វាយប្រហារ​អត្តឃាត​មួយ​នៅ​ក្រុង​កា​ប៊ុល​ស្លាប់ និង​របួស​ច្រើន​នាក់

ការ​វាយប្រហារ​អត្តឃាត​ប្រើ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​មួយ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ពួក​តា​លី​បង់កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ េ​ម​សា នៅ​កណ្តាល​ក្រុង​កា​ប៊ុល រដ្ឋធានី​អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​នៅ​ទីនោះ​កងកម្លាំង​សន្តិសុខ​បាន​បាញ់​តតាំង​ជាមួយ​ពួក​បះបោរ ។ ការ​វាយប្រហារ​នេះ​កើត​មាន​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​ការ​ប្រកាស​ពី​ការ​វាយលុក​និទាឃ​រដូវ​របស់​ពួក​តា​លី​បង់ ។

អាជ្ញាធរ​អា​ហ្វ​ហ្គា​នី​ស្ថាន​នៅ​ពុំ​ទាន់​បញ្ជាក់​ពី​ចំនួន​ជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នេះ​របស់​ពួក​តា​លី​បង់​នៅ​ក្រុង​កា​ប៊ុល​ឡើយ ក្រោយ​ពី​ពួក​នេះ​ប្រកាស​ចាប់ផ្តើម​រដូវ​ប្រយុទ្ធ​របស់​ពួក​គេ​មក ។ ក៏​ប៉ុន្តែ​ប្រធានាធិបតី​អា​ហ្វ​ហ្គា​នី​ស្ថាន លោក​អា​ស្ត្រា​ហ្វ ហ្គា​នី​យ៉ា លើក​ឡើង​ពី​អ្នក​ស្លាប់ និង​របួស​ជា​ច្រើន​នាក់ ដែល​តាម​ក្រសួងសុខាភិបាល​ថា​អ្នក​របួស​មាន​ដល់​ជាង​២០០​នាក់​ឯណោះ ។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​ទាំង​ជន​ស៊ី​វិល ទាំង​សមាជិក​កងកម្លាំង​សន្តិសុខ ។

យោង​តាម​អ្នកនាំពាក្យ​របស់​ពួក​តា​លី​បង់​ថា យុទ្ធ​ជន​ពួក​គេ​បាន​លុក​ចូល​ខាងក្នុង​ប្លុក​អគារ​រដ្ឋ​មួយ​ដែល​មាន​ទីស្នាក់ការ​របស់​ភ្នាក់ងារ​សន្តិសុខ​ជាតិ ។ ការ​បាញ់​ត​គ្នា​កើត​មាននៅ​ក្បែរ​អគារ​នោះ ។

លោក​ស៊ី​ឌី​ក​ស៊ី​ឌី​កា​គី អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​អា​ហ្វ​ហ្គា​នី​ស្ថាន​គូសបញ្ជាក់​ថា ការ​ផ្ទុះ​ដំបូង​គឺ​ដោយសារ​ការ​វាយប្រហារ​អត្តឃាត​បំផ្ទុះ​រថយន្ត​មួយ រួច​ពួក​បះបោរ​ម្នាក់ ឬ​២​នាក់ អាច​បាញ់​តតាំង​ជាមួយ​កងកម្លាំង​សន្តិសុខ ៕