U16 ​កម្ពុជា​នឹង​សាក​កម្លាំង​ជាមួយ U16 ​ថៃ​នៅ​ល្ងាច​នេះ

​ល្ងាច​នេះ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ​១៦​ឆ្នាំ (U16) ​នឹង​ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ថៃ​ក្រោម​អាយុ​១៦​ឆ្នាំ ​​​នៅ​ Nongjok National Training Center ប្រទេស​ថៃ ​ដើម្បី​ជា​ការ​ដក​ស្រង់​បទ​ពិសោធន៍​ត្រៀម​ខ្លួន​ចូល​ប្រកួត​ពាន​រង្វាន់ AFF U-16 Championship 2016 ។

 

U16 ​កម្ពុជា​នឹង​សាក​កម្លាំង​ជាមួយ U16 ​ថៃ​នៅ​ល្ងាច​នេះ

 

​កម្ពុជា​បាន​បោះ​ជំរំ​ហ្វឹកហាត់​​​នៅ​ប្រទេស​ថៃ​ជិត​មួយ​សប្ដាហ៍​មក​ហើយ ដោយ​ពេល​កន្លង​មក​នេះ ពួកគេ​បាន​ប្រកួត​មិត្តភាព​២​ប្រកួត​គឺ​ចាញ់​ក្រុម​យុវជន​ថនបូរី​ថៃ (Thonburi) ​២-០ ​និង​ឈ្នះ​ក្រុម​ឆនបូរី (Chunbory) ​ដោយ​លទ្ធផល ៥-១ ។ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​របស់ U16 ​កម្ពុជា​មុន​មក​មាតុភូមិ​វិញ​នេះ​គឺ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ U16 ​ជម្រើស​ជាតិ​ថៃ​នៅ​ល្ងាច​នេះ​តែ​ម្ដង។

 

ការ​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស​នេះ គឺ​ក្រុម​ U16 ​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ប្រកួត​ក្នុង​ពាន​រង្វាន់ AFF U-16 Championship 2016 ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១០​ខែ​ក្រោយ​នេះ ដោយ​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ដោយ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​នេះ​ទៀត​សោត ​លោក INOUE KAZUNORI ​គ្រូ​បង្គោល​ជន​ជាតិ​ជប៉ុន​ដែល​ទើប​តែ​មក​ដឹក​នាំ​ឈុត U16 ​កម្ពុជា​ ​ជឿជាក់​លើ​សមត្ថភាព​កូន​ក្រុម​​របស់​ខ្លួន ដោយ​រំពឹង​ថា​អាច​ឆ្លង​ផុត​វគ្គ​ចែក​ពូល។

 

ពាន​រង្វាន់​ខាង​លើ​នេះ​មាន​១១​ប្រទេស​ចូល​រួម​ប្រកួត ​ត្រូវ​បែងចែក​ជា​២​ពូល ដោយ​ពូល A ​មាន​មីយ៉ាន់ម៉ា អូស្ត្រាលី ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម និង​សិង្ហបុរី ខណៈ​​ពូល B ​មាន​ម្ចាស់​ផ្ទះ​កម្ពុជា ឡាវ ថៃ ទីម័រ ​និង​ប្រ៊ុយណេ។ ដោយ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ការ​ប្រកួត នឹង​ប្រើ​ទីលាន​២​ ​​​គឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ស្ដាត​ចាស់៕

 

អត្ថបទ៖ មុន្នី រម្យ