ក្រោយ​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​ជប៉ុន​ជួប​ប្រទះ​នឹង​គ្រោះ​បាក់​ដី​ទៀត

បណ្តា​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​១៧ មេ​សា បាន​ខិតខំ​ដុតដៃដុតជើង​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​នៃ​ការ​បាក់​ដី​ថ្មី​ៗ​ក្រោយ​ការ​រញ្ជួយ​ដី​មួយ​ចំនួន​នៅ​ភាគ​និរតី​ជប៉ុន ។ កង​យន្តហោះ​អា​មេ​រិ​ក​ក៏​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ដែរ ។

ការ​រញ្ជួយ​ដី​លើក​ទី​មួយ​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៤ មេ​សា ហើយ​ការ​រញ្ជួយ​ដី​លើក​ទី​២​ដែល​ខ្លាំង​ជាង​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​១៥ មក​១៦ មេ​សា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤២​នាក់ ។ យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន JIJI PRESS ថា ក្រៅពី​អ្នក​ស្លាប់ មនុស្ស​ជា​ច្រើន​នាក់​នៅ​តែ​បាត់​ខ្លួន​ជាមួយ​ការ​ភ័យ​ខ្លាច​ថា មនុស្ស​ទាំងនេះ​អាច​នៅ​រស់រាន​មានជីវិត​ក្រោម​គំនរ​បាក់បែក​នៃ​ផ្ទះ​ទាំងឡាយ​ដែលរ​លំបាក់ ឬ​កប់​ដោយសារ​ដី​បាក់ ។ ម្យ៉ាងទៀត​មនុស្ស​ជិត​១.០០០​នាក់​រង​របួស ក្នុង​នោះ​១៨៤​នាក់​របួសធ្ងន់ ។ នៅ​តំបន់​ភ្នំ MINAMI-ASO ដែល​ភក់​ហូរ​ធ្លាក់​អ្នក​ជួយ​សង្គ្រោះ​ជា​ច្រើន​សិប​នាក់​នាំ​គ្នា​កាយ​គំនរ​បាក់បែក និង​កាយ​ភក់​ដោយ​ប៉ែល ក្រោម​កំ​ដៅ​ថ្ងៃ​ក្តៅហែង​ក្រោយ​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង។

ការ​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ញ៉ាំង​ឱ្យ​មានការ​បាក់​ដី​ធំ​ៗ​កប់​ផ្ទះសម្បែង ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង រួច​អគារ​ទំនើប​ៗ​ហ៊ុម​ព័ទ្ធ​ដោយ​គំនរ​បាក់បែក ។ រូបភាព​ពីលើ​អាកាស​នានា​បង្ហាញ​ពី​ស្ពាន​តាម​ផ្លូវថ្នល់​ធំ​មួយ​បាក់​ធ្លាក់ ។

រដ្ឋាភិបាល​ជប៉ុន​បាន​បញ្ជូនទាហាន ព្រមទាំង​អ្នក​ជួយ​សង្គ្រោះ​ឯទៀត​ៗ​ប្រមាណ​ជា​២៥.០០០​នាក់ ទៅ​កាន់​បណ្តា​តំបន់​រង​គ្រោះ​។ រដ្ឋមន្ត្រី​ការពារ​ប្រទេស​ជប៉ុន លោក​ណា​កា​តានី បញ្ជាក់​ថា កងទ័ព​អា​មេ​រិ​ក​នា​ថ្ងៃ​ទី​១៨ មីនា នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ទម្លាក់​ជំនួយ​មនុស្សធម៌​នៅ​តាម​បណ្តា​តំបន់​រង​ការ​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ ។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មានការ​ញ័រ​រញ្ជួយ​ដល់​ជាង​៤០០​លើក​នៅ​គូ​ម៉ា​ម៉ូតូ ព្រមទាំង​តំបន់​ឯទៀត​ៗ​នា​ភាគ​កណ្តាល​កោះ​ឃ្យូ​ស៊ូ​៕