រលក​ក្តៅ​ខ្លាំង​ស្លាប់​មនុស្ស​111​នាក់​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា

អាជ្ញាធរ​មូលដ្ឋាន​អះអាង​កាលពី​ថ្ងៃ​ទី​៩ មេ​សា ថា រលកធាតុអាកាស​ក្តៅ​ខ្លាំង​នៅ​ភាគ​ខាងត្បូង​ឥណ្ឌា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១១​នាក់ ។

អ្នក​ទទួលខុសត្រូវ​មូលដ្ឋាន​ម្នាក់​ថ្លែង​ថា នៅ​រដ្ឋ​តឺ​ឡាន​ហ្គា​ណា និង​រដ្ឋ​ឥន្ទ្រា​ប្រា​ដេ​ស ភាគ​ខាងត្បូង​ឥណ្ឌា សីតុណ្ហភាព​បាន​ឡើង​ដល់​៤៥​អង្សា​សេ ហើយ​មនុស្ស​៦៦​នាក់​ស្លាប់​នៅ​រដ្ឋ​តឺ​ឡាន​ហ្គា​ណា រួច​៤៥​នាក់​ស្លាប់​នៅ​រដ្ឋ​ឥន្ទ្រា​ប្រា​ដេ​ស មក​ពី​បញ្ហា​បេះដូង ។ ជិត​ពាក់កណ្តាល​នៃ​អ្នក​ស្លាប់​នៅ​រដ្ឋ​តឺ​ឡាន​ហ្គា​ណា​មក​ពី​គ្រោះ​រាំង​ស្ងួត​យ៉ាង​អាក្រក់​បំផុត​នៅ​ស្រុក MAHABUBNAGAR និង​ស្រុក MEDAK ។

យោង​តាម​ផ្នែក​ឧតុនិយម​ឥណ្ឌា​ថា សីតុណ្ហភាព​ឡើង​ខ្ពស់​បំផុត​កត់សម្គាល់​ឃើញ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ បណ្តា​មន្ត្រី​ពន្យល់​ថា ភ្លៀង​ដែល​តាម​ធម្មតា​ធ្លាក់​ក្នុង​ខែមេសា បែរជា​មានការ​យឺតយ៉ាវ​ក្នុង​រដ្ឋ​ទាំង​២​នេះ​ញ៉ាំង​ឱ្យ​សីតុណ្ហភាព​ឡើង​ខ្ពស់ ។

អាជ្ញាធរ​ណែនាំ​ដល់​មនុស្ស​ម្នា​ឱ្យ​ចៀសវាង​កុំ​នៅ​ហាល​ក្តៅ​នា​ពេល​ថ្ងៃ ។ អាជ្ញាធរ​មូលដ្ឋាន​បាន​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​នានា​ដើម្បី​ចៀសវាង​រាល់​ការ​បាត់បង់​ជីវិត​មនុស្ស​ច្រើន ដោយសារ​រលកធាតុអាកាស​ក្តៅ​ខ្លាំង ។

កាលពី​ឆ្នាំទៅ​មិ​ញ មនុស្ស​ដល់​ទៅ​ជិត​២.០០០​នាក់​ស្លាប់​ក្នុង​រដ្ឋ​ទាំង​២​នេះ ។

ទូរទស្សន៍ DOORDARSHAN ដែល​ដកស្រង់​សម្តី​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​ឧតុនិយម​បាន​ចាត់​ទុក​ការ​កើត​មាន​ធាតុអាកាស​ក្តៅ​ខ្លាំង​បែប​នេះ​មក​ពី​បាតុភូត EL NINO ដែល​កាលពី​ឆ្នាំទៅ​មិ​ញ​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ។

ព័ត៌មាន​នានា​គូសបញ្ជាក់​ថា សីតុណ្ហភាព​ក៏​ឡើង​ខ្ពស់​ដែរ ក្នុង​រដ្ឋ​មួយ​ចំនួន​នៅ​ភាគ​ខាងលិច និង​ភាគ​ខាងកើត​ឥណ្ឌា​ដែល​ជួនកាល​មាន​លើស​ពី​៤៣​អង្សា​សេ ៕