ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឲ្យ បង្កើន​ការនាំចេញ ដំឡូង​មី​ទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន

ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឲ្យ បង្កើន​ការនាំចេញ ដំឡូង​មី​ទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន



ភ្នំពេញ ៖ ប្រធានបទ​មួយ នៅ​ក្នុង​កិច្ចប្រជុំ លើក​ទី​២៥ នៃ​អនុ​គណៈកម្មការ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ និង ​ការ​វិនិយោគ​ទាក់ទង​នឹង​ពាណិជ្ជកម្ម នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម​កាលពី ថ្ងៃ​ទី២១ ខែមិថុនា ឆ្នាំ​២០១៦ កន្លងទៅ ក្រសួងពាណិជ្ជកម្ម ជំរុញ​ឲ្យ បង្កើន​ការនាំចេញ ដំឡូង​មី​ទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន។

​យោង​តាម សុន្ទរកថា​បើក​កិច្ចប្រជុំ លោក​រដ្ឋមន្ត្រី​លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍ និង​ក្រសួង​ពាក់ព័ន្ធ ក្នុង​ការ​ជួយ​រៀបចំ​ឲ្យ​រឹតតែ​ល្អ​ប្រសើរ​ទៅលើ​ការប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ការ​នាំចេញ ការស្វែងរក​ទីផ្សារ​បន្ថែម​ទៀត និង​លើក​តម្កើង​ខ្សែ​សង្វាក់​តម្លៃ​មួយ​កម្រិត​ទៀត​សម្រាប់​វិស័យ​មួយ​ចំនួន ដែល​មាន​ការប្រកួតប្រជែង​ស្រាប់​ក្នុង​ទីផ្សារ​នាំចេញ​។ នៅ​ក្នុង​កិច្ចប្រជុំ​នោះ ប្រធានបទ​មួយ​ចំនួន​ទៀត​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​រួមមាន ការនាំចេញ​ដំឡូង​មី និង​ផលិតផល​សូត្រ​។ ចំពោះ​ការនាំចេញ​ដំឡូង​មី ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឲ្យ​បង្កើន​ការ​នាំ​ចេញទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន ដោយ​នៅ​ពេល​នេះ​ទីផ្សារ​របស់​ថៃ​កំពុងតែ​ត្រូវការ​ដំឡូង​មី ដែល​គេ​យក​ទៅ​កែច្នៃ​ជា​ប្រេង​និង​ចំណី​សត្វ​។ ចំពោះ​សូត្រ​វិញ កិច្ច​ប្រជុំ​បាន​ផ្ដួចផ្ដើម​ក្នុង​ការរៀបចំ​វិទ្យាស្ថាន​សូត្រ​នៅ​ខេត្តសៀមរាប ដើម្បី​ផ្ដល់​ការសិក្សា​និង​ស្រាវជ្រាវ​អំពី​សូត្រ។

លោក មានប្រសាសន៍ថា “​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​សហគមន៍​អឺរ៉ុប​បាន​ចុះហត្ថលេខា​រួចហើយ​ជាមួយ​បណ្ដា​ប្រទេស​អាស៊ាន​មួយ​ចំនួន នឹង​ក្លាយ​ជា​ចំណោទ និង​ដាក់​សម្ពាធ​មក​លើ​កម្ពុជា នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​នោះ​មាន​ប្រសិទ្ធភាព​”​។ លោក បាន​បន្ថែម​ទៀត​ថា “​តែ​ទោះជា​យ៉ាងណា ការ​ធ្វើ​ពាណិជ្ជ​កម្ម​បាន​ប្រែប្រួល​ជាច្រើន ប៉ុន្មាន​ទសវត្ស​កន្លងមក ហើយ​ពាណិជ្ជកម្ម​មិនមែន​ផ្តោត​តែ​លើ​ផលិតផល​ជាក់ស្ដែង​នោះ​ទេ ឥឡូវនេះ​យើង​មាន​សេវាកម្ម​ដូចជា​ការ​ដឹក​ជញ្ជូន ហិរញ្ញវត្ថុ ជំនួយ​បច្ចេកទេស ដែល​ទាំងនេះ​សុទ្ធ​តែ​មាន​សារសំខាន់​ខ្លាំង​ដែរ​។

សេដ្ឋកិច្ច​ដែល​ទទួល​បាន​ជោគជ័យ​មួយ​ចំនួន​គឺជា​សេដ្ឋកិច្ច​ដែល​បាន​ត​ភ្ជាប់​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក ដែល​ទទួល​បាន​មក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ដូចនេះ យើង​ត្រូវតែ​ធ្វើការ​សម្របសម្រួល​ដើម្បី​ជ្រៀតចូល​ទៅ​ក្នុង​ខ្សែ​សង្វាក់​តម្លៃ​ពិភពលោក ដោយ​ពិនិត្យ​ឲ្យ​បាន​ជាក់លាក់​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​ប្រទេស​មួយ​ចំនួន​កំពុងតែ​ចរចា មាន​លទ្ធផល​បំពេញ​បន្ថែម​ដល់​កម្ពុជា និង​មិន​ផ្ទុយ​ពី​តម្រូវការ​របស់​កម្ពុជា”។

កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំក្រោយ រួមមាន កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​លើ​អាស៊ាន និង​កិច្ចប្រជុំ កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម​-​ថៃ (CLMVT) លើក​ទី​២ ដោយ​កិច្ចប្រជុំ​ទាំងពីរ​នេះ​នឹង “​លើកស្ទួយ​វត្តមាន​របស់​ប្រទេស​កម្ពុជា​ក្នុង​ក្រសែភ្នែក​អ្នក​វិនិយោគ​” និង “​លើកតម្កើង​កិត្តិយស​របស់​ប្រទេស​កម្ពុជា ជា​ដៃគូ​សេដ្ឋកិច្ច​គន្លឹះ​មួយ​ក្នុង​អាស៊ាន និង​ជា​កន្លែង​មួយ​ដែល​អាចធ្វើ​ធុរកិច្ច​បាន​ដោយ​ជោគជ័យ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម តំណាង​របស់​ក្រសួង​ពាក់ព័ន្ធ និង​ភ្នាក់ងារ​អនុវត្តន៍​គម្រោង តំណាង​របស់​ដៃគូ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​ដទៃទៀត នៅក្នុង​វិស័យ​ពាណិជ្ជកម្ម៕

ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឲ្យ បង្កើន​ការនាំចេញ ដំឡូង​មី​ទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន ក្រសួងពាណិជ្ជកម្ម​ជំរុញ​ឲ្យ បង្កើន​ការនាំចេញ ដំឡូង​មី​ទៅ​ប្រទេស​ថៃ​ឲ្យ​បាន​ច្រើន