ផ្ទុះ​គ្រាប់បែក​ក្នុង​រថយន្ត​បឺស​មួយ​នៅ​ក្រុង​ហ្សេ​រុយ​សា​ឡឹម​របួស​21​នាក់

ការ​ផ្ទុះ​មួយ​កើត​មាន​កាលពី​ចុង​រសៀល​ថ្ងៃ​ទី​១៨ មេ​សា ក្នុង​រថយន្ត​បឺស​មួយ​ដែល​រត់​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ។ យោង​តាម​ប៉ូលិស​ថា មនុស្ស​២១​នាក់ បាន​ត្រូវ​របួស​ក្នុង​នោះ​២​នាក់ របួសធ្ងន់ ។

យោង​តាម​លទ្ធផល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​ថា គ្រាប់បែក​បាន​ផ្ទុះ​នៅ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​បឺស​នេះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ។ រថយន្ត​បឺស​មួយទៀត​ដែល​នៅ​ក្បែរ​គ្នា​ក៏​រង​ការ​បំផ្លាញ​ដោយសារ​កម្លាំង​ផ្ទុះ​ដែរ ។ នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​ងែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​សន្យា​ថា ភ្នាក់ងារ​សន្តិសុខ​នឹង​តាម​ស្វែងរក​ចាប់ខ្លួន​ពួក​អ្នក​វាយ​ប្រហារ និង​ពួក​អ្នក​នៅ​ពីក្រោយ ។ ក្រុម​ប្រដាប់​អាវុធ​ប៉ា​ឡេ​ស្ទី​ន​ទាំងអស់ ពិសេស​ក្រុម​ហា​ម៉ាស់​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ការ​វាយប្រហារ​នេះ ។

កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១២ ការ​វាយប្រហារ​មួយ​ប្រហាក់ប្រហែល​គ្នា​នេះ​កើត​មាននៅ​កណ្តាល​ទីក្រុង​តែ​ល​អា​វីវ បណ្តាល​ឱ្យ​មនុស្ស​២៨​នាក់​រង​របួស ។

ការ​វាយប្រហារ​នេះ​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​កើត​មាន​ខណៈ​ដែល​បណ្តា​អ្នក​ទទួលខុសត្រូវ​ខាង​សន្តិសុខ​អុ​ី​ស្រា​អែ​ល​កត់សម្គាល់​ឃើញ​មានការ​ចុះ​ថយ​ច្រើន​នៃ​អំពើ​ហិង្សា​របស់​ពួក​ប៉ា​ឡេ​ស្ទី​ន ។ ទោះបី​យ៉ាងណា បណ្តា​អ្នក​ទទួលខុសត្រូវ​ទាំងនេះ​យល់​ថា អំពើ​ហិង្សា​អាច​កើត​មាន​ច្រើន​ទៀត ពេល​បុណ្យ PÂQUE របស់​ពួក​ជ្វី​ហ្វ​ហៅ PESSAH ជិត​មក​ដល់​គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​២៣ មេ​សា ទៅ ។ នោះ​ជា​ដំណាក់កាល​នៃ​ភាព​តានតឹង​ជា​ប្រពៃណី​នៅ​តាម​កន្លែង​គោរព​បូជា​ទាំងឡាយ ពិសេស​នៅ ESPLANADE នៃ​ព្រះ​វិហារ។

ទន្ទឹម​នឹង​នេះ​ដែរ នា​ថ្ងៃ​ទី​១៨ មេ​សា នោះ​កងទ័ព និង​រដ្ឋាភិបាល​អីុ​ស្រា​អែ​ល​រៀបរាប់​ពី​ការ​រក​ឃើញ ហើយ​កម្ទេច​ចោល​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​វាយប្រហារ​មួយ កសាង​ឡើង​ដោយ​ក្រុម​ហា​ម៉ាស់​នៅ​ភាគ​ខាងត្បូង​ជ្រោយ​ហ្គា​ហ្សា​សំដៅ​មក​អីុស្រា​អែ​ល ៕