ឆេះ​ព្រះ​វិហារ​មួយ​ស្លាប់​ជាង​100​នាក់​នៅ​ភាគ​និរតី​ឥណ្ឌា

មនុស្ស​ជាង​១០០​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ មក​១០ មេ​សា ដោយសារ​ភ្លើង​ឆាបឆេះ​ព្រះ​វិហារ​មួយ​នៅ​ភាគ​និរតី​ឥណ្ឌា ខណៈ​ពេល​មនុស្ស​ម្នា​លើកគ្នា​ទៅ​មើល​ការ​បាញ់​កាំជ្រួច ។

ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ជាង​២៥០​នាក់​ទៀត​ក៏​រង​របួស​ដែរ ក្នុង​គ្រោះ​មហន្តរាយ​នេះ​ដោយ​ភ្លើង​ដែល​ឆាបឆេះ​ហាក់ដូចជា​ដោយសារ​ការ​ផ្ទុះ​រំសេវ​ក្នុង​ព្រះ​វិហារ​ហិណ្ឌូ PUTTINGAL DEVI ស្ថិត​ក្នុង​ទីក្រុង PARAVUR ជាប់​ឆ្នេរសមុទ្រ​ក្នុង​រដ្ឋ​កឺ​រ៉ា​ឡា នា​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទាក់ទិន​នឹង​ការ​ចូល​ឆ្នាំ​ថ្មី​របស់​ហិណ្ឌូ ។

លោក OOMMEN CHANDY ប្រមុខ​ប្រតិបត្តិ​នៃ​រដ្ឋ​នៅ​ភាគ​ខាងត្បូង​ឥណ្ឌូ​នេះ​ថ្លែងប្រាប់​ទូរទស្សន៍ NDTV ថា គេ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ពី​មុន​ស្លាប់​ជាង​១០០​នាក់ ។

បណ្តា​អ្នក​ពន្លត់ភ្លើង និង​ប៉ូលិស​បាន​លើកគ្នា​មក​ពន្លត់ភ្លើង​ឆេះ​ព្រះ​វិហារ​នេះ​ដែល​ស្ថិត​នៅ​ស្រុក KOLLAM ហើយ​ជួយ​ដល់​ជន​រង​គ្រោះ ។ បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​បង្ហាញ​ការ​ផ្ទុះ​ខ្លាំង​មួយ​ចំនួន ព្រមទាំង​ផ្សែងហុយ​យ៉ាង​ខ្មៅខ្មួល ព្រមទាំង​ពី​បណ្តា​អ្នក​របួស​ដែល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​មូលដ្ឋាន ។ ភ្លើង​ចាប់ផ្តើម​ឆាបឆេះ​ពី​ម៉ោង​៣​រំលង​អធ្រាត្រ​ទៅ ។

អគ្គិភ័យ និង​ការ​ផ្អើល​រត់​ជាន់​គ្នា​តែង​កើត​មាន​ជា​ញឹកញាប់​ក្នុង​បណ្តា​ព្រះ​វិហារ និង​ក្នុង​ពេល​មាន​ពិធី​តាម​សាសនា​នានា​នៅ​ឥណ្ឌា ពិសេស​មក​ពី​ការ​ខ្វះ​វិធានការ​សន្តិសុខ និង​គ្មាន​បទដ្ឋាន​សន្តិសុខ​គ្រប់គ្រាន់ ។

នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ណា​រេ​ន​ដ្រា ម៉ូ​ឌី សម្តែង​ពី​ការ​ក្តុកក្តួល​ចំពោះ​គ្រោះ​មហន្តរាយ​នេះ​ដោយ​ប្រកាស​ថា រដ្ឋមន្ត្រី​សុខាភិបាល​របស់​លោក​នឹង​ទៅ​កាន់​កន្លែង​រង​គ្រោះ​រួច​លោក​ក៏​នឹង​ទៅ​កាន់​ទីនោះ​ដែរ ដើម្បី​វាយតម្លៃ​សភាពការណ៍ ៕