ចោរ​ស្រី​ដាច់យ៉ៃ​ឆ្លង​ខេត្ត​លួច​លុយ​៤០.០០០រៀល​ពី​អាជីវក​ផ្សារ​បឹង​ខ្នា ត្រូវ​ម្ចាស់​លុយ​ចាប់​ប្រគល់​ឲ្យ​នគរបាល

ចោរ​ស្រី​ដាច់យ៉ៃ​ឆ្លង​ខេត្ត​លួច​លុយ​៤០.០០០រៀល​ពី​អាជីវក​ផ្សារ​បឹង​ខ្នា ត្រូវ​ម្ចាស់​លុយ​ចាប់​ប្រគល់​ឲ្យ​នគរបាល



ពោធិ៍សាត់ ៖ ចោរ​ស្រី​ដាច់យ៉ៃ​ ម្នាក់​បាន​ចូល​ផ្សារ​បឹង​ខ្នា​លួច​លុយ​ចំនួន​៤០.០០០រៀល​ របស់​អាជីវករ​ក្នុង​ផ្សារ​តូប​លក់​ខោ​អាវ​ ត្រូវ​បាន​ម្ចាស់​គេ​ទាន់​ចាប់​ប្រគល់​ឲ្យសមត្ថកិច្ច​។

ហេតុ​ការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ២០១៦ ​ស្ថិត​ក្នុង​ចំណុច​ផ្សារ​បឹង​ខ្នា​ ភូមិ​ឃុំ​បឹង​ខ្នា ស្រុក​បាកាន​ខេត្តពោធិ៍សាត់។

ចោរ​ស្រី​ដាច់យ៉ៃ​ដែល​លួច​លុយ​នេះ ​ត្រូវ​បាន​លោក យ៉ែម យឿន​ មន្ត្រី​នគរបាល​ស្រុក​បាកាន​ប្រាប់​ឲ្យ​ដឹង​ថា ឈ្មោះ សង រិ​ន អាយុ​៤៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​បាសាក់​ ស្រុករុក្ខ​គី​រី ខេត្តបាត់ដំបង។

លោក យឿន បាន​បន្ត​ថា មុន​ពេល​កើតហេតុ​នៅ​ក្នុង​ផ្សារ​បឹង​ខ្នា​មាន​ចោរ​ស្រី​ម្នាក់​បាន​ចូល​លួច​លុយ​អាជីវករ​លក់ខោ​អាវចំនួន៤០.០០០រៀល ហើយ​ត្រូវ​បាន​ជនរងគ្រោះ​ជា​ម្ចាស់​តូប​ឈ្មោះ​កូ ឌី​យ៉ា​មង់ អាយុ​៣១​ឆ្នាំ​ ភេទ​ប្រុស​ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើចាប់​បាន​នៅ​នឹង​កន្លែង​​។

លោក​ក៏​បាន​បន្ត​ថា ស្រប​ពេល​ដែល​ក្នុង​ផ្សារ​បឹង​ខ្នា​មាន​មនុស្ស​ដើរ​ទិញ​អី​វ៉ាន់​អ៊ូអរ​ច្រើន​ក៏​ឃើញ​ចោរស្រីខាងលើ​ ដើរមក​តម្រង់​មក​តូប​របស់​គាត់​ដោយសារ​រូប​គាត់​ដាក់​លុយ​លើ​ខោអាវ​រវល់​លក់ដូរ​មិនទាន់​យក​ទុកដាក់​ស្រួលបួល ក៏​ស្រាប់តែ​ចោរ​ស្រី​នេះ​ មក​បន្លំ​លួច​យក​លុយ​របស់​គាត់​ចំនួន​៤០.០០០រៀល​ នៅ​លើ​ខោ​អាវ​នោះ។ ​តែ​សំណាង​ដែល​រូប​គាត់​ក្រឡេក​ឃើញ​ទាន់​ ក៏បាន​ស្រែក​នាំគ្នា​ចាប់​ជាមួយ​ភស្តុតាង​លុយ​នៅ​ជាប់​នឹង​ដៃ​ រួច​ក៏​ប្រគល់​ចោរស្រី​នោះ​ទៅ​ឲ្យសមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​មូលដ្ឋាន​ឃុំ​បឹង​ខ្នា​ចាត់ការ​តាមច្បាប់​។

លោក ញៀន សាវឿន ​នាយ​ប៉ុ​ស្តិ៍​នគរបាល​បាន​ឲ្យ​ដឹង​ថា ចោរស្រី​ដែល​លួច​យក​លុយ​នោះ ត្រូវ​បាន នគរបាល​កំពុង​រៀបចំ​បំពេញ​នីតិ​វិធី​ ពេល​ចប់​សព្វគ្រប់​ និង ​បញ្ជូន​ជនសង្ស័យ​ស្ត្រី​រូប​នេះ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ដើម្បី​ឲ្យ​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕