មន្ត្រី​រដ្ឋាភិបាល​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ទៅ​លើ CCHR ករណី​របាយការណ៍​វិភាគ​ផ្លូវ​ច្បាប់

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានបញ្ចេញរបាយការណ៍វិភាគផ្លូវច្បាប់មួយបង្ហាញថា តុលាការខេត្តកោះកុង គ្មានភស្តុតាងស៊ីសង្វាក់ក្នុងការចោទប្រកាន់ទៅលើសកម្មជន ៣រូបនៃអង្គការមាតាធម្មជាតិដែលកំពុងជាប់ឃុំ និងការចោទប្រកាន់ស្ថាបនិកនៃអង្គការនេះដែលកំពុងនៅក្រៅស្រុក។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការរកឃើញនេះ និងព្រមានចាត់វិធានការលើអង្គការសង្គមស៊ីវិលមួយនេះ។

គិតមកទល់ពេលនេះ ១០ខែហើយដែលសកម្មជនការពារបរិស្ថានទាំង ៣នាក់ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង ត្រូវជាប់ឃុំបណ្ដោះអាសន្នដោយមិនទាន់បានជំនុំជម្រះ។

ពួកគេត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥។ កាលពីថ្ងៃទី៣១ ខែសីហា តុលាការបដិសេធសំណើនៅក្រៅឃុំរបស់ពួកគេ។ សាលាដំបូងខេត្តកោះកុង នឹងជំនុំជម្រះក្តីអ្នកទាំងបីនៅថ្ងៃទី២៧ ខែមិថុនា ខាងមុខ។

លោកមេធាវី ហុង គឹមសួន ជាសមាជិកនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា និងជាមេធាវីខាងដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម ថាការចោទប្រកាន់នេះជាបទមជ្ឈិម។ ដូច្នេះ តុលាការអាចឃុំជនជាប់ចោទបណ្ដោះអាសន្នយ៉ាងយូរបំផុតរយៈពេល ៨ខែ៖ «»។

របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចុះផ្សាយថ្ងៃទី២១ ខែមិថុនា បង្ហាញថា សកម្មជនទាំងបីរូបមិនបានបង្កឲ្យខូចខាតទ្រព្យសម្បត្តិ គំរាមកំហែង ថានឹងដុតសាឡង់បូមខ្សាច់ទេ។

តុលាការខេត្តកោះកុង ចោទសកម្មជនការពារបរិស្ថានទាំងបីរូបពីបទគំរាមកំហែង ថានឹងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។

ចំណែកស្ថាបនិកនៃអង្គការនេះ គឺលោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលត្រូវរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញមិនឲ្យនៅប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ នោះ ក៏ត្រូវតុលាការចោទប្រកាន់ថា ជាអ្នកផ្សំគំនិតទាក់ទងការប្រព្រឹត្តរបស់ក្រុមយុវជន។

អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អ្នកស្រី ឈុន លី បញ្ជាក់បន្ថែមលើការវិភាគនេះថា ការវិភាគនេះមិនមែនជាការជ្រៀតជ្រែកលើកិច្ចការតុលាការទេ។ ប៉ុន្តែជាការសិក្សាស្រាវជ្រាវទាំងអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តរបស់សកម្មជននៃអង្គការមាតាធម្មជាតិ ហើយបានរកឃើញការចោទរបស់តុលាការមិនត្រឹមត្រូវ។ អ្នកស្រីរំពឹងថា តុលាការ និងអ្នកពាក់ព័ន្ធ នឹងពិចារណាឡើងវិញលើការសម្រេចរបស់ខ្លួន បន្ទាប់ពីបានឃើញការវិភាគនេះ៖ «»។

ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថាការវិភាគនេះជាការរំលោភច្បាប់។ លោកព្រមានថា រដ្ឋាភិបាលនឹងចាត់វិធានការក្នុងពេលណាមួយទៅលើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា៖ «»។

វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីព្រះរាជអាជ្ញា ឬចៅក្រមតុលាការខេត្តកោះកុង ដែលកាន់សំណុំរឿងនេះ ដើម្បីឆ្លើយតបចំពោះការចោទប្រកាន់ និងការឃុំខ្លួនសកម្មជននៃអង្គការមាតាធម្មជាតិ។

របាយការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និងលោក ស៊ីម សំណាង តែងតែសម្របសម្រួលពលរដ្ឋដែលប្រឆាំងការបូមខ្សាច់មិនឲ្យផ្ទុះហិង្សា។ ចំណែកលោក អាឡិកហាន់ដ្រូ ពេលមានការតវ៉ា លោកក៏តែងតែសរសេរនៅហ្វេសប៊ុក(Facebook) ឲ្យអ្នកទាំងនោះដោះស្រាយដោយរក្សាជំហរសន្តិវិធី។

ផ្ទុយទៅវិញ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សង្កេតឃើញថា ក្រុមហ៊ុនបូមខ្សាច់ បានជួលមនុស្សមួយក្រុមផ្សេង បន្លំធ្វើអ្នកភូមិមកតវ៉ា ដែលបង្កជម្លោះជាមួយក្រុមហ៊ុនបូមខ្សាច់។

របាយការណ៍ដដែលមិនបានបង្ហាញឈ្មោះសាក្សីទេ ប៉ុន្តែបញ្ជាក់ថា សាក្សីភាគច្រើននិយាយក្នុងពេលផ្ទុះការទាមទារខ្លាំងនៅថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ អ្នកទាំងបីរូបមិនបាននៅជុំគ្នានៅកន្លែងកើតហេតុទេ។

ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា នេះជាសិទ្ធិសេរីភាពរបស់បុគ្គល ឬអង្គការសង្គម ព្រោះជនណាក៏អាចធ្វើការវិភាគលើផ្លូវច្បាប់បានដែរ។ ប៉ុន្តែលោកថា មានតែតុលាការទេដែលជាអ្នកមានសិទ្ធិសម្រេច៖ «»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន យល់ថា ប្រសិនបើមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា វិភាគឃើញថា សកម្មភាពការពារបរិស្ថានគ្មានទោស គួរតែរកមេធាវីការពារក្តីយកការវិភាគនេះទុកប្រើតតាំងក្នុងដំណើរក្តីសំណុំរឿងនេះទើបជាការល្អ។

ភរិយារបស់លោក ស៊ីម សំណាង គឺលោកស្រី ថា សុភា ឲ្យវិទ្យុអាស៊ីសេរី ដឹងថា ពេលនេះលោកស្រីកំពុងជួបការលំបាកនៅពេលស្វាមីរបស់លោកស្រីជាប់ឃុំដូចនេះ។ លោកស្រីនៅតែអះអាងថា សកម្មភាពស្វាមីរបស់លោកស្រីហាមឃាត់ការបូមខ្សាច់របស់ក្រុមហ៊ុនបូមខ្សាច់ មិនមែនជាសកម្មភាពល្មើសច្បាប់ទេ ប៉ុន្តែការឃុំខ្លួនស្វាមីលោកស្រីរយៈពេល ១០ខែ មិនជំនុំជម្រះ ទើបជាការអនុវត្តខុសនីតិវិធី៖ «»។

ស្ថិតិរបស់រដ្ឋាភិបាលឲ្យដឹងថា ត្រឹមពាក់កណ្ដាលឆ្នាំ២០១៤ ការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងពន្ធនាគារ បានកើនឡើងពី ២៥% ទៅ ៣០%។ អ្នកសង្កេតការណ៍អន្តរជាតិកត់សម្គាល់ឃើញថា អ្នកដែលរងការឃុំខ្លួនបណ្ដោះអាសន្នរយៈពេលវែង ភាគច្រើនជាអ្នកការពារសិទ្ធិមនុស្ស។

ការវិភាគរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ស្នើទៅតុលាការឲ្យទម្លាក់បទចោទទៅលើសកម្មជនទាំងនោះ និងដោះលែងឲ្យមានសេរីភាព។ ភរិយារបស់លោក ស៊ីម សំណាង គឺលោកស្រី ថា សុភា បន្តថា នៅពេលស្វាមីលោកស្រីមានសេរីភាពឡើងវិញ លោកស្រីនៅតែគាំទ្រការសម្រេចចិត្តរបស់ស្វាមីលោកស្រី ទោះស្វាមីបន្តធ្វើការងារសង្គមដដែល ឬប្រកបការងារធម្មតាក្តី៕

ប្រភពៈ RFA