តុលាការ​សម្រេច​ឲ្យ​លោក ស៊ឹង ប៊ុណ្ណា នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្នុង​សំណុំ​រឿង​ចេញ​​សែក​ស្អុយ

ប្រធាន​ក្រុមហ៊ុន ប៊ុណា្ណ រៀលធី លោក ស៊ឹង ប៊ុណ្ណា ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​​នៅ​ថ្ងៃ​ទី​២៣ មិថុនា នេះ ក្រោយ​ពី​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ជាង​១០​ថ្ងៃ ពី​បទ​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ឬ​សែក​ស្អុយតម្លៃជាង​៤០ម៉ឺន​ដុល្លារ។

ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៣ មិថុនា ថា ការ​សម្រេច​ឲ្យ​លោក ស៊ឹង ប៊ុណ្ណា នៅ​ក្រៅ​ឃុំ ដោយ​យោង​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ជន​ត្រូវ​ចោទ។ ប៉ុន្តែ​លោក ស៊ឹង ប៉ុណ្ណា មាន​កាតព្វកិច្ច​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ចៅក្រម​ស៊ើបសួរ​នឹង​បន្ត​ចំណាត់​ការ​ស៊ើបសួរ​រឿង​ក្ដី​នេះ​បន្ត​ទៀត។

លោក ស៊ឹង ប៊ុណ្ណា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី១០ មិថុនា និង​​ចោទ​ប្រកាន់​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន តាម​មាត្រា២៣១ នៃ​ច្បាប់​ស្ដីពី ឧបករណ៍​អាច​ជួញ​ដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់។

យោង​លើ​ច្បាប់​នេះ បើ​ចៅក្រម​រក​ឃើញ​ថា លោក ស៊ឹង ប៊ុណ្ណា ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​នឹង​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់ ពី​២​លាន ដល់​៦​លាន​រៀល និង​ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់​៣​ឆ្នាំ ដោយ​មិន​ទាន់​គិត​ដល់​កាតព្វកិច្ច​ទូទាត់​សង​ប្រាក់​គេ​វិញ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។