រដ្ឋាភិបាល​ដក​តួនាទី​ប្រធាន​នាយកដ្ឋាន​ម្នាក់​ក្រោយ​លេច​ព័ត៌មាន​បៀតបៀន​រាងកាយ​នារី​កូរ៉េ

ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ដក​តួនាទី​​ប្រធាន​នាយកដ្ឋាន​មួយ​រូប គឺ​លោក គ្រី ស៊ាងឡុង នៅ​ថ្ងៃ​ទី​២៣ មិថុនា ក្រោយ​ពី​មាន​ព័ត៌មាន​​ចុះ​ផ្សាយ​ថា មន្ត្រី​រូប​នេះ​បាន​បៀតបៀន​រាងកាយ នារី​អ្នក​បកប្រែ​ជនជាតិ​កូរ៉េ​ម្នាក់​កាលពី​ខែ​មុន។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ ជា​ការ​ឆ្លើយ​តប​នឹង​ការ​ចុះ​ផ្សាយ​របស់​ព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី (The Cambodia Daily) ហើយ​ក្រសួង​ក៏​ទទួល​ស្គាល់​នូវ​ទង្វើ​របស់​មន្ត្រី​រូប​នោះ ថា ពិត​ជា​បាន​ប្រព្រឹត្តិ​មែន រហូត​ដល់​សមត្ថកិច្ច​នៃ​សាធារណរដ្ឋ​កូរ៉េ (កូរ៉េ​ខាង​ត្បូង) ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

យោង​តាម​ព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី លោក គ្រី ស៊ាងឡុង ត្រូវ​បាន​សមត្ថកិច្ច​​កូរ៉េ​ឃាត់​ខ្លួន កាល​ពី​ថ្ងៃទី២៦ ឧសភា ក្រោយ​ពី​ទទួល​បណ្ដឹង​​របស់​នារី​អ្នក​បកប្រែ​ជនជាតិ​កូរ៉េ។​ ខណៈនោះ​លោក គ្រី ស៊ាងឡុង បាន​ចូលរួម​វេទិកា​ស្ដីពី​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​អាស៊ាន​នបូក៣ ឆ្នាំ២០១៦ នា​ទីក្រុង​សេអ៊ូល (Seoul) ប្រទេស​កូរ៉េ​ខាងត្បូង (South Korea)។ ប៉ុន្តែ​រដ្ឋអាជ្ញា​របស់​កូរ៉េ បាន​ព្រម​ដោះលែង​លោក គ្រី ស៊ាងឡុង វិញ បន្ទាប់​ពី​ក្រសួង​អប់រំ​យល់​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​១៤,១លានវ៉ុន ឬ​ប្រហែល​១២.៣០០ដុល្លារ​អាមេរិក។

ចំពោះ​ការ​បង់​ប្រាក់​វិន័យ​ជួស​មន្ត្រី​រូប​នេះ​ដែរ ក្រសួង​អប់រំ ពន្យល់​ថា ពេល​ដោះស្រាយ​រឿង​នោះ គឺ​លោក គ្រី ស៊ាងឡុង បាន​ខ្ចី​ប្រាក់​មួយ​ចំនួន​ពី​សហការី និង​អង្គភាព​នៃ​នាយកដ្ឋាន​តម្រង់​ទិស​វិជ្ជាជីវៈ ដើម្បី​បង់​ជំនួស។ ដោយ​ឡែក​ប្រាក់​នោះ សាមីជន​បាន​សង​ទៅអង្គភាព​វិញ​ហើយ។

លោក គ្រី ស៊ាងឡុង ត្រូវ​បាន​រដ្ឋអាជ្ញា​របស់​កូរ៉េ ដោះលែង​កាល​ពី​ថ្ងៃ​ទី៨ មិថុនា និង​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ប៉ុន្តែ​លោក​មិន​ត្រូវ​បាន​ក្រសួង​ដក​តួនាទី​ឡើយ រហូត​ដល់​មាន​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិប័ត្រ ឌឹ ខេមបូឌ៊ា ដេលី នៅ​ថ្ងៃ​ទី​២៣ មិថុនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។