កូរ៉េ​ខាងត្បូង​តាម​ឃ្លាំមើល​ការ​សាកល្បង​នុយក្លេអ៊ែរ​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង

ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​កាលពី​ថ្ងៃ​ទី​១៨ មេ​សា ថា កងទ័ព​របស់​ខ្លួន​តាមដាន​យ៉ាង​ប្រកិត​ការ​សាកល្បង​នុយក្លេអ៊ែរ​ក្រោម​ដី​ជាយថាហេតុ​របស់​កូរ៉េ​ខាងជើង ពីព្រោះ​តែ​មាន​សកម្មភាព​យ៉ាង​មមាញឹក​នា​ពេល​ថ្មី​ៗ​នេះ នៅ​ទីតាំង​សាកល្បង​នុយក្លេអ៊ែរ​សំខាន់​របស់​ប្រទេស​នេះ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​ថ្លែង​ថា វា​មាន​លទ្ធភាព​ដែល​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី បើ​ផ្អែក​លើ​សកម្មភាព​ទាំងឡាយ​នា​ពេល​ថ្មី​ៗ​នេះ និង​ថា​កងទ័ព​តាមដាន​សភាពការណ៍​យ៉ាង​ប្រកិត ។

ពួក​អ្នក​សង្កេតការណ៍​គិត​ថា កូរ៉េ​ខាងជើង​នឹង​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៥ ព្រោះ​មេដឹកនាំ​ប្រទេស​នេះ លោក​គី​ម ជុង​អ៊ុ​ន បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​១៥ មីនា ឱ្យ​ធ្វើការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ព្រមទាំង​កាំជ្រួច​បាលី​ស្ទិ​ក​ដែល​អាច​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​នេះ ។

ក្រុង​ព្យុ​ង​យ៉ាង​បាន​ធ្វើការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​ឈ្មោះ MUSUDAN ជា​លើក​ដំបូង​កាលពី​ថ្ងៃ​ទី​១៥ មេ​សា ក៏​ប៉ុន្តែ​ការ​សាកល្បង​នេះ​ត្រូវ​បរាជ័យ ។ មី​ស៊ី​ល​បាន​ផ្ទុះ​ពេល​កំពុង​ហោះហើរ​ក្រោយ​បាញ់​ចេញពី​ជើង​ទម្រ​ចល័ត​មួយ ៕