មាន​កូន៦​នាក់ តែ​ដល់​ពេល​ចាស់​ដាក់​ជញ្ជីង​យក​លុយ​ចិញ្ចឹម​ជីវិត

នៅមុខព្រះបរមរាជវាំង និងក្បែរទីសក្ការព្រះអង្គដង្កើ ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋទៅលំហែកាយនាពេលល្ងាចតែក្នុងនោះក៏មានបុរសវ័យ៧១ឆ្នាំម្នាក់ កំពុងរង់ចាំអតិថិជនមកថ្លឹងជញ្ជីងដើម្បីយកប្រាក់បន្តិចបន្តួចមកចិញ្ចឹមជីវិត បើទោះបីមានកូនប្រុសស្រីដល់ទៅ ៦នាក់។

មាន​កូន៦​នាក់ តែ​ដល់​ពេល​ចាស់​ដាក់​ជញ្ជីង​យក​លុយ​ចិញ្ចឹម​ជីវិត

លោកតា មាស សុផល ដែលមានស្រុកកំណើតនៅភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានឱ្យដឹងថាសព្វថ្ងៃគាត់សម្រាកនៅរោងកាហ្វេ នៅវាលព្រះមេរុ ហើយរបរនេះគាត់អាចរកបានត្រឹមតែមួយម៉ឺនរៀល រីឯចំណាយលើការបរិភោគប្រហែល៧ពាន់រៀលទៅហើយក្នុងថ្ងៃ។ លោកតាបាននិយាយថា៖ “ខ្ញុំដេកនៅវាលមេរុ…ដេកនៅអារោងកាហ្វេគេ… មួយថ្ងៃរកបាន ១ម៉ឺន ជួនកាលលើសអូន… បើចាយវិញខ្ទង់ទាំងព្រឹក ទាំងថ្លៃកាហ្វេ ទាំងអីចូលប្រហែលជា៧ ៨ពាន់”។

លោកតាបានបន្តទាំងបើកភ្នែកពុំសូវរួចទៀតថា កាលពីមុនធ្លាប់ធាក់ស៊ីក្លូ តែដោយសារកម្លាំងមិនអំណោយផលក៏ប្ដូររបរ។ លោកតាបានប្រាប់ទៀតថា គាត់មកភ្នំពេញដោយសារខ្វះថវិកា។ “ខ្ញុំគ្មានធ្វើអីទេ កាលពីមុន ខ្ញុំធាក់ស៊ីក្លូ ដល់យើងចាស់ទៅ ធាក់ស៊ីក្លូវាមិនកើតក៏មកហ្នឹងផ្លាស់កម្មវិធីនឹងទៅ…ដោយសារខ្វះលុយកាក់ដើម្បីដោះស្រាយជីវភាពមួយចំណែក ហើយមួយចំណែកទៀតខ្វះលុយធ្វើបុណ្យធ្វើទាន។” សម្ដីលោកតា។

និយាយពីស្ថានភាពគ្រួសារវិញ លោកតាដែលមករស់នៅម្នាក់ឯងនេះបន្តថា ភរិយារបស់គាត់ជាកសិករ ហើយមានកូន៦នាក់ ដោយប្រកបរបរជាកសិករ និងអ្នករត់ម៉ូតូឌុប តែកូនៗពុំមានលទ្ធភាពអាចជួយសម្រាកជីវភាពគាត់បានទេ។ លោកតាបាននិយាយថា៖ “(ប្រពន្ធ)បាទមានតើ…មានធ្វើអីទេធ្វើស្រែធ្វើចម្ការនៅស្រុក…កូន៥ ៦នាក់ ហើយគេខ្លះ គេនៅធ្វើស្រែ ខ្លះគេមករត់ម៉ូតូឌុបអ៊ីចឹងដែរ…ពួកគាត់(កូន)ដោះស្រាយតែខ្លួនគាត់ ចិញ្ចឹមតែគ្រួសារគេគ្មានបានជួយទេព្រោះវាគ្មាននែទំនប់គ្រួសារគេ”។

លោកតា សុផលបានប្រាប់ទៀតថា មូលហេតុអាកាសធាតុនិងទិន្នផលធ្លាក់ចុះ ទើបបណ្ដាលឱ្យគាត់មានជីវភាពដល់សព្វថ្ងៃ។ “មូលហេតុហ្នឹងដូចថា មេឃក៏រាំង ធ្វើស្រូវក៏មិនសូវបាន ម្យ៉ាងទៀតផលក៏បានតិច ហើយខាត ទិញអារបស់គេវាថ្លៃ ថ្លៃជីថ្លៃប្រេងអី”។ សម្ដីលោកតា។

យ៉ាងណាមិញ លោកតាបានប្រាប់ថា ភ្នំពេញអាចជាក្ដីសង្ឃឹមរបស់គាត់ ក្នុងការជួយសម្រាលជីវភាពដោយសារតែមានមនុស្សច្រើន និងអាចប្រកបរបរអ្វីផ្សេងៗទៀត៕

ប្រភព៖ sabay

  • មាន​កូន៦​នាក់ តែ​ដល់​ពេល​ចាស់​ដាក់​ជញ្ជីង​យក​លុយ​ចិញ្ចឹម​ជីវិត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/24  Category:កំសាន្ត
Tags: