រញ្ជួយ​ដី​ខ្លាំង​រង្គើ​ប៉ា​គី​ស្ថាន អា​ហ្វ​ហ្គា​នី​ស្ថាន និង​ឥណ្ឌា

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​នានា​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​២​នាក់​ស្លាប់ និង​១០​នាក់​ទៀត​រង​របួស កាលពី​រសៀល​ថ្ងៃ​ទី​១០ មេ​សា នៅ​ប៉ា​គី​ស្ថាន បន្ទាប់​ពី​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​កម្លាំង​៧,១​រី​ស្ទ័​រ ដែល​នាំ​ឱ្យ​មានការ​ញ័រ​រង្គើ​ផង​ដែរ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ឥណ្ឌា ។

ផ្នែក​ឧតុនិយម​ប៉ា​គី​ស្ថាន​គូសបញ្ជាក់​ថា ការ​រញ្ជួយ​ដី​នេះ​កើត​មាន​នា​វេលា​ម៉ោង​១៥​និង​២៩​នាទី​ម៉ោង​ក្នុងស្រុក និង​ថា​ចំណុចកណ្តាល​របស់​វា​ស្ថិត​ក្នុង​ជម្រៅ​២៣៦​គីឡូម៉ែត្រ ក្នុង​តំបន់​ជួរ​ភ្នំ HINDOU KOUCH ជាប់​ព្រំដែន​ប៉ា​គី​ស្ថាន​-​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​រញ្ជួយ​ដី​នេះ​ញ័រ​កក្រើក​ដល់ទី​ក្រុង​អ៊ី​ស្លា​ម៉ា​បា​ដ ផ្នែក​មួយ​ចំនួន​ខេត្ត PENDJAB និង​ខេត្ត KHYBER PAKHTUNKHWA ក្នុង​នោះ​រួម​ទាំង​ទីប្រជុំជន​ខេត្ត​-​ក្រុង​ប៉េ​សាវ៉ា ព្រមទាំង​ក្នុង​តំបន់​កុលសម្ព័ន្ធ​ទាំងឡាយ ។

ការ​រញ្ជួយ​ដី​ក៏​ញ័រ​កក្រើក​ផង​ដែរ​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ឥណ្ឌា ។ ចំណែក​វិទ្យាស្ថាន​ភូ​ក​ម្ព​សាស្ត្រ​អា​មេ​រិ​ក USG រាយការណ៍​ថា ការ​រញ្ជួយ​ដី​កម្លាំង​៦,៦​រី​ស្ទ័​រ​មួយ​កាលពី​រសៀល​ថ្ងៃ​ទី​១០ មេ​សា ធ្វើ​ឱ្យ​មានការ​ញ័រ​រញ្ជួយ​នៅ​កន្លែង​មួយ​ចម្ងាយ​៣៩​គីឡូម៉ែត្រ ពី​ទីក្រុង ASHKASHAN ខេត្ត BADAKHCHAN ភាគ​ឦសាន​អា​ហ្វ​ហ្គា​នី​ស្ថាន ។ ការ​រញ្ជួយ​ដី​នេះ​ស្ថិត​ក្នុង​ជម្រៅ​២១០,៩២​គីឡូម៉ែត្រ ។

ការ​ញ័រ​រញ្ជួយ​ខ្លាំង​ក៏​កើត​មាន​ផង​ដែរ​នា​វេលា​ម៉ោង​១៦​នៅ​ទីក្រុង​កា​ប៊ុល និង​ក្នុង​ផ្នែក​មួយ​ចំនួន​នៃ​ប្រទេស​ឥណ្ឌា ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​ឥណ្ឌា​ថា ការ​រញ្ជួយ​ខ្លាំង​កើត​មាន​ក្នុង​តំបន់ HINDOU KOUCH ពិសេស​ក្រុង​ស៊្រី​ណា​ហ្គា តំបន់​កា​ស្មៀ​រ​ឥណ្ឌា ៕