សហរដ្ឋ​អា​មេ​រិ​ក​ក៏​ដូច​រុ​ស្ស៊ី​ដែរ​អភិវឌ្ឍន៍​យ៉ាង​សកម្ម​គ្រឿង​សព្វាវុធ​រត់លឿន​ជាង​សំឡេង

សហរដ្ឋ​អា​មេ​រិ​ក​ក៏​មិន​ខុស​ពី​រុ​ស្ស៊ី​ដែរ​បាន​អភិវឌ្ឍន៍​យ៉ាង​សកម្ម​បំផុត​បណ្តា​បច្ចេកវិទ្យា​លឿន​ជាង​សំឡេង​ច្រើន​ដង រួច​មិន​រារែក​ឡើយ​ក្នុង​ការ​បង្ហាញ ឬ​ក៏៏​និយាយ​ពី​ការ​សាកល្បង ។

ពិត​ណាស់​សហរដ្ឋ​អា​មេ​រិ​ក​មិន​លាតត្រដាង​ដោយ​លម្អិត​ឡើយ​ពី​បច្ចេកទេស​នៃ​គម្រោង​ទាំងនេះ ។

ក្នុង​ចំណោម​គម្រោង​អភិវឌ្ឍន៍​គ្រឿង​សព្វាវុធ​រត់លឿន​ជាង​សំឡេង រួម​មាន​គម្រោង​ផលិត​មី​ស៊ី​ល​លឿន​ជាង​សំឡេង X-51 WARERIDER ។ ការ​សាកល្បង​មី​ស៊ី​ល​នេះ​ចាប់ផ្តើម​កាលពី​ឆ្នាំ​២០១០​រួច ក្នុង​ចំណោម​ការ​សាកល្បង​៤​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ B-52H មាន​តែ​ការ​សាកល្បង​ចុង​ក្រោយ​គេ​មួយ​ប៉ុណ្ណោះ ដែល​ទទួល​បាន​ជោគជ័យ​គឺ​ការ​សាកល្បង​នា​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១៣ ។ មី​ស៊ី​ល​នេះ​អាច​រត់​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​៥​ដង ឬ MACH 5 (៦.១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) ហោះ​ក្នុង​កម្ពស់​ប្រមាណ​ជា​១៨​គីឡូម៉ែត្រ ។ រយៈពេល​ត្រឹម​ជិត​៦​នាទី មី​ស៊ី​ល​នេះ​អាច​រត់​បាន​ចម្ងាយ​៤២៦​គីឡូម៉ែត្រ​។ វី​ដេ​អូ​ថត​ពី​ការ​សាកល្បង​នេះ​ត្រូវ​បាន​ចេញផ្សាយ​ឱ្យ​ចាប់​បាន​ដោយ​សេរី ។ មី​ស៊ី​ល​មុន​មី​ស៊ី​ល X-51 គឺ​មី​ស៊ី​ល X-43A ក៏​ជា​មី​ស៊ី​ល​គួរ​ឱ្យ​កត់សម្គាល់​ដែរ ។ មី​ស៊ី​ល​បណ្តែត​នោះ​រត់​បាន​ក្នុង​ល្បឿន​លឿន​បំផុត​ដល់ MACH 9,65 ក៏​ប៉ុន្តែ​ម៉ូ​ទ័​រ​របស់​មី​ស៊ី​ល​នេះ​អាច​ដំណើរ​បាន​ត្រឹម​ពី​១០​ទៅ​១១​វិនាទី​ប៉ុណ្ណោះ ។

សហរដ្ឋអាមេរិក​ក៏​ឈាន​ទៅ​សម្រេច​បានការ​រីក​ចម្រើន​ច្រើន​ឆ្ពោះទៅ​បង្កើត​មី​ស៊ី​ល​បណ្តែត​ប្រយុទ្ធ​មួយ ក៏​ប៉ុន្តែ​ពុំ​ដឹង​ថា ឈាន​ដល់​ដំណាក់​កាលណា​នៅឡើយ ព្រោះ​ព័ត៌មាន​នានា​ពី​រឿង​នេះ​ត្រូវ​គេ​រក្សា​ជា​ការ​សម្ងាត់ ។

ម្យ៉ាងវិញទៀត គម្រោង ADVANCED HYPERSONIC WEAPON (AHW) ឬ​អាវុធ​លឿន​ជាង​សំឡេង​ឈានមុខ ត្រូវ​បាន​ពង្រីក​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ផ្តួចផ្តើម​គំនិត PROMPT GLOBAL STRIKE ជា​កម្មវិធី​អា​មេ​រិ​ក​វាយប្រហារ​ពិភពលោក​យ៉ាង​រហ័ស ។ គ្រឿង​សព្វាវុធ​ប្រភេទ​នេះ សម្រាប់​ការ​វាយប្រហារ​ពុំ​មែន​នុយក្លេអ៊ែរ​ត្រូវ​បាន​បង្ហាញ​ក្រោម​រូបភាព​ជា​ក្បាល​គ្រាប់​រត់លឿន​ជាង​សំឡេង​ច្រើន​បាញ់​ចេញពី​កាំជ្រួច​បញ្ជូន STARS IV ដែល​កែ​ច្នៃ​ពី​អតីត​មី​ស៊ី​ល​របស់​នាវាមុជទឹក​រយៈ​មធ្យម UGM-27 POLARIS ក្នុង​ស្រទាប់​ខ្ពស់​នៃ​បរិយាកាស​មុន​នឹង​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ឆ្ពោះទៅ​រក​គោលដៅ ។ បណ្តា​វិស្វករ​យោធា​អា​មេ​រិ​ក​សង្ឃឹមថា អាច​ប្រើ​វា​កម្ទេច​បណ្តា​គោលដៅ​ស្ថិត​នៅ​ចម្ងាយ​រហូត​ដល់​៦.០០០​គីឡូម៉ែត្រ ពី​ចំណុច​បញ្ជូន ។ យោង​តាម​ពួក​យោធា​អា​េ​ម​រិ​កថា ការ​សាកល្បង​ដំបូង​នៃ AHW កាលពី​ឆ្នាំ​២០១១ ទទួល​បាន​ជោគជ័យ​ដោយ​ក្បាល​គ្រាប់​ដំបូង​អាច​រត់​បាន​ចម្ងាយ​៣.៧០០​គីឡូម៉ែត្រ ក្នុង​រយៈពេល​ត្រឹម​៣០​នាទី មុន​ពេល​ទៅ​ដល់​គោលដៅ ។ ការ​សាកល្បង​លើក​ទី​២​ក្នុង​ឆ្នាំ​២០១៤ ត្រូវ​បរាជ័យ ព្រោះ​ក្បាល​គ្រាប់​ត្រូវ​បំផ្លាញ​ដោយ​ខ្លួនឯង​ក្នុង​វិនាទី​ទី​៤ នៃ​ការ​ហោះហើរ ។

ម្យ៉ាងទៀត ក្រុមហ៊ុន​យក្ស​អា​េ​ម​រិ​ក LOCKHEED MARTIN ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ មីនា ឆ្នាំ​២០១៦ ថា កំពុងធ្វើការ​បង្កើត​យន្តហោះ​គ្មាន​មនុស្ស​បើក​ល្បឿន​ជាង​សំឡេង SR-72 ដែល​មាន​ល្បឿន​ដល់ MACH 6 ។ យោង​តាម​បណ្តា​តំណាង​នៃ​ក្រុមហ៊ុន​នេះ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​អាច​ឃើញ​នា​ពាក់កណ្តាល​ទស​វត្ស​ឆ្នាំ​២០២០ ដែល​មាន​តម្លៃ​យ៉ាងតិច​មួយ​គ្រឿង​មួយ​ពាន់​លាន​ដុល្លារ ។ ទំហំ​របស់​វា​ប្រហាក់ប្រហែល​គ្នា​នឹង​ទំហំ​យន្តហោះ​បំបាំងកាយ​ជំនាន់​ទី​៥ ធុន F-22 ដោយ​យន្តហោះ​នេះ​អាច​បំពេញបេសកកម្ម​ស៊ើបការណ៍ និង​បេសកកម្ម​វាយប្រហារ ។ ចំណែក​គម្រោង​យន្តហោះ​លឿន​ជាង​សំឡេង​ខ្លាំង HTV-3X ក្នុង​ក្រប​ខណ្ឌ​នៃ​កម្មវិធី FALCON ត្រូវ​បាន​ផ្អាក​កាលពី​ឆ្នាំ​២០០៨ ដោយ​ខ្វះ​មូលនិធិ​តែ​ហាក់ដូចជា​ចាប់​បន្ត​នា​ពេល​បច្ចុប្បន្ន ។

យោង​តាម​ប្រភព​ព័ត៌មាន​នានា​របស់​អា​េ​ម​រិ​ក​មិន​ថា រុ​ស្ស៊ី​ទេ ចិន បារាំង និង​ឥណ្ឌា ក៏​ធ្វើការ​ប្រណាំងប្រជែង​ខាង​គ្រឿង​សព្វាវុធ​លឿន​ជាង​សំឡេង​ដែរ ។ ចិន​កំពុងធ្វើការ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ហៅ​ក្បាល​គ្រាប់ WU-14 ដោយ​ពួក​អា​​មេ​រិ​ក ហើយ​ធ្វើការ​សាកល្បង​៦​លើក​រួច​ហើយ ដោយ​៥​លើក​ទទួល​បាន​ជោគជ័យ​មួយ​ផ្នែក​ឬ​ទាំងស្រុង ។ ឥណ្ឌា​ផលិត​មី​ស៊ី​លតា​ក់​ទិ​ក​ដី​-​ដី SHAURYA ដែល​អាច​រត់​បាន​ក្នុង​ល្បឿន MACH 7 ៕