យន្តហោះ​ប៉ះ​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​នៅ​ព្រ​លាន​យន្តហោះ​ក្រុង​ឡុ​ង​ដ៍

អ្នកនាំពាក្យ​ម្នាក់​នៃ​ប៉ូលិស​ក្រុង​ឡុ​ង​ដ៍​រាយការណ៍​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ BRITISH AIRWAYS កាលពី​ថ្ងៃ​ទី​១៧ មេ​សា បាន​ប៉ះ​នឹង​របស់​មួយ​ដែល​គេ​សន្មត់​ថា ជា​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង ពេល​យន្តហោះ​នេះ​ត្រៀម​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ HEATHROW ក្រុងឡុ​ង​ដ៍ ។

អ្នក​បើក​យន្តហោះ​នេះ​ដែល​ហោះ​មក​ពី​ទីក្រុង​ហ្សឺ​ណែវ​រាយការណ៍​ប្រាប់​ប៉ូលិស​ថា យើង​យល់​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​បាន​ប៉ះ​នឹង​យន្តហោះ​របស់​យើង ។ យន្តហោះ​ដែល​ដឹក​អ្នកដំណើរ​១៣២​នាក់ និង​សមាជិក​ក្រុម​យានិក​៥​នាក់​នេះ​អាច​ចុះ​ចត​ដោយ​គ្មាន​បញ្ហា ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ BRITISH AIRWAYS គូសបញ្ជាក់​ថា យន្តហោះ​នេះ​ត្រូវ​ធ្វើការ​ត្រួតពិនិត្យ​ទាំងស្រុង​ក្រោយ​ការ​ចុះ​ចត ហើយ​វា​អាច​ប្រើ​សម្រាប់​ហោះហើរ​នា​ពេល​ខាង​មុខ ។

យោង​តាម​ទីភ្នាក់ងារ​សន្តិសុខ​អាកាស UK AIRPROX BOARD ថា រយៈពេល​៦​ខែ​ចុង​ក្រោយ​នេះ​គឺ​រវាង​ពី​ខែមេសា ទៅ​ខែតុលា ឆ្នាំ​២០១៥ ការ​បុក​គ្នា​អាច​គេច​ផុត​យ៉ាង​ប្រផិតប្រផើយ​ដល់​ទៅ​២៣​លើក​នៅ​តាម​ព្រ​លាន​យន្តហោះ​អង់គ្លេស​ទាំងឡាយ ។ រួច​កាលពី​ថ្ងៃ​ទី​២២ កញ្ញា យន្តហោះ​ប៊ូ​អុ​ី​ង​៧៧៧​មួយ​គ្រឿង បាន​ហោះ​យ៉ាង​ប្រកិត​គ្នា​បំផុត​ជាមួយ​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​ពេល​ហោះ​ឡើង ។

ថ្ងៃ​ទី​៣០ កញ្ញា ឆ្នាំ​២០១៥ យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​បាន​ហោះហើរ​ប្រផិត​គ្នា​ឃ្លាត​ត្រឹម​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​ពី​យន្តហោះ AIRBUS A 320 មួយ​គ្រឿង​ដែល​ចុះ​ចត​នៅ​ព្រ​លាន​យន្តហោះ HEATHROW ៕