ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​កំណត់​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន

ក្នុង​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​របស់​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន RSF ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ មេ​សា បង្ហាញ​ថា សេរីភាព​សារព័ត៌​មានបាន​ធ្លាក់​ចុះ​ក្នុង​គ្រប់​តំបន់​ទាំងអស់​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥ ពិសេស​នៅ​ទ្វីប​អា​មេ​រិ​ក ដែល​ជា​លើក​ដំបូង​ធ្លាក់​ក្រោម​ទ្វីបអាហ្វ្រិក ។

ចំណាត់ថ្នាក់​នៃ​សេរីភាព​សារព័ត៌មាន​នេះ​ក្នុង​ប្រទេស​១៨០​ចេញផ្សាយ​ចាប់តាំងពី​ឆ្នាំ​២០០២​មក ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន​ដូច​ជា​ពហុ​និយម ឯករាជ្យ​ភាព​របស់​បណ្តាសារ​ព័ត៌មាន បរិយាកាស និង​ស្វ័​យ​ត្រួតពិនិត្យ ក្រប​ខណ្ឌ​ច្បាប់ តម្លាភាព រចនាសម្ព័ន្ធ និង​ការ​រំលោភ​បំពាន​ជាដើម ។

លោក CHRISTOPHE DELOIRE អគ្គលេខាធិការ RSF ថ្លែង​ទៅ​កាន់ AFP ថា រាល់​កត្តា​នៃ​ចំណាត់ថ្នាក់​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​នៃ​សេរីភាព​សារព័ត៌មាន ។ អាជ្ញាធរ​សាធារណៈ​ជា​ច្រើន​ប៉ុនប៉ង​ដណ្តើម​ត្រួតត្រា​ខាង​សារព័ត៌មាន​ក្នុង​ប្រទេស​ពួក​គេ ដោយ​ខ្លាច​ការ​បើកចំហ​ធំ​ចំពោះ​សាធារណ​មតិ ។ បច្ចុប្បន្ន​វា​កាន់តែ​ងាយស្រួល​សម្រាប់​គ្រប់​រដ្ឋអំណាច​ក្នុង​ការ​ថ្លែង​ដោយ​ផ្ទាល់​ទៅ​កាន់​សាធារណជន ដោយសារ​បច្ចេកវិទ្យា​ថ្មី​ៗ ដែល​បែប​នេះ នាំ​ឱ្យ​មានការ​រំលោភ​បំពាន​យ៉ាង​ខ្លាំង​ប្រឆាំង​ពួក​អ្នក​ដែល​តំណាង​ឱ្យ​ព័ត៌មាន​ឯក​រាជ្យ។

អគ្គលេខាធិការ RSF បន្ត​ថា គេ​បាន​ចូល​ក្នុង​សករាជ​នៃ​ការ​ឃោសនា​ថ្មី​មួយ ដែល​បច្ចេកវិទ្យា​ថ្មី​ៗ​អាច​ឱ្យ​គេ​ផ្សព្វផ្សាយ​ដោយ​ចំណាយ​ទាប​នូវ​ព័ត៌មាន ឬ​សារ​ផ្ទាល់​របស់​គេ ។ ប្រឈម​មុខ​នឹង​បច្ចេកវិទ្យា​ថ្មី​ទាំងនេះ បណ្តា​អ្នកកាសែត​ត្រូវ​គេ​ផាត់​ចោល ។ ប្រសិនបើ​សភាពការណ៍​ធ្លាក់​ចុះ​ក្នុង​គ្រប់​តំបន់​នោះ ទ្វីប​អា​េ​ម​រិ​ក​ធ្លាក់​ចុះ ជា​ពិសេស​មក​ពី​ការ​ធ្វើឃាត​បណ្តា​អ្នកកាសែត​នៅ​អា​មេ​រិ​ក​កណ្តាល ។

RSF គូសបញ្ជាក់​ថា នៅ​អា​មេ​រិ​កឡា​ទី​ន​មាន​ហិង្សា​នយោបាយ​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា (​ចំណាត់ថ្នាក់​ទី​១៣៩) ឬ​នៅ​អេក្វាទ័រ (​ចំណាត់ថ្នាក់​ទី​១០៩) អំពើ​ហិង្សា​នៃ​ឧក្រិដ្ឋកម្ម​មានការ​រៀបចំ​ដូច​នៅ​ប្រទេស​ហុង​ឌូ​រ៉ា​ស (​ចំណាត់ថ្នាក់​ទី​១៣៧) នី​ទណ្ឌ​ភាព​ដូច​នៅ​កូ​ឡុំ​ប៊ី (​ចំណាត់ថ្នាក់​ទី​១៣៤) អំពើ​ពុក​រលួយ​ដូច​នៅ​ប្រេ​ស៊ី​ល (​ចំណាត់ថ្នាក់​ទី​១០៤) ជា​ឧបសគ្គ​សំខាន់​ៗ​ចំពោះ​សេរីភាព​សារព័ត៌មាន ។

នៅ​អា​​មេ​រិ​ក​ខាងជើង​សហរដ្ឋ​អា​មេ​រិ​ក (​ចំណាត់ថ្នាក់​ទី​៤១) មានការ​ត្រួតពិនិត្យ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ហើយ​កា​ណា​ដា​ធ្លាក់​មក​ចំណាត់ថ្នាក់​ទី​១៨ ដោយសារ​សភាពការណ៍​ធ្លាក់​ចុះ​ពេល​ចប់​អាណត្តិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី លោក STEPHEN HARPER ។ ដូច្នេះ​ទ្វីបអាមេរិក​ធ្លាក់​មក​នៅ​ក្រោម​ទ្វីបអាហ្វ្រិក​ខាង​សេរីភាព​សារព័ត៌មាន ទោះបី​តំបន់​អាហ្វ្រិក​ខាងជើង និង​ម​ជ្ឈិ​បូព៌ា​នៅ​តែ​ជា​តំបន់​នៃ​ពិភពលោក ដែល​បណ្តា​អ្នកកាសែត​ត្រូវ​ស្ថិត​ក្រោម​ការ​បង្ខិតបង្ខំ​គ្រប់​បែក​យ៉ាង​ក៏​ដោយ ។

RSF បន្ត​ទៀត​ថា ក្នុង​បណ្តា​ប្រទេស​មាន​វិបត្តិ​ដូច​ជា​នៅ​អីុ​រ៉ា​ក់ (​ចំណាត់ថ្នាក់​ទី​១៥៨) លី​ប៊ី (​ចំណាត់ថ្នាក់​ទី​១៦៤) និង​នៅ​យេ​ម៉ែ​ន (​ចំណាត់ថ្នាក់​ទី​១៧០) របរ​កាសែត​ពិតជា​គ្រោះថ្នាក់​ខ្លាំង ។ RSF ស្វាគមន៍​ការ​កែ​លម្អ​សភាពការណ៍​នៅ​ទុ​យ​នី​ស៊ី (​ចំណាត់ថ្នាក់​ទី​៩៦) ។ ចំណាត់ថ្នាក់​អន់​ជាងគេ​បំផុត​ដូច​កាលពី​ឆ្នាំ​មុន​ដែរ គឺ​ស៊ី​រី ទី​១៧៧ ក្នុង​ចំណោម​​ប្រទេស​ទាំង​១៨០ បន្ទាប់​ពី​ចិន ចំណាត់ថ្នាក់​ទី​១៧៦ តែ​នាំ មុខ​តួ​ក​មេ​នី​ស្ថាន ចំណាត់ថ្នាក់​ទី​១៧៨ កូរ៉េ​ខាងជើង ចំណាត់ថ្នាក់​ទី​១៧៩ និង​អេ​រី​ត្រេ ចំណាត់ថ្នាក់​ទី​១៨០ ៕