កិច្ចប្រជុំ​របស់​បណ្តា​ប្រទេស​ផលិត​ប្រេង​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ប្រេង​ចុះថ្លៃ

បណ្តា​ប្រទេស​ផលិត​ប្រេង​ដែល​រួម​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ទី​១៧ មេ​សា នៅ​ទីក្រុង​ដូ​ហា ប្រទេស​កា​តា ពុំ​សម្រេច​បាន​កិច្ចព្រមព្រៀង​ដើម្បី​កម្រិត​ការ​ផលិត​ប្រេង​ឆៅ​ឡើយ ។ ក្រោយ​ការ​ប្រកាស​ពី​បរាជ័យ​នេះ​តម្លៃ​ប្រេង​ឆៅ​បាន​ធ្លាក់​ចុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា ក្នុង​បណ្តា​ទីផ្សារ​ប្រេង​នៅ​អាស៊ី ។

ក្រោយ​កិច្ចប្រជុំ​រយៈពេល​៦​ម៉ោង រដ្ឋមន្ត្រី​ថាមពល​កា​តា​ប្រកាស​ថា កិច្ចចរចា​ក្រុង​ដូ​ហា​បាន​បញ្ចប់​ដោយ​គ្មាន​កិច្ចព្រមព្រៀង ។ រដ្ឋមន្ត្រី​រូប​នេះ​លោក MOHAMMED BEN SALEH AL SADA ថ្លែង​ថា ប្រទេស​ទាំង​១៦​ជា​សមាជិក និង​ពុំ​មែន​សមាជិក​របស់​អង្គការ​បណ្តា​ប្រទេស​នាំ​ប្រេង​ចេញ OPEC ត្រូវការ​ពេលវេលា​បន្ថែម​ទៀត ។ ពុំ​មាន​កាលបរិច្ឆេទ​កំណត់​ណាមួយ​សម្រាប់​កិច្ចប្រជុំ​ថ្មី​ឡើយ ។

ទោះបី​យ៉ាងណា បណ្តា​រដ្ឋមន្ត្រី​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ថ្លែង​គាំទ្រ​គម្រោង​កិច្ចព្រមព្រៀង​មួយ​ដែល​គ្រោង​ផ្អាក​រហូត​ដល់​ខែតុលា ផលិតកម្ម​ប្រេង​ឆៅ​មក​ត្រឹម​កម្រិត​ផលិតកម្ម​ខែមករា ដើម្បី​ធ្វើ​ឱ្យ​ទីផ្សារ​ប្រេង​មាន​ស្ថេ​រ​ភាព ហើយ​ជួយ​ទ្រទ្រង់​ដល់​តម្លៃ​ប្រេង​ដែល​ធ្លាក់​ចុះ​ដោយសារ​ការ​ផ្គត់ផ្គង់​មាន​ច្រើន​ជ្រុល ។

ការ​ខ្វែងគំនិត​គ្នា​រវាង​អីុ​រ៉​ង់ និង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ជា​គូប្រជែង​ធំ​២​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​បាន​ផ្ទុះ​តាំងពី​មុន​ចាប់ផ្តើម​កិច្ចប្រជុំ​ក្រុង​ដូ​ហា​ទៅ​ទៀត ។ ក្នុង​បទ​សម្ភាសន៍​មួយ​ចេញ​ផ្សាយ​​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន BLOOMBERG រាជទាយាទ​រង​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ព្រះ​អង្គ​ម្ចាស់ MOHAMMED BEN SALMANE ធ្លាប់​អះអាង​ថា ប្រទេស​របស់​ទ្រង់​នឹង​ពុំ​ផ្អាក​ផលិត​កម្ម​ប្រេង​ឆៅ​ឡើយ បើ​ដរាបណា​អីុរ៉​ង់​ពុំ​ធ្វើ​ដូច​គ្នា​នោះ​ទេ ។ កាលពី​ថ្ងៃ​ទី​១៧ មេ​សា អីុរ៉​ង់​ឱ្យ​ដឹង​ថា ខ្លួន​នឹង​មិន​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​កា​តា​ឡើយ ៕