លិច​នាវា​ពួក​អន្តោប្រវេសន៍​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អាច​ស្លាប់​500​នាក់

ស្នងការ​ជាន់ខ្ពស់ អ​.​ស​.​ប ខាង​ជនភៀសខ្លួន HCR កាលពី​ថ្ងៃ​ទី​២០ មេ​សា វាយតម្លៃ​ថា អាច​មាន​មនុស្ស​ស្លាប់​ដល់​ទៅ​៥០០​នាក់​ដោយ​ការ​លិច​នាវា​ពួក​អន្តោប្រវេសន៍​នា​ពេល​ថ្មី​ៗ​នេះ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ។ នាវា​នោះ​ដឹក​ពួក​អន្តោប្រវេសន៍​ចេញ​មក​ពី​ប្រទេស​លី​ប៊ី​ឆ្ពោះ​មក​កាន់​អីុតា​លី ។

យោង​តាម HCR ថា ខណៈ​ដែល​ពួក​អន្តោប្រវេសន៍​លើកគ្នា​មក​ពី​ប្រទេស​លី​ប៊ី ហើយ​ខ្លះ​ទៀត​អាច​មក​ពី​អេ​ហ្ស៊ី​ប​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង​ចាប់តាំងពី​ប៉ុន្មាន​ស​ប្តា​ហ៍​មក​ហើយ ដូច​រៀង​រាល់​ឆ្នាំ​នា​រដូវ​នេះ សោកនាដកម្ម​នោះ​ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់ ឬ​បាត់​ខ្លួន​ក្នុង​ឆ្នាំ​២០១៦ ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ឡើង​ដល់​ជាង​១.២៥០​នាក់​ហើយ ។

អីុតា​លី​ក៏​មានការ​សង្ស័យ​ដែរ​ថា កិច្ចព្រមព្រៀង​សហភាព​អឺរ៉ុប​-​តួ​ក​គី​ដែល​កាត់​ផ្តាច់​ផ្លូវ​មក​កាន់​តំបន់​បាល់​កង់​ជំរុញ​ឱ្យ​ពួក​អន្តោប្រវេសន៍​ងាក​ទៅ​ប្រើ​ផ្លូវ​សមុទ្រ​នោះ​កាន់តែ​ច្រើន ។

ក្នុង​ចំណោម​ពួក​អន្តោប្រវេសន៍​ទាំង​៤១​នាក់​ដែល​នៅ​រស់រាន​មានជីវិត​ភាគច្រើន​ជា​អ្នក​ជិះ​លើ​នាវា​មួយ​មាន​បណ្តោយ​៣០​ម៉ែត្រ ហើយ​ដឹក​មនុស្ស​រវាង​ពី​១០០​ទៅ​២០០​នាក់ ។ ក្រោយ​ពី​ធ្វើ​ដំណើរ​កាត់​សមុទ្រ​រយៈពេល​ជា​ច្រើន​ម៉ោង​ពួក​មេខ្យល់​បាន​ផ្ទេរ​ពួក​អ្នក​ទាំងនេះ​មក​កាន់​នាវា​មួយ​ធំ​ជាង​ដែល​ដឹក​រួច​ហើយ​នូវ​មនុស្ស​ជា​ច្រើន​រយ​នាក់​គឺ​ដឹក​លើស​ចំណុះ​យ៉ាងច្រើន ។ ក្នុង​ពេល​ផ្ទេរ​នោះ នាវា​ធំ​ក៏​ផ្អៀង​ហើយ​លិច ។ ពួក​អ្នក​នៅ​រស់រាន​មានជីវិត ជា​ពួក​អ្នក​ដែល​ពុំ​ទាន់​បាន​ឡើង​លើ​នាវា​ធំ ។ ក្នុង​ចំណោម​អ្នក​នៅ​រស់រាន​មានជីវិត​ទាំងនេះ​មាន​បុរស​៣៧​នាក់ នារី​៣​នាក់ និង​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​ម្នាក់ ដែល​ធ្វើ​ដំណើរ​ជាមួយ​គ្រួសារ ។ យោង​តាម HCR ថា មនុស្ស​២៣​នាក់​មក​ពី​សូ​ម៉ា​លី​១១​នាក់​មក​ពី​អេ​ត្យូ​ពី​៦​នាក់​មក​ពី​អេ​ហ្ស៊ី​ប និង​ម្នាក់​មក​ពី​ស៊ូ​ដង់ ៕