លោក​ ខៀវ សុភ័គ ថា​រក​ឃើញ​កំហុស​រាប់​ភ្លេច​ក្នុង​ញត្តិ​ស្នាម​មេដៃ​របស់​សង្គ្រោះ​ជាតិ

លោកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់វិទ្យុបារាំង នៅព្រឹកថ្ងៃទី ២៣មិថុនានេះថា គណៈកម្មការស្រាវជ្រាវ ស្នាមមេដៃរបស់ក្រសួងមហាផ្ទៃ បានរកឃើញមានភាពមិនប្រក្រតីកាន់តែច្រើនឡើងៗ ក្នុងញត្តិស្នាមមេដៃពលរដ្ឋ របស់គណបក្សសង្គ្រោះជាតិ ដែលបានថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជអន្តរាគមន៍ ជុំវិញស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន។ កំហុសធំៗចំនួន ៥ ត្រូវបានលោកខៀវ សុភ័គ បង្ហើបត្រួសៗនៅព្រឹកនេះ ប៉ុន្តែលោកថា លទ្ធផលជាក់លាក់ នឹងត្រូវប្រកាសឲ្យដឹង ក្រោយថ្ងៃទី៣០មិថុនាខាងមុខ។

តាមលោកខៀវ សុភ័គ លទ្ធផលនៃការធ្វើកោសល្យវិច្ច័យតែឯងរបស់ភាគីបក្សកាន់អំណាច បានរកឃើញថា ញត្តិរបស់គណបក្សសង្គ្រោះជាតិ មានភាពមិនប្រក្រតី ត្រង់ស្នាមមេដៃក្នុងញត្តិនោះ មិនមានគ្រប់ ២៥រាជធានី ខេត្ត ដូចការអះអាងរបស់លោកយ៉ែម បុញ្ញរិទ្ធ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិនោះទេ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងញត្តិនោះ មានតែស្នាមមេដៃពលរដ្ឋ មកពី ២១ខេត្ត រាជធានីតែប៉ុណ្ណោះ គឺខ្វះខេត្តកោះកុង ក្រចេះ ឧត្តរមានជ័យ និងខេត្តពោធិ៍សាត់។

ក្រៅពីបញ្ហានេះ មានសន្លឹកញត្តិខ្លះ មានតែស្នាមមេដៃ ប៉ុន្តែគ្មានអាស័យដ្ឋាន ឬក៏មានតែស្នាមមេដៃ ប៉ុន្តែគ្មានឈ្មោះមនុស្សអ្នកផ្តិត ឬមួយទៀត គឺមានតែឈ្មោះ ប៉ុន្តែអត់មានស្នាមមេដៃសោះ។ និងបញ្ហាចុងក្រោយ គឺគណៈកម្មការស្រាវជ្រាវស្នាមមេដៃ បញ្ជាក់ថា មានសន្លឹកញត្តិមួយនោះ មនុស្សតែម្នាក់ បានផ្តិតមេដៃ រហូតដល់ទៅ ៨៦ដង ដែលតំណាងឲ្យមនុស្ស ៨៦នាក់។

ក្រសួងមហាផ្ទៃ ដែលធ្វើការងារនេះដោយមិនមានការចូលរួមពីភាគីម្ចាស់ស្នាមមេដៃ អះអាងថា ការធ្វើកោសល្យវិច្ច័យលើញត្តិស្នាមមេដៃពលរដ្ឋរបស់គណបក្សសង្គ្រោះជាតិនេះ នឹងត្រូវបិទបញ្ចប់ នៅថ្ងៃទី ៣០មិថុនាខាងមុខ។ ហើយលទ្ធផលជាក់លាក់ នឹងត្រូវបង្ហាញឲ្យដឹងក្រោយពេលនោះ។ លោកខៀវ សុភ័គ បានប្រាប់វិទ្យុបារាំងថា ក្រសួងនឹងធ្វើរបាយការណ៍ពីលទ្ធផលនៃភាពមិនប្រក្រតីនេះ ជូនទៅរដ្ឋាភិបាល ហើយចំណាត់ការបែបណាចំពោះការបន្លំចំនួនស្នាមមេដៃពលរដ្ឋនេះ គឺរដ្ឋាភិបាលជាអ្នកចាត់ចែងតាមផ្លូវច្បាប់។

សូមរម្លឹកជូនថា កាលពីចុងខែឧសភា ពលរដ្ឋ អ្នកគាំទ្រ និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ បាននាំគ្នាហែញត្តិ ដែលមានស្នាមមេដៃប្រជាពលរដ្ឋ ប្រមាណជា ១៧ម៉ឺនស្នាមមេដៃ យកទៅថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំព្រះរាជអន្តរាគមន៍ ក្នុងដំណោះស្រាយបញ្ហានយោបាយនាពេលបច្ចុប្បន្ន រួមមានការចោទប្រកាន់ ការចាប់ឃុំខ្លួន តំណាងរាស្ត្របក្សប្រឆាំង និងសកម្មជនការពារសិទ្ធិមនុស្សរបស់សមាគមអាដហុក ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ក្រោយមក ស្ថាប័នព្រះបរមរាជវាំង បានស្នើឲ្យរដ្ឋាភិបាល ពិនិត្យលើស្នាមមេដៃទាំងនោះ ហើយក្រសួងមហាផ្ទៃ បានបង្កើតគណៈកម្មាការមួយ ដែលមានតែសមាសភាពរបស់ខ្លួន ដើម្បីធ្វើការលើរឿងនេះ។

កន្លងមក តំណាងរាស្ត្របក្សប្រឆាំង ធ្លាប់បានលើកឡើងថា បើខ្លាចថាស្នាមមេដៃនោះ មិនពិត គេនឹងប្រមូលម្ចាស់មេដៃ មកបង្ហាញព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំងតែម្តង។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានលោកខៀវ សុភ័គ យល់ថា បក្សសង្គ្រោះជាតិ មានយោបល់ល្អ តែគំនិតអាក្រក់។ លោកខៀវ សុភ័គ ថា បើពលរដ្ឋមកប្រមូលផ្តុំគ្នាទៀតនោះ គឺវាដូចជាហេតុការណ៍ចង់ផ្តួលរលំរដ្ឋាភិបាល ដូចដែលបក្សប្រឆាំង ធ្លាប់បានធ្វើក្រោយការបោះឆ្នោតឆ្នាំ ២០១៣ យ៉ាងដូច្នេះដែរ។ ប៉ុន្តែលោកថា ធ្វើយ៉ាងណា ក៏ប្រហែលនៅតែបរាជ័យដដែលដែរ៕

ប្រភពៈ RFI