ស្ងាត់​ៗ​ដោះ​លែង លោក ស៊ឹង ប៊ុ​ណ្ណា

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​​ថា អគ្គនាយក​ក្រុមហ៊ុន ប៊ុ​ណ្ណា រៀល​ធី​គ្រុប លោក ស៊ឹង ប៊ុ​ណ្ណា ត្រូវ​បាន​តុលាការ​សម្រេច​ចេញ​ដីកា​ឱ្យ​នៅ​ក្រៅ​ឃុំ​ហើយ​នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​២៣ ខែមិថុនា ២០១៦​ បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ PJ ជិត​ពី​រស​ប្តា​ហ៍​នោះ​រួច​មក ។

ដោយឡែក​ប្រភព​ពី​មន្ត្រី​អនុរក្ស​ព​ន្ឋ​នាគារ​រាជធានី​ភ្នំពេញ​នោះ​វិញ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា លោក ស៊ឹង ប៊ុ​ណ្ណា ពិតជា​ត្រូវ​បាន​ដោះ​លែង​មែន ប៉ុន្តែ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ ហើយ​ថា​ពេល​ដើរ​ចេញពី​បន្ទប់​ឃុំឃាំង​ឡើង​រថយន្ត លោក​ស៊ឹង ប៊ុ​ណ្ណា មិន​បាន​ថ្លែង​អ្វី​ទៅ​កាន់​អ្នក​សារព័ត៌មាន​នោះ​ទេ ដោយ​លោក​គ្រាន់តែ​និយាយ​ថាឱ្យ​ទៅ​សួរ​មេធាវី​របស់​លោក​ទៅ ។

ជន​ត្រូវ​ចោទ​លោក ស៊ឹង ប៊ុ​ណ្ណា ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ២០១៦ ក្រោយ​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​» យោង​តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

លោក​អគ្គនាយក​ក្រុមហ៊ុន ប៊ុ​ណ្ណា រៀល​ធី​គ្រុប ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​វាយតម្លៃ​អចលនទ្រព្យ​ដ៏ល្បី​នៅ​កម្ពុជា ត្រូវ​បាន​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទ​ណ្ឌក្រសួង​មហាផ្ទៃ ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា​ ពាក់ព័ន្ធ​នឹង​ករណី​ចេញ​មូលប្បទានប័ត្រ​(​សែក​)គ្មាន​សាច់ប្រាក់ចំនួន​៤០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ទៅ​ឱ្យ​ដើមបណ្ដឹង​លោកស្រី កែវ ហ៊ុន ៕