លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន និង​លោក DONALD TRUMP ឈ្នះ​ការ​បោះ​ឆ្នោត​សម្រាំង​នៅ​រដ្ឋ​ញូ​វ​យ៉​ក

កាលពី​យប់​ថ្ងៃ​ទី​១៩ មេ​សា ក្នុង​ការ​បោះ​ឆ្នោត​សម្រាំង​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ​ញូ​វ​យ៉​ក លោក DONALD TRUMP ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឈ្នះ​ដោយ​ទទួល​បាន​សំឡេង​៦០% រួច​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ខាង​គណបក្ស​ប្រជាធិបតេយ្យ​បាន​ឈ្នះ​លើ​លោក BERNIE SANDERS ជាមួយ​សំឡេង​គាំទ្រ​៥៧% ។

ដូច្នេះ​លោកស្រី​ហ៊ី​ល​ឡា​រី គ្លី​ន​តុ​ន ស្ទើរតែ​ធានា​បាន​ជ័យជម្នះ​ចុង​ក្រោយ​ទៅ​ហើយ​សម្រាប់​ក្លាយជា​បេក្ខជន​ប្រធានាធិបតី សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ។ ចំណែក​លោក TRUMP បាន​ឈាន​មុខជា​ស្ថាពរ​លើ​លោក TED CRUZ តែ​នៅ​ប្រកួតប្រជែង​គ្នា​ទៀត ដើម្បី​ឱ្យ​សម្រេច​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ​ប្រតិភូ​អ្នកបោះឆ្នោត ។ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​លោក DONALD TRUMP ទទួល​បាន​សំឡេង​លើស​ពី​៥០% ក្នុង​រដ្ឋ​មួយ ។ ទោះបី​យ៉ាងណា លោក​នៅ​ខ្វះ​ចំនួន​ប្រតិភូ​អ្នកបោះឆ្នោត​៣៩១​ទៀត ដើម្បី​ឱ្យ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត​១.២៣៧ ដើម្បី​អាច​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​គណបក្ស​សាធារណរដ្ឋ ។ ដូច្នេះ​លោក TRUMP ត្រូវ​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​ឃោសនា​ថែម​ទៀត រួច​ពុំ​ត្រូវ​ភ្លាត់ស្នៀត​ទេ ពិសេស​នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៕