កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន ប្រភព​ធនធាន​ថាមពល​អន្តរជាតិ

កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន ប្រភព​ធនធាន​ថាមពល​អន្តរជាតិ



សៀមរាប ៖ កាលពី​ថ្ងៃទី​២៣ ខែ មិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ លោក​បណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិ បាល​ខេត្ត បាន​ជួបពិភាក្សា​លើ​ការងារ​គ្រប់គ្រង​សំរាម និង ថាមពល​អគ្គិសនី ជាមួយ​ក្រុមហ៊ុន​ប្រភព​ធនធាន​ថាម​ពល​អន្តរជាតិ ដែល​ដឹកនាំ​ដោយ លោក Alex Sandrella​នាយក​ប្រតិបត្តិ ដោយមាន​ការចូលរួម ពី​សំណាក់​អស់ លោក​ជា​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន នៅ​សណ្ឋាគារ​បុរី​អង្គរ។

តាម​បទ​បង្ហាញ​របស់​លោក Alex Sandrella នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន IER បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​គាត់​បា​ន​មក​សិក្សា​ស្វែងយល់​អំពី​សំណល់​រឹង សំណល់​រាវ សំរាម នៅ​ខេត្ត​សៀមរាប សំខាន់​ក្រុង​សៀមរាប-អង្គរ ដែល​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ នេះ​ក្នុង​រយៈពេល​ប្រមាណ ២​ឆ្នាំ​មក​ហើយ។ ម្យ៉ាងទៀត​ក្រុមហ៊ុន​មានបំណង​មក​វិនិយោគ និង​ជួយ​អភិវឌ្ឍន៍​លើ​ការគ្រប់គ្រង​សំណល់​រឹង សំរាម នៅ​សៀមរាប​-​ផង​ដែរ។

លោក Alex Sandrella ក៏បាន​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​គម្រោង​កែច្នៃ​សំរាម​ឲ្យ​ទៅ​ជា​ថាមពល នៅ​កម្ពុជា (IER’s Cambodian Waste to Energy “WTE” Project) គឺជា​ក្រុមហ៊ុន​ដែល​ផ្ដល់​ជូន​ផលិតផល​សម្រេច​, ការ​បម្លែង​និង​ដំណោះស្រាយ​លើ​ថាមពល​ នៃ​ការ​កកើត​ឡើងវិញ​។ IER ប្រកាន់​ទស្សន​ គឺ​ការ​ធ្វើ​អាជីវកម្ម​ដោយ​រក្សា​នូវ​គុណ​តម្លៃ​ខ្ពស់​, បង្ហាញ​នូវ​តម្លាភាព​, ប្រសិទ្ធភាព​ការងារ​, ឆ្លើយ​តម​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន​, ទាមទារ​ឲ្យ​មាន​ស្ដង់ដារ​, បរិស្ថាន​ខ្ពស់​, ប្រកបដោយ​ផាសុខភាព​, និង​ការ​វិនិយោគ​ប្រកបដោយ​ជឿ​ទុក​ចិត្ត។ ក្រុមហ៊ុន មាន​ដៃគូ​និង​ដើមទុន​វិនិយោគ​គ្រប់គ្រាន់​, មាន​ក្រុម​វិស្វករ អ្នក​ជំនាញ ដែល​មាន​បទពិសោធន៍ និង​ចំណេះ​ជំនាញ លំដាប់​ពិភពលោក​, និង​មាន​ឧបករណ៍ សម្ភារៈ ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​ផង​ដែរ​។

លោក​បាន​ឲ្យ​ដឹង​ផង​ដែរ ​តាម​ការសិក្សា​ស្រាវជ្រាវ​កន្លងទៅ បាន​បង្ហាញ​លទ្ធផល​ថា កំណើន​សេដ្ឋកិច្ច សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា មាន​កំណើន​ប្រចាំ​ឆ្នាំ​ប្រមាណ​ជា ៨% ក្នុង​រយៈពេល ១០​ឆ្នាំ​ចុង​ក្រោយនេះ។ ដោយ​កំណើត​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​នេះ​ហើយ ទើប​តម្រូវ​ឲ្យ​មានការ​ពង្រីក​នូវ​វិសាលភាព នៃ​ការ​ផ្គត់ផ្គង់​ថាម​ពល​អគ្គិសនី​ផង​ដែរ​។ បើ​តាម​ការសិក្សា កាលពី​ឆ្នាំ​២០១០ បាន​បង្ហាញ​ថា ការផលិត​ថាម​ពល​អគ្គិសនី​នៅ​តាម​ផ្ទះសម្បែង​និង​សហគមន៍​ចំនួន​៩៣% គឺ​ដោយ​ប្រើប្រាស់​កម្លាំង​ប្រេងម៉ាស៊ូត​។ ហើយ​វា​ក៏​ជាមួយ​ហេតុ​ដែល​បណ្ដាល​ឲ្យ​តម្លៃ​នៃ​ការប្រើប្រាស់​ចរន្ដ​អគ្គិសនី​មានតម្លៃ​ថ្លៃ​និង​ប៉ះពាល់​ដល់​បរិស្ថាន​ផង​ដែរ​។ ម្យ៉ាង​ប្រទេស​កម្ពុជា គឺ​កំពុង​និង​បាន​នាំ​ថាម​ពល​អគ្គិសនី​ពី​បណ្ដា​ប្រទេសជិតខាង ដូចជា​ពី​ប្រទេស​ថៃ ពី​ប្រទេស​វៀតណាម។ ដោយ​ហេតុផល​នេះ​ហើយ ទើប​IER មានបំណង​និង​ឆន្ទៈ​ពិតប្រាកដ ក្នុង​ការ​វិនិយោគ លើ​អភិវឌ្ឍន៍​ការគ្រប់គ្រង​សំណល់​រឹង សំរាម ​និង​ការ​បង្ក​បង្កើត​ថាម​ពល​អគ្គិសនី​កកើត​ឡើងវិញ​នៅ​កម្ពុជា។ ដើម្បី​ជា​ផលប្រយោជន៍​ដល់​សហគមន៍​ ហើយ​ក្រុមហ៊ុន​នឹង​យក​សំរាម​ទាំងនោះ ទៅ​ធ្វើ​ការកែច្នៃ​ធ្វើជា​ប្រេង​ប្រើប្រាស់ ដែល​យក​ចេញពី​កាកសំណល់​ទាំងនោះ។

លោក​បណ្ឌិត​ឃឹម ប៊ុន​សុង ក៏បាន​សម្ដែង​ការ​គាំទ្រ ចំពោះ​ក្រុមហ៊ុន ដែល​មាន​បំណង​មក​វិនិយោគ និង​ជួយ​អភិវឌ្ឍន៍​លើ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម​នៅ​ខេត្ត​សៀមរាប។ លោក​បណ្ឌិត​ក៏បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ពេល​កន្លង​មក​នេះ​មាន​ក្រុមហ៊ុន​ជាច្រើន មាន​ទាំង​ក្រុមហ៊ុន​ចិន ,​កូរ៉េ , ថៃ បាន​ចូល​មក​សិក្សា​ស្វែងយល់ តែ​មកដល់ពេលនេះ ក៏​ពុំ​ទាន់​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ។

លោក​បណ្ឌិត​ឃឹម​ ប៊ុន​សុង​ ក៏បាន​ជម្រាប​ដល់​ក្រុមហ៊ុន​ផង​ដែរ​ថា បើ​ក្រុមហ៊ុន​មានបំណង​មក​ធ្វើ​វិនិយោគ​ក្នុង​ការ​ជួយ​អភិវឌ្ឍន៍​លើ​ការគ្រប់គ្រង​សំណល់​រឹង​សំរាម នៅ​ក្រុង​ប្រវត្តិសាស្ត្រ​មួយ​នេះ​ត្រូវតែ​ប្រញាប់​ដាក់ពាក្យ​ស្នើសុំ​ជាបន្ទាន់​។

លោក​បាន​បន្ត​ទៀត​ថា អាជ្ញាធរ​ខេត្ត ទាមទារ​តម្រូវការ​នេះ​ជា​យូរ​មក​ហើយ​លើ​ការគ្រប់គ្រង​កាកសំណល់​រឹង​ក្នុង​ក្រុង​ដើម្បី​ធ្វើការ​កែច្នៃ​កាកសំណល់​សំរាម​ទាំងនោះ​ ឲ្យ​បាន​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​តាម​សហគមន៍ រួម​ទាំង​ធ្វើការ​កែច្នៃ​សំរាម​ទាំងនោះ​ឲ្យ​មានតម្លៃ​ឲ្យ​ដល់​ទី​បំផុត។

លោក​បណ្ឌិត​ក៏បាន​ធ្វើការ​គាំទ្រ​លើ​គម្រោង​នេះ​រួម​ទាំង​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​សំខាន់​លើ​ការងារ​បរិស្ថាន​អនាម័យ ក្នុង​ការ​បម្រើ​ដល់​វិស័យ​សេវា ទេសចរណ៍​ហើយក៏​ជា​ការ​លើ​នូវ​សោ​ភណ្ឌ​ភាព​ក្រុង​ប្រវត្តិសាស្ត្រ​សៀមរាប​ផងដែរ៕

កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន ប្រភព​ធនធាន​ថាមពល​អន្តរជាតិ កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន ប្រភព​ធនធាន​ថាមពល​អន្តរជាតិ