ដូ​ណា​ល់ ត្រាំ ខ្សត់​ហិរញ្ញវត្ថុ​សម្រាប់​ឃោសនា​នយោបាយ តែ​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​បាន​ជំនួយ​ច្រើន​ និពន្ធដោយ : សៅ ផលនិស្ស័យ       June-23-2016, 9:19 pm         166

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ដូ​ណា​ល់ ត្រាំ ខ្សត់​ហិរញ្ញវត្ថុ​សម្រាប់​ឃោសនា​នយោបាយ តែ​ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​បាន​ជំនួយ​ច្រើន​​បច្ចុប្បន្ន​បញ្ហា​ធំ​ដែល​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ដូ​ណា​ល់ ត្រាំ ប្រឈម​នៅពេលនេះ​គឺ កង្វះ​ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ខាងមុខ​។ សេដ្ឋី​រូបនេះ​អំពាវនាវ​រក​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អ្នក​សាធារណរដ្ឋ​រាល់គ្នា​។ ប៉ុន្តែ​រឿង​អាក្រក់​នោះ​គឺ ក្រុមហ៊ុន​ធំៗ​ដូចជា Apple បានសម្រេច​ផ្តាច់ការ​ឧបត្ថម្ភ​ចំពោះ​សមាជ​បក្ស​សាធារណរដ្ឋ ហើយ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ក៏​ចេញមុខ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ទៀត​។
  ថ្វីបើ​ខ្វះ​ជំនួយ​ហិរញ្ញវត្ថុ​មែន ប៉ុន្តែ​សេដ្ឋី​រូបនេះ​រកបាន​ការគាំទ្រ​ពី សមាជិក​ជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ​ក្នុងនោះ​មាន​ទាំង​ប្រធានសភា​លោក Paul Ryan និង អតីតរដ្ឋមន្ត្រី​ការពារជាតិ​លោក Donald Rumsfeld ។​

 សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​ក្រោយ​ការបោះឆ្នោត​សាកល្បង​ចប់សព្វគ្រប់ គណបក្ស​ធំៗ​របស់​អាមេរិក​ទាំងពី​រ​ត្រៀមលក្ខណៈ រៀបចំ​សមាជ​បក្ស​ដើម្បី​សម្រេច​និង​ប្រកាស​បេក្ខជន​ប្រធានាធិបតី​តំណាង​បក្ស​ជា​ផ្លូវការ​។ អ្នកនយោបាយ​ដែល​ដឹងខ្លួន​ថា​នឹង​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​ដូចជា​លោក ដូ​ណា​ល់ ត្រាំ និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ចាប់ផ្តើម​វាយប្រហារ​គ្នា​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព​រៀងៗ​ខ្លួន ហើយ​ស្របពេល​ជាមួយគ្នា​នោះ​ពួកគេ​ក៏​ចាប់ផ្តើម​ស្វះស្វែង​រក​ជំនួយ​និង​ការឧបត្ថម្ភ​ហិរញ្ញវត្ថុ​ពី​សំណាក់​សមាជិក​បក្ស​និង​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​ផង​។​

​ជាធម្មតា​ទេ បេក្ខជន​ប្រធានាធិបតី​ម្នាក់​ត្រូវ​ចំណាយ​រហូតដល់​រាប់ពាន់​លាន​ដុល្លារ​ក្នុង​រដូវ​កាល​បោះឆ្នោត និង​ដើម្បី​ឈាន​ឆ្ពោះទៅ​ឈ្នះ​ការបោះឆ្នោត​ប្រធានាធិបតី​នេះ​ផង​។  លុយ​ទាំងនោះ​ត្រូវ​ចំណាយ​លើ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម ការរៀបចំ​ឃោសនា និង​សកម្មភាព​ផ្សេងទៀត​ចាប់ពី​ថ្ងៃ​សមាជ​បក្ស​រហូតដល់​ខែវិច្ឆិកា​ដែលជា​ថ្ងៃ​បោះឆ្នោត​ចុងក្រោយ​។ ម្យ៉ាង​ការចំណាយ​ក្នុង​បក្ស​សម្រាប់​ការបោះឆ្នោត​ច្រើន​ក៏ដោយ​សារ ការបោះឆ្នោត​នៅ​អាមេរិក​ថ្ងៃ ៨​វិច្ឆិកា​ខាងមុខ មិន​ត្រឹមតែ​អនុញ្ញាត​ឲ្យ​មានការ​ជ្រើសរើស​ប្រធានាធិបតី​និង​អនុ​ប្រធានាធិបតី​ទេ តែ​វា​ក៏​ជា​ពេលដែល​ប្រជាជន​អាមេរិក​ជ្រើសរើស​សមាជិកសភា​ជាន់​ទាប​ទាំង ៤៣៥ និង​សមាជិក​ព្រឹទ្ធសភា ៣៤​នាក់​ក្នុងចំណោម​សមាជិក ១០០ នាក់​ផងដែរ​។​

១.​អតីតរដ្ឋមន្ត្រី​ការពារជាតិ Donald Rumsfeld ថា​ខ្លួន​នឹង​បោះឆ្នោត​គាំទ្រ​ដូ​ណា​ល់ ត្រាំ​
​សមាជិក​ជាន់ខ្ពស់ បក្ស​សាធារណរដ្ឋ អតីតរដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក Donald Rumsfeld បានប្រកាស​ជា​ចំហ​ថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​ខាងមុខនេះ​។ លោក​ថា វា​ជា​រឿង​គួរ​ឲ្យ​អស់​សំណើរ​ដែល​លោក​មិន​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ហើយ​ត្រូវ​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ជំនួស​វិញ​នោះ​។

​យោងតាម​សារព័ត៌មាន Politico ក្នុង​បទសម្ភាសន៍​ជាមួយ Fox News លោក Donald Rumsfeld បាន​អះអាងថា លោក​គាំទ្រ​គោលនយោបាយ លោក ដូ​ណា​ល់ ត្រាំ ហើយ​លោក​បាន​រិះគន់ ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ ស្ថិតក្នុង​ភាពអវិជ្ជមាន ព្រោះ​ពួកគេ​មិនបាន​ផ្សព្វផ្សាយ​អ្វីដែល​លោក ដូ​ណា​ល់​ត្រាំ លើកឡើង​ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​។ លោក​ឧ​ទារ​ណ៍​ពាក្យសម្តី​របស់លោក ដូ​ណា​ល់ ត្រាំ ពាក់ព័ន្ធ​បក្សសម្ព័ន្ធ​យោធា​ណា​តូ   ដែល​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បំ​ភ្លើ​ស​ខុសពី​សម្តី​ដើម​។​

​ក្រៅពី​លោក Donald Rumsfeld មេដឹកនាំ​ជាន់ខ្ពស់​បក្ស​សាធារណរដ្ឋ​មួយចំនួនទៀត​បាន​អះអាងថា ពួកគេ​នៅតែ​គាំទ្រ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​បោះឆ្នោត​ខែវិច្ឆិកា​ខាងមុខ ថ្វីបើ​គេ​ទើសទាល់​ខ្លះ​ក្តី​។ ដូច​លោក Paul Ryan ប្រធានរដ្ឋសភា​អាមេរិក​នៅ​បន្ត​រិះគន់​គោលនយោបាយ​បែប​ជ្រុលនិយម​របស់លោក ដូ​ណា​ល់ ត្រាំ ប៉ុន្តែ​លោក​នៅ​អំពាវនាវ​ឲ្យ​អ្នក​សាធារណរដ្ឋ​រួបរួមគ្នា​គាំទ្រ​ដូ​ណា​ល់​ត្រាំ ដើម្បី​យកឈ្នះ​បក្ស​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ដោយសារ​លោក ដូ​ណា​ល់ ត្រាំ អ្នក​សាធារណរដ្ឋ​មួយចំនួន​បាន​បង្ហើប​ថា​ពួកគេ​នឹង​បោះឆ្នោត​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​ជំនួស​វិញ​។ ក្រៅពី​បាត់បង់​ការគាំទ្រ​ក្នុង​បក្ស  ក្រុមហ៊ុន​ធំៗ​មាន​ទាំង​ក្រុមហ៊ុន Apple ដែលជា​អ្នក​ឧបត្ថម្ភ​គាំទ្រ​ជា​លុយ​ជាកា​ក់ស​​ម្រា​ប់​ការឃោសនា​បក្ស​នោះ ក៏​ប្រកាសថា​ឈប់​ផ្តល់​ការគាំទ្រ​ថវិកា​និង​សម្ភា​រៈដែរ​។​

២. Apple ឈប់​ជួយ​បក្ស​សាធារណរដ្ឋ តែ Bill Gates ប្រកាស​គាំទ្រ​លោកស្រី គ្លី​ន​តុ​ន​
​បច្ចុប្បន្ននេះ សេដ្ឋី ដូ​ណា​ល់ ត្រាំ ចាប់ផ្តើម​ប្រកូក​ប្រកាស​សុំ​ឲ្យ​សមាជិក​បក្ស​សាធារណរដ្ឋ​គាំទ្រ​ខណៈដែល​ថវិកា​រ៉ៃ​អង្គាស​សម្រាប់​ឃោសនាបោះឆ្នោត​របស់លោក​មាន​ស្តួចស្តើង តិចជាង​ថវិកា​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ឆ្ងាយ​។ បើ​យោងតាម​របាយការណ៍​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Washington Post ក្នុងពេល​ចាប់ផ្តើម​ឃោសនា​មុន​សមាជ​ចាប់ពី​ដើមខែ​មិថុនា​នេះ លោក ដូ​ណា​ល់ ត្រាំ​មាន​កញ្ចប់​ជំនួយ​ត្រឹម​១.៣​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុម​ឃោសនា​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន មាន​រហូតដល់​៤២ លាន​ដុល្លារ​ឯណោះ​។ 

​កន្លងមក​លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​អួតថា​លោក​មិនចាំបាច់​រ៉ៃ​អង្គា​សលុយ​ច្រើន​ទេ ព្រោះ​លោក​មាន​ប្រជាប្រិយភាព​ខ្ពស់​ស្រាប់​ហើយ​។ ប៉ុន្តែ​ចុងក្រោយ​លោក​ក៏​បារម្ភ​ខ្លាំង​ដែរ​ព្រោះ ក្រុមហ៊ុន​ដែលជា​ម្ចាស់ជំនួយ​ធំៗ​ក៏​ដកខ្លួន​ឈប់​ឧបត្ថម្ភ​ដល់​បក្ស​ទៀត​។​

​វា​ជា​ទម្លាប់​ក្រុមហ៊ុន​ធំៗ​នៅ​អាមេរិក​ផ្តល់​លុយ​ផ្តល់​កាក់​ឧបត្ថម្ភ​ដល់​គណបក្សនយោបាយ​ធំៗ​ក្នុងការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​រាល់​ឆ្នាំ​បោះឆ្នោត​។ ប៉ុន្តែ​ឆ្នាំនេះ​ក្រុមហ៊ុន Apple បាន​ប្រាប់​សមា​ជិប​ក្ស​សាធារណរដ្ឋ​ថា​ខ្លួន​មិន​ឧបត្ថម្ភ​សម្ភារៈ​និង​ហិរញ្ញវត្ថុ​ដល់​សមាជ​បក្ស​ខែកក្កដា​ខាងមុខ​ទេ ព្រោះ​ក្រុមហ៊ុន​នេះ​មិន​ចូលចិត្ត​សេដ្ឋី ដូ​ណា​ល់ ត្រាំ​។​

​ចំណែក​បញ្ហា​សម្រាប់​បក្ស​សាធារណរដ្ឋ​មួយទៀត​នោះ​គឺ សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates បានបង្ហាញ​ជំហរ​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាពិសេស​គោលនយោបាយ​របស់លោក​ស្រី​ក្នុងការ​ដោះស្រាយ​បញ្ហា​ពិភពលោក​ជាពិសេស​បញ្ហា​សុខាភិបាល​តែម្តង​។ លោក​មិនបាន​និយាយ​ចំៗ​ពី​ឈ្មោះ​លោក ដូ​ណា​ល់ ត្រាំ ទេ តែ​លោក​បញ្ជាក់ថា លោក​សង្កេតឃើញថា បេក្ខជន​ខ្លះ​មិន​ទាំង​យល់​ពី​បញ្ហា​វ៉ាក់សាំង​ព្យាបាល​ជំងឺ និង​ការប្រើប្រាស់​វិទ្យាសាស្ត្រ​ដោះស្រាយ​បញ្ហា​សុខាភិបាល​ផង​។ ប៉ុន្តែ​លោក Bill Gates បាន​រៀបរាប់​ពីបទ​ពិសោធន៍​ធ្វើ​ការងារ​ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​ពិភពលោក​ជាមួយ​មូលនិធិ​លោក ប៊ី​ល​គ្លី​ន​តុ​ន និង​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន​ផងដែរ​កន្លងមក​។ ហើយ​លោក​កោតសរសើរ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ផងដែរ​។ ប៉ុន្តែ លោក​បាន​អះអាង​រួចទៅហើយ​ថា មូលនិធិ​លោក​នឹង​សហការ​ជាមួយ​ប្រធានាធិបតី​ថ្មី ទោះបី​បេក្ខជន​នោះ​មកពី​បក្ស​ណាក៏ដោយ​៕