អស់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង​ហើយ ខ្លួន​ជាប់គុក​ទៀត

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជាប់ចោទ​ក្នុង​អំពើ​លួច កាលពី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ត្រូវ​បាន​សមត្ត​កិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ បញ្ជូន​ទៅ​កាន់​សាលា ដំបូង ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី ។ ជនសង្ស័យ​មានឈ្មោះ ម៉ាត់ លី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ស្នាក់​នៅផ្ទះ​ជួល សង្កាត់​អន្លង់​ក្ងាន សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ពិតជា​ចោរលួច​ម៉ូតូ​មែន ។ បានជា​មានការ​អះអាង​ដូច្នេះ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ស្គូ​ពី ពណ៌​ស ពាក់ព័ន្ធ​ករណី​ចោរលួច​នៅ​មុខ​ណា​ហ្គា​វើ​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។ ម៉ូតូ​ស្គូ​ពី​ដែល​ចោរលួច​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ សន រ៉ា​វី ភេទ​ប្រុស អាយុ​២៥ ឆ្នា​ស្នាក់​នៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មុខរបរ​ពេទ្យសត្វ ដែល​បាន​បាត់​ដោយ​ចោរលួច​កាលពី​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច កំពង់ចម្លង អរិយ​ក្សត្រ ក្នុង​សង្កាត់​ចតុមុខ​ខណ្ឌដូនពេញ ។

អង្គុយ​សំកុក​រៀបរាប់​ទាំង​ក្តី​អស់​សង្ឃឹមថា អស់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ហើយ​ជាប់គុក​ទៀត ។ ជនសង្ស័យ​បន្ត​ថា ខ្លួន​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ប្រចាំ​នៅ​មុខ​កាស៊ីណូ​ណា​ហ្គា​វើ​ល មុន​សមត្ថកិច្ច​ចាប់ខ្លួន​មានឈ្មោះ ប្រុស ដែល​ទើប​ស្គាល់គ្នា​បួនដប់​ថ្ងៃ បាន​យក​ម៉ូតូ​ស្កុប​ពី​ដូច​ភិនភាគ​ខាងលើ​មក​ឲ្យ​ខ្លួន ។ ឈ្មោះ​ប្រុស និយាយ​ថា​គេ​មាន​រវល់​ត្រូវការ​ដឹក​បងប្អូន​ច្រើន​គ្នា ដូច្នោះ​សុំ​ខ្ចី​ដូរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ខ្លួន​ទៅ​មួយសន្ទុះ​ទេ ។ ក្រោយ​ពេល​ឈ្មោះ ប្រុស ដូរ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ជិះ​ទៅ​បាត់​ទៅ ខ្លួន​បាន​ជិះ​ម៉ូតូ​ស្គូ​ពី នោះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយ​ចោទប្រកាន់​ថា​ជា​ចោរលួច​ម៉ូតូ ។ សមត្ថកិច្ច​ថា នេះ​ជា​ការ​ដោះសារ ដើម្បី​បាន​សម្រាលទោស​ប៉ុណ្ណោះ​ទេ ជនសង្ស័យ​រូប​នេះ​សមត្ថកិច្ច​តាមដាន​សកម្មភាព​យូរហើយ ៕