ទម្លាប់​ប្រើ​ថង់​ប្លាស្ទីក​ពិបាក​លុប​បំបាត់​ចោល​ណាស់

អ្នកស្រី កុក អេង បានដើរកាត់ផ្សារលក់សាច់និងបន្លែស្រស់នៅអូរឫស្សីក្នុងក្រុងភ្នំពេញកាលពីរសៀលថ្ងៃពុធ ដោយមានយួរថង់ប្លាស្ទីកបីនៅនឹងម្រាមដៃផង។ ក្នុងថង់នីមួយៗ មានថង់ច្រើនទៀតដែលដាក់មុខទំនិញខ្ចប់ដោយឡែកពីគ្នា មានដូចជាអាវ បន្លែ និងផ្លែត្របែកជាដើម។ អ្នកស្រីវ័យ៥០ឆ្នាំរូបនេះបានមានប្រសាសន៍ថា “នៅពេលអ្នកទៅផ្សារទិញអីវ៉ាន់ អ្នកមិនបាច់យកថង់ទៅជាមួយទេ ពីព្រោះអ្នកទទួលបានថង់តូចៗច្រើន។ យើងទិញរបស់មួយ យើងបានថង់មួយ។ យើងទិញមួយទៀត បានមួយទៀត”។ អ្នកស្រី អេង បានមានប្រសាសន៍ថា គ្មានប្រយោជន៍ដែលត្រូវយកថង់ផ្ទាល់ខ្លួនទៅផ្សារនោះ ព្រោះអ្នកលក់សប្បាយនឹងឲ្យថង់តែរហូត។ យោងតាមការស្ទង់មតិនៅទូទាំងប្រទេសដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុប និងធ្វើដោយអង្គការអាក្រា (ACRA) ជាអង្គការប្រឆាំងភាពក្រីក្រកាលពីឆ្នាំមុនឲ្យដឹងថា ប្រជាជនកម្ពុជាម្នាក់រស់នៅក្នុងក្រុងជាមធ្យមប្រើប្រាស់ថង់ប្លាស្ទីកច្រើនជាង២.០០០ថង់ក្នុងមួយឆ្នាំ គឺ១០ដងច្រើនជាងនៅសហភាពអឺរ៉ុបនិងប្រទេសចិន នៅពេលដែលថង់ប្លាស្ទីកជាមធ្យម១០លានថង់ត្រូវគេប្រើប្រាស់រាល់ថ្ងៃតែនៅក្នុងក្រុងភ្នំពេញ។ លោក ម៉ក់ ប៊ុនធឿន មន្ត្រីគម្រោងនៃអង្គការអាក្រា បាននិយាយថា ការខូចខាតដែលកើតឡើងដោយសារតែថង់ប្លាស្ទីកគឺធំធេងណាស់និងជាការខាតបង់យ៉ាងច្រើន។ លោកបាននិយាយថា “រដ្ឋាភិបាលចំណាយប្រាក់រាប់លានដុល្លារក្នុងមួយឆ្នាំៗដើម្បីដោះស្រាយបញ្ហាទាក់ទិននឹងថង់ប្លាស្ទីកនេះ ដោយសារប្រព័ន្ធបង្ហូរទឹកស្ទះ បញ្ហាសុខភាព និងខាតបង់ខាងទេសចរណ៍ដោយសារតែការប្រើប្រាស់ថង់ប្លាស្ទីកវេចខ្ចប់ច្រើនលើសលុប។ លោក ប៊ុនធឿន បាននិយាយថា ជាឧទាហរណ៍ អាជីវករលក់ដូរតាមផ្លូវជារឿយៗខាតបង់ប្រាក់ចំណូលនៅរដូវភ្លៀង នៅពេលដែលលូបង្ហូរទឹកស្ទះបង្កឲ្យមានការជន់លិចនិងធ្វើឲ្យខកខានដល់ការរកស៊ី។ លោកបាននិយាយថា “វាក៏មានផលប៉ះពាល់ដល់សុខភាពរបស់ប្រជាជនដែរ ពីព្រោះពួកគាត់ប្រើថង់ប្លាស្ទីកដោយខុសរបៀប។ […]

The post ទម្លាប់​ប្រើ​ថង់​ប្លាស្ទីក​ពិបាក​លុប​បំបាត់​ចោល​ណាស់ appeared first on The Cambodia Daily.