កម្មករ​រោងចក្រ​អ៊ឹម​វ៉េ​ខេត្ត​កំពង់ឆ្នាំង​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​និង​ប្រាក់​អត្ថប្រយោជន៍

កម្មករ​កម្មការិនី​រោងចក្រ អ៊ឹម វ៉េ កាត់​ដេរ​អន្តរជាតិ (M & V) នៅ​ខេត្ត​កំពង់ឆ្នាំង ប្រមាណ ៥០០​នាក់ សម្រេច​ចូល​ធ្វើ​ការ​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។ ការ​សម្រេច​វិល​ចូល​ធ្វើ​ការ​វិញ​នេះ គឺ​បន្ទាប់​ពី​ពួក​គេ​នាំ​គ្នា​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ចំនួន ១៥​ចំណុច​អស់​រយៈពេល ១​ថ្ងៃ​កន្លះ។

បើ​ទោះ​បី​ជា​ក្រុម​អ្នក​តវ៉ា​មិន​សូវ​ពេញ​ចិត្ត​លើ​ចំណុច​ខ្លះ នៃ​កិច្ច​ព្រមព្រៀង​គ្នា​រវាង​ភាគី​ក្រុមហ៊ុន និង​តំណាង​កម្មករ​ដែល​មាន​សម្ព័ន្ធ​សហជីព​ចំនួន​បី បាន​ចូលរួម​ពិភាក្សា​ដោះស្រាយ​បញ្ហា​នោះ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​នៅ​ម៉ោង​ប្រមាណ ១១​កន្លះ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិថុនា។

អនុប្រធាន​សហជីព​និយោជិត​កម្មករ​កម្ពុជា (CLUF) អ្នកស្រី សឿង វណ្ណា ថ្លែង​ថា នៅ​ក្នុង​កិច្ច​ចរចា​រក​ដំណោះស្រាយ​មាន​ភាព​តានតឹង​ខ្លាំង​តាំង​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា បន្ទាប់​ពី​កម្មករ​ផ្ទុះ​ការ​តវ៉ា​ភ្លាមៗ។

ប៉ុន្តែ​ការ​ទាមទារ​ទាំង ១៥​ចំណុច​នៅ​តែ​សម្រេច​បាន​ជោគជ័យ បើ​ទោះ​បី​ជា​ចំណុច​កម្មករ​ស្នើសុំ​លុយ ១​ដុល្លារ​បន្ថែម​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បើក​មួយ​សប្ដាហ៍​ម្ដង ដែល​ជា​ចំណុច​តឹងរ៉ឹង​ជាង​គេ​នោះ ក៏​ត្រូវរ៉ូវ​គ្នា​ដែរ ដោយ​កម្មករ​សុខ​ចិត្ត​ទទួល​យក​ត្រឹម ១​ពាន់​រៀល​តាម​លទ្ធភាព​ផ្ដល់​ជូន​ពី​ភាគី​ក្រុមហ៊ុន។ ចំណែក​ចំណុច​ទាមទារ​ក្រៅ​ពី​នេះ លែង​មាន​បញ្ហា​ទៀត​ហើយ៖ «កម្មករ​ចង់​ចូល​ធ្វើ​ការងារ​វិញ​ក៏​បាន​ដែរ នរណា​ចូល​ធ្វើ​បាន​ឥឡូវ តែ​បើ​អត់​ចង់​ចូល​ទេ ចាំ​ស្អែក​បាន​ចូល។ ស្អែក​ហ្នឹង​ចូល​ធ្វើ​ការ​ទាំងអស់​គ្នា​ពេល​ព្រឹក។ ពេល​ដែល​ខ្ញុំ​ចូល​ដោះស្រាយ​មាន​ភាព​តានតឹង តែ​ដល់​ពេល​ដោះស្រាយ​ហើយ ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ត ព្រោះ​អី​ខ្ញុំ​បាន​តស៊ូ និង​សម្រេច​គោលដៅ​ឲ្យ​កម្មករ ហើយ​ខ្ញុំ​មិន​ធ្វើ​ឲ្យ​មាន​អំពើ​បាតុកម្ម​ប្រើ​អំពើ​ហិង្សា​ឡើយ»

នៅ​ក្នុង​លិខិត​ជូន​ដំណឹង​ធ្វើ​កូដកម្ម​របស់​សហជីព​និយោជិត​កម្មករ​កម្ពុជា សហជីព​ឥទ្ធិពល​កម្មករ​កម្ពុជា និង​សហជីព​កម្មករ​កម្ពុជា-អាស៊ាន បាន​ដាក់​ការ​ទាមទារ​ចំនួន ១៥​ចំណុច ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន​ត្រូវ​យក​កម្មករ​ដែល​រំសាយ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ឆ្នាំ​២០១៥ មក​ធ្វើ​ការ​វិញ​ជា​កម្មករ​ពេញ​សិទ្ធិ សុំ​លុយ​បាយ​ថែម​ម៉ោង ២​ម៉ោង​មួយ​ដុល្លារ និង​សុំ​លុយ​មួយ​ដុល្លារ​សម្រាប់​អាហារ​ថ្ងៃ​ត្រង់ ជាដើម។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ជួប​សម្ភាស​តំណាង​ក្រុមហ៊ុន អ៊ឹម វ៉េ នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ប៉ុន្តែ​ក្រុម​សន្តិសុខ និង​តំណាង​ក្រុមហ៊ុន​ម្នាក់ បាន​ដេញ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ចេញ​ក្រៅ​បរិវេណ​រោងចក្រ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​អ្វី​ទាំងអស់។

ក្រុមហ៊ុន អ៊ឹម វ៉េ មាន​កម្មករ​បម្រើ​ការងារ​ប្រមាណ ៣​ពាន់​នាក់។ រយៈពេល ១​ថ្ងៃ​កន្លះ​នៃ​ការ​ធ្វើ​កូដកម្ម មាន​កម្មករ​ខ្លះ​ចូល​ធ្វើ​ការ​ធម្មតា ប៉ុន្តែ​ពួក​គេ​រង​នូវ​ការ​ជេរ​ប្រមាថ និង​ឌឺដង​ពី​ក្រុម​អ្នក​តវ៉ា ដោយ​ថា​អ្នក​ទាំង​នោះ​មិន​ចេះ​ជួយ​គ្នា​ក្នុង​ការ​តវ៉ា​ទាមទារ​ផល​ប្រយោជន៍​រួម។ ពេល​នោះ នគរបាល​ក្រុង និង​ខេត្ត​ប្រដាប់​ដោយ​ខែល និង​ដំបង ៣០​នាក់ បាន​ចុះ​ឃ្លាំ​មើល ប៉ុន្តែ​ពុំ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​កើត​ឡើង​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។