ចិន ត្រៀម​ធ្វើការ​រួមជាមួយ​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន​ក្នុង​ទំនាក់ទំនង​ល្អ​ និពន្ធដោយ : ទេព អ៊ីវិសាល       June-23-2016, 9:59 pm         252

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចិន ត្រៀម​ធ្វើការ​រួមជាមួយ​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន​ក្នុង​ទំនាក់ទំនង​ល្អ​​សល់​ត្រឹម​តែមួយ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ លោក​អភិបាលក្រុង​ដា​វ៉ា​វ រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​ចូលកាន់​តំណែង ជា​ប្រធានាធិបតី​ថ្មី​ហ្វីលីពីន​ផ្លូវការ​ហើយ​។ ទន្ទឹមនឹងនេះ ក្រុង​ប៉េកាំង បានបង្ហាញ​ពី​ឆន្ទៈ​ក្នុង​ការធ្វើ​ការរួម​ស្និទ្ធស្នាល​ជាមួយនឹង​រដ្ឋបាល​ថ្មី​របស់​ក្រុង​ម៉ានីល ដ្បិត​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី ណូ អា​ហ្គី​ណូ ទំនាក់ទំនង​ប្រទេស​ទាំងពីរ មាន​ភាព​ល្អក់កករ​ច្រើន​ជាមួយគ្នា​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួ ឈួន​អ៊ីង នៅ​ថ្ងៃទី​២២ ខែមិថុនា ម្សិលមិញ បាន​ថ្លែង នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ ថា ចិន មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយនឹង​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន​ដើម្បី​ស្តារ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​។

​សេចក្តីថ្លែងការណ៍​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​ថ្មី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​បាន​បញ្ជាក់ថា ហ្វីលីពីន នឹងមិន​យក​កម្លាំង​ដើម្បី​ប្រឈមមុខ​ជាមួយនឹង​ចិន​ឡើយ​។ លោក ឌើ​ទើ​តេ ក៏បាន​អះអាង​ដែរ​ថា ហ្វីលីពីន នឹងធ្វើ​ការ​ជាមួយ​ចិន​ដើម្បី​ទទួលផល​ប្រយោជន៍​ពីគ្នា​ទៅវិញទៅមក​តាមរយៈ​ទំនាក់ទំនង​ល្អ​។

​លោកស្រី ហួ ឈួន​អ៊ីង បាន​បញ្ជាក់ថា «​ចិន តែងតែ​ប្រកាន់ខ្ជាប់​គោលនយោបាយ​ក្នុង​ការកសាង​ទំនាក់ទំនង​ល្អ​ដែល​ប្រៀប​ដូច​ទៅនឹង​មិត្តភក្តិ និង​ដៃគូ ជាមួយនឹង​ប្រទេស​អ្នកជិតខាង​ដែល​រួមមាន ហ្វីលីពីន​ផងដែរ​នោះ​។ ហើយ​ទាក់ទង​នឹង​បញ្ហា ចិន និង​ហ្វីលីពីន អាច​យក​ទំនាក់ទំនង​ទ្វេភាគី​មក​អនុវត្ត ក្នុង​គោលដៅ​នៃ​ការអភិវឌ្ឍ​រួម​ដែលជា​អ្វីដែល​ប្រជាជន និង​ប្រទេស​ទាំងពីរ បាន​រំពឹងទុក​នោះ​។​»

​អ្នកនាំពាក្យ​រូបនោះ សង្កត់ធ្ងន់ថា ភាគី​ចិន មាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​រួមគ្នា​ជាមួយនឹង​រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន នាពេលខាងមុខ​ដ៏​ខ្លី​។

​សូមបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​ចិន និង​ហ្វីលីពីន មាន​ភាពល្អក់​កករ​នឹង​គ្នាច្រើន​ក្រោម​រដ្ឋបាល​របស់ លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ជាពិសេស​នោះ​រឿង​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ តែ​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ គេ​រំពឹងថា ទំនាក់ទំនង​ហ្វីលីពីន និង​ចិន អាចមាន​លក្ខណៈ​ល្អប្រសើរ​ជាង​អាណត្តិ​របសលោក អា​ហ្គី​ណូ​។

​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹង​ស្បថ​កាន់តំណែង​ប្រធានាធិបតី​ហ្វីលីពីន​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ខាងមុខ ដែល​នេះ ក៏មាន​ន័យ​ដែរ​ថា វា ក៏​ជិត​ដល់ពេល​កំណត់​ចុងក្រោយ​នៃ​រដ្ឋបាល​របស់លោក ប្រធានាធិបតី ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែលមាន​សិទ្ធិ​កាន់តំណែង​ត្រឹមតែ​៦​ឆ្នាំ​ប៉ុណ្ណោះ​។ លោក​ឌើ​ទើ​តេ នឹង​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦៕