន​ចូល​កាប់​ឈើ​ក្នុង​ព្រៃ និង​អាច​ឈាន​ជា​អំពើ​ហិង្សា​ជាមួយ​ភាគី​ក្រុមហ៊ុន​ទៀត​ផង ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ជូន​ពួក​គាត់​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។