មហាជន​រិះគន់​សមត្ថកិច្ច បង្ក្រាប​ល្បែងស៊ីសង​តែ​មួយ​ចំអិន​កំពឹស

ខេត្តកំពង់ឆ្នាំង ៖​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ពិសេស​ប្រជាពលរដ្ឋ រស់នៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​ធ្វើការ​រិះគន់​ចំពោះ​ចំណាត់ការ​បង្ក្រាប​ល្បែងស៊ីសង របស់​សមត្ថកិច្ច​នគរបាល​ថា គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល និង​បាន​មួយ​ចំអិន​កំពឹស ក៏​ស្រាប់តែ​ដោះ​លែង​ទាំង​ម្ចាស់ផ្ទះ ទាំង​រថយន្ត និង​ម៉ូតូ​ជា​ច្រើន​គ្រឿង ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ជា​ថ្នូរ​នឹង​លាភសក្ការៈ ពី​អ្នក​ញៀន​ល្បែងស៊ីសង​ខាងលើ​នេះ តើ​ឯណា​ទៅ​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​អគ្គស្នងការ​នគរបាល​ជាតិ និង​ប្រមុខ​រាជរដ្ឋាភិបាល ។

ប្រជាពលរដ្ឋ បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​សមត្ថកិច្ច នគរបាល បាន​បង្ក្រាប​ល្បែងស៊ីសង ដុះ​ស្លែ​មួយ​កន្លែង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ក្នុងភូមិ​ស្វាយ​ជ្រុំ​ថ្មី ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ដោយ​បាន​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ម្នាក់ ឈ្មោះ ខេ​ង គុណ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន បៀ​២​ហ៊ូ កម្រាល​សម្រាប់​លេង​២ ម៉ូតូ​១២​គ្រឿង រថយន្ត​តូ​យ៉ូ​តា​តា​កូ​ម៉ា​១​គ្រឿង ប្រាក់​ខ្មែរ​៩០​ម៉ឺន​រៀល ប្រាក់​ដុល្លា​២២​ដុល្លា ក្រដាស់​កត់​កន្ទុយលេខ​ឆ្នោត​២​សន្លឹក គ្រាប់ និង​ដងកឺ​ប៊ី​យ៉ា​មួយ​ចំនួន ។

ប៉ុន្តែ​ក្រោយមក សមត្ថកិច្ច​បាន​ដោះ​លែង ទាំង​ម្ចាស់ផ្ទះ​ទាំង​ម៉ូតូ និង​រថយន្ត ដោយ​គ្រាន់តែ​ឲ្យ​ម្ចាស់​ម៉ូតូ និង​រថយន្ត យក​ប្រាក់​មក​លោះ យក​មធ្យោបាយ​ទាំងនោះ រួច​ឲ្យ​ត្រឡប់​ទៅ​វិញ​តែ​ប៉ុណ្ណោះ ចំណែក​ម្ចាស់ផ្ទះ ក៏​បាន​ឲ្យ​ត្រឡប់​ទៅ​វិញ​ដែរ ដោយ​មិន​បាន​ចាត់ការ​តាម​ផ្លូវច្បាប់​នោះ​ឡើយ ។

ជុំវិញ​បញ្ហា​ដោះ​លែង ម្ចាស់ផ្ទះ​បើក​ឲ្យ​លេងល្បែង​ស៊ីសង និង​ដោះ​លែង​ម៉ូតូ​ទាំង​១២​គ្រឿង រួម​ទាំង​រថយន្ត​តា​កូ​ម៉ា​១​គ្រឿង​ផង​នោះ មន្ត្រី​នគរបាល ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា រឿង​ដោះ​លែង មនុស្ស ម៉ូតូ​និង​រថយន្ត​ខាងលើ គឺជា​ស្ថាប័ន​តុលាការ មិនមែន​សមត្ថកិច្ច​នគរបាល​ឡើយ ម្យ៉ាងវិញទៀត ការ​ដោះ​លែង​ម្ចាស់ផ្ទះ ព្រោះ​តុលាការ​មាន​ហេតុផល ដោយសារ​ម្ចាស់ផ្ទះ​មាន​ជំងឺ ត្រូវ​ណាត់ជួប​គ្រូពេទ្យ​ដើម្បី​ធ្វើការ​វះកាត់ ។

ចំណែក​ក្រឡាបញ្ជី​របស់​ចៅក្រម​សាលាដំបូង ខេត្ត​ម្នាក់ ក៏​បាន​ប្រាប់​ប្រហែល​គ្នា​ដែរ​ថា សមត្ថកិច្ច​បាន​បញ្ជូន​មក​ដល់​តុលាការ គឺ​តែ​ម្ចាស់ផ្ទះ​ម្នាក់ ប៉ុណ្ណោះ ហើយ​មាន​ជំងឺ​ត្រូវ​វះកាត់​ទៀត ទើប​តុលាការ​គ្រាន់តែ​អប់រំ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ចំណែក​រឿង រថយន្ត​១​គ្រឿង និង​ម៉ូតូ​១២​គ្រឿង​ខាង​តុលាការ​មិនដឹង​ទេ សមត្ថកិច្ច​នគរបាល​ជា​អ្នក​ដោះ​លែង ។

ដោយឡែក លោក យី ភួ​ន មេឃុំ​ស្វាយ​ជ្រុំ វិញ​បាន​និយាយ​ថា​ការ​ដោះ​លែង​ម្ចាស់ផ្ទះ និង​ម​ធ្យា​បាយ ម៉ូតូ រថយន្ត​ខាងលើ គឺជា​ការ​ប្រឆាំង នឹង​គោល​ការ​អនុវត្ត​ភូមិ​ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ។ លោក​បាន​អស់​ទឹកចិត្ត​ដែរ ព្រោះ​ភូមិ​ឃុំ​សុវត្ថិភាព របស់​លោក ជាប់​ចំណាត់ថ្នាក់​លេខ​១​គឺ ៤​ឆ្នាំ​ជាប់​គ្នា​។

សូ​ម្បី​តែ​គ្រឿងញៀន ក៏​បាន​ចាប់​លែង​វិញ​ដែរ ខ្លះ​ថា អស់​ប៉ុណ្ណេះ អស់​ប៉ុណ្ណោះ ដល់​ចឹ​ង​ទៅ​វា​អស់​ប្រសិទ្ធភាព ។ មិន​ត្រឹម​ប៉ុណ្ណឹង​មាន​គេ​ចោទ​លោក​ថា ឲ្យ​មានល្បែងស៊ី សង​ទៀត តែ​លោក និង​មេ​ប៉ុស្តិ៍ បាន​ចុះ​អប់រំ​ធ្វើ​កិច្ចសន្យា​ច្រើន​លើក​ណាស់​ហើយ នៅ​តែ​មិន​កែ ដល់​តែ​ស្អុយ គឺ​ស្អុយ​ឃុំ​ឯង ព្រោះ​ល្បែងស៊ីសង ដែល​ចាប់​នេះ​នៅ​មិន​ឆ្ងាយ​ពី​សាលាឃុំ​ទេ ប្រហែល​១​គីឡូ​ដី​ប៉ុណ្ណោះ​។

ទោះ​យ៉ាងណា ការ​បង្ក្រាប​ល្បែងស៊ីសង​ដូច​ខាងលើ​នេះ គឺ​មាន​ច្រើន​ដង​មក​ហើយ​មិន​ដែល​ឃើញ​មាន​ផ្តន្ទាទោស​តាម​ច្បាប់​ទេ ឃើញ​តែ​អប់រំ និង​បង់​ពិន័យ ហើយ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​តែ​ប៉ុណ្ណោះ​៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មហាជន​រិះគន់​សមត្ថកិច្ច បង្ក្រាប​ល្បែងស៊ីសង​តែ​មួយ​ចំអិន​កំពឹស

មហាជន​រិះគន់​សមត្ថកិច្ច បង្ក្រាប​ល្បែងស៊ីសង​តែ​មួយ​ចំអិន​កំពឹស