លោក​អើយ​លោក ! បើកឡាន​បណ្ដើរ​ប្រឡែង​ជាមួយ​ស្រី​ស្នេហ៍​បណ្ដើរ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​បណ្ដើរ​ប្រឡែង​លេង​ជាមួយ​ស្រី​ស្នេហ៍​បណ្ដើរ បណ្ដាល​ឲ្យ​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​ខ្ទាត​ទៅ​ចិញ្ចើម​ផ្លូវ ហើយ​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​បាន​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​១​គ្រឿង​ទៀត រួច​បន្ត​ទៅ​បុក​របង​ផ្ទះ​ឧកញ៉ា​មួយ​រូប​ទៀត​ទើប​រថយន្ត​ទៅ​មុខ​លែង​រួច ។ គ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង នៅ​ចំណុច​មុខ​ផ្ទះ​ឧកញ៉ា ហ៊ុន តូ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

ប្រភព​ព័ត៌​មាន​បាន​ឲ្យដឹងថា អ្នកបើកបរ​រថយន្ត​បង្ក​ម៉ាក ឡិច​ស៊ី​ស RX3០០ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AC-3221 មានឈ្មោះ ហេង ដា​រ៉ូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ស្ត្រី​២​នាក់​ទៀត ជិះ​រថយន្ត​ម៉ាក ឡិច​ស៊ី​ស RX300 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ដូច​ហោះ ខណៈ​មក​ដល់​ចំណុច​ខាងលើ​រវល់​តែ​ប្រឡែង​គ្នា​ជាមួយ​ស្រី​ស្នេហ៍​នៅ​ក្នុង​រថយន្ត​ក៏​បាន​រេច​ង្កូ​ច​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​មួយ​កង់​ផ្លោង​ទៅ​ចិញ្ចើម​ផ្លូវ ចំណែក​រថយន្ត​បង្ក​មិន​ទាន់​អស់​ល្បឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បើក​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​ម៉ូតូ​ក្រឡាប់​ខូចខាត និង​រង​របួសស្រាល ហើយ​រថយន្ត​បង្ក​ជ្រុល​ទៅ​បុក​នឹង​របង​ដែល​មាន​រូបចំលាក់​នៅ​តាម​ជញ្ជាំង​ផ្ទះ​របស់​ឧកញ៉ា​មួយ​រូប​បណ្តាល​ឲ្យ​ខូចខាត​ផង​ដែរ ទើប​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​នឹង​ផ្ទុះ​ពោង​សុវត្ថិភាព​ទាំង​សងខាង​ទៅ​មុខ​លែង​រួច ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកប​រថយន្ត​បង្ក​នៅ​កន្លែង​កើតហេតុ​បាន​បន្តិច​ក៏​ត្រូវ​មិត្ត​ភ​ក្កិ​មក​ដឹក​យក​ទៅ​បាត់ នៅ​សល់​តែ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​វាស់វែង​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕