ប៉ះទង្គិច​គ្នា​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន​ស្លាប់​ទាហាន​18​នាក់ និង​ពួក​ឧទ្ទាម​5​នាក់

អ្នកនាំពាក្យ​យោធា​ម្នាក់​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ មេ​សា ថា ទាហាន​១៨​នាក់ និង​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​៥​នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​៩ េ​ម​សា ក្នុង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ភាគ​ខាងត្បូង​ហ្វ៊ី​លី​ពី​ន ។

អ្នកនាំពាក្យ​យោធា​តំបន់​មេបញ្ជាការ FILEMON TAN គូសបញ្ជាក់​ថា ការ​ប៉ះទង្គិច​គ្នា​នេះ​កើត​មាន​ពេល​ធ្វើ​ប្រតិបត្តិការ​យោធា​ប្រឆាំង​ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដែល​បើក​ធ្វើ​ក្រោយ​ការ​ចាប់ពង្រត់​ពួក​ជនបរទេស​មួយ​ចំនួន ។ អ្នកនាំពាក្យ​រូប​នេះ​បញ្ជាក់​ថា ទាហាន​យ៉ាងតិច​៤​នាក់​ត្រូវ​កាត់​ក្បាល​ពេល​មានការ​ប៉ះទង្គិច​គ្នា​ខ្លាំងក្លា​ជាមួយ​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​ប្រមាណ​ជា​១០០​នាក់​នៅ​លើ​កោះ​បា​ស៊ី​ឡាន ។ ក្នុង​ចំណោម​យុទ្ធ​ជន​អ៊ិ​ស្លា​ម​និយម​ដែល​ស្លាប់​ទាំង​៥​នាក់ ម្នាក់​មាន​សញ្ជាតិ​ម៉ា​រ៉ុ​ក ។

អំពើ​ហិង្សា​ទាំងនេះ​ផ្ទុះ​ឡើង​បន្ទាប់​ពី​ការ​រំដោះ​អតីត​បុព្វ​ជិត​កាតូលិក​ជនជាតិ​អុ​ី​តា​លី​ម្នាក់ ដែល​ពួក​អ៊ិ​ស្លា​ម​និយម​ចាប់​ជា​ចំណាប់ខ្មាំង​ចាប់តាំងពី​រដូវ​ស្លឹកឈើ​ជ្រុះ​មក ។ ក្រុម​អ៊ិ​ស្លា​ម​និយម​អា​ប៊ូ​សៃ​យ៉ា​ហូ ត្រូវ​គេ​ស្គាល់​តាំងពី​ដើម​ទស​វត្ស​ឆ្នាំ​២០០០​មក តាម​រយៈ​ការ​ចាប់ពង្រត់​អ្នកទេសចរ​បរទេស​ជា​ច្រើន​សិប​នាក់​ដើម្បី​ទាមទារ​ប្រាក់​លោះ ។ បច្ចុប្បន្ន​ក្រុម​នេះ​នៅ​ឃុំ​ទុក​ចំណាប់ខ្មាំង​ប្រមាណ​ជា​២០​នាក់ ។

កាលពី​ឆ្នាំ​២០១៤ ក្រុម​អា​ប៊ូ​សៃ​យ៉ា​ហ្វ ដែល​សហរដ្ឋ​អា​េ​ម​រិ​ក​ចាត់ទុកជា​ក្រុម​ភេរវកម្ម​ប្រកាស​ដើរ​តាម​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ត្រួតត្រា​ដែនដី​អុ​ី​រ៉ា​ក់ និង​ស៊ី​រី​មួយ​ផ្នែក​យ៉ាង​ធំ ។ ម្យ៉ាងទៀត​ក្រុម​នេះ​នៅ​ឃុំ​ទុក​ជនជាតិ​កា​ណា​ដា​២​នាក់ និង​ន័​រ​វែ​សម្នាក់​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥ មក ។ កាលពី​ខែមីនា ក្រុម​នេះ​បាន​កំណត់​រយៈពេល​មួយ​ខែ​ឱ្យ​បង់ប្រាក់​លោះ​ជា​ច្រើន​លាន​អឺ​រ៉ូ ៕