អស់ស្ទះ! Cecilia Liu លេងមួយក្បាច់ ធ្វើឲ្យស្វាមីរំភើប ដល់ថ្នាក់ភ្លេចប៉ារ៉ូលច្រៀង

ចិន៖ កាលពីពេលថ្មីកន្លងទៅនេះ តារាសម្តែង និងចម្រៀង ដែលមានប្រជាប្រិយភាព លោក Nicky Wu បានធ្វើឲ្យកក្រើកឆាកប្រគុំតន្រ្តី នៅសៀងហៃជាខ្លាំង ក្រោយពីលេចមុខភរិយាចេញមក ខណៈពេលដែលលោកកំពុងតែច្រៀង។

ប្រភពបានឲ្យដឹងថា ខណៈដែលលោក Nicky Wu កំពុងតែបកស្រាយចម្រៀងមួយបទ ដែលមានចំណងជើងថា “Hand In Hand” រំពេចនោះ ស្រាប់តែលេចមុខភរិយា ដ៏ស្រស់ស្អាតរបស់លោក គឺអ្នកនាង Cecilia Liu បានបង្ហាញខ្លួន ដើរចូលទៅវេទិកាឆាកប្រគំតន្រ្តីតែម្តង ដោយមានកាន់បាច់ផ្កាមួយបាច់នៅនឹងដៃផងដែរ។

ប្រភពបន្តថា អ្វីដែលកាន់តែធ្វើឲ្យពិសេសជាងនេះទៅទៀតនោះ គឺធ្វើឲ្យស្វាមីរូបសង្ហារដែលកំពុងតែកាន់ក្បាលមេក្រូ  ច្រៀងលើឆាកនោះ  ស្រឡាំងកាំង ភ្ញាក់ផ្អើលជាខ្លាំង  រហូតធ្វើឲ្យរូបលោក ភ្លេចអស់នូវប៉ារ៉ូចម្រៀងតែម្តង  ព្រោះថាការបង្ហាញខ្លួនរបស់ភរិយារបស់លោក មកកាន់វេទិកាតន្រ្តីនេះ  មិនមែនជាការរៀបចំគ្រោងទុក របស់លោកឡើយ​ ពោលគឺលោក Nicky មិនបានដឹងមុនទាល់តែសោះ។

ជាមួយគ្នានេះដែរ អ្នកគ្រាំទ្រជាច្រើន មានភាពរំជើបរំជួលជាខ្លាំង ស្រែកហ៊ោកញ្រ្ជៀវ និងថែមទាំងសំនូមពរឲ្យអ្នកទាំងពីរថើបគ្នាថែមទៀតផង។ មិនបង្អង់យូរ ស្វាមីដ៏ស្រស់សង្ហាររូបនេះ ក៏បានទាញថ្ពាល់ភរិយា រួចអោនថើបតាមសំនូមពររបស់អ្នកគាំទ្រផងដែរ។ ហើយលោក បានស្រែកសួរទៅកាន់អ្នកគាំទ្រវិញថា «តើពេញចិត្តដែរឬទេ បាទ?» ។ រួចនាង Cecilia ក៏បានថើបប្តីជាទីស្រលាញ់សងវិញផងដែរ។

ក្រោយពីចម្រៀងបានបញ្ចប់ លោក Nicky បានចាប់ដៃប្រពន្ធជាទីស្រលាញ់ Cecilia ហើយបានថ្លែងពីសេចក្តីស្រលាញ់របស់គាត់ ទៅកាន់ភរិយាថា «ក្នុងមួយជីវិតនេះ បងនឹងមិនអនុញ្ញតឲ្យអូនទៅណាចោលបងឡើយ» ។

គួររំលឹកដែរថា បើតាមការឲ្យដឹងរបស់លោក Nicky បានរៀបរាប់ប្រាប់ថា រូបលោកគិតថា ប្រពន្ធរបស់លោក គឺឯនៅទីក្រុង ប៉េកាំងនៅឡើយទេ។ ហើយដោយឡែក មុនពេលចាប់ផ្តើមឆាកប្រគំតន្រ្តីនេះ នាងក៏បានផ្ញើសារសួរគាត់ដែរថា តើគាត់មានបានចាំទំនុកច្រៀង ឬប៉ារ៉ូលចម្រៀងហើយឬនៅ ប៉ុន្តែក្រោយពេលដែលរូបលោកតបសារទៅនាងវិញ ស្រាប់តែមិនឃើញមានការឆ្លើយតបមកលោកវិញសោះ៕ 

ប្រភព ៖
Lollipop

ចំណាប់អារម្មណ៍ខ្មែរឡូត៖

គួររំលឹកដែរថា តារាស្រីចិនដ៏ស្រស់ស្អាត នាង Liu Shishi បានសម្រចចិត្តរៀបការ ជាមួយនឹង លោក Nicky Wu យ៉ាងអធិកអធម នៅឯកោះបាលី

ពិធីរៀបការរបស់នាង Liu Shishi បានធ្វើឡើង កាលពីថ្ងៃទី២០ ម្សិលមិញនេះ ដែលបានរៀបចំយ៉ាងល្អឥតខ្ចោះ នៅឯកោះបាលី ប្រទេសឥណ្ឌូណេស៊ី។

ជាមួយគ្នានោះដែរ នាង Liu Shishi បានផ្លាស់ប្តូរឈុតរៀបការជាច្រើន​ ដែលមានទាំងឈុតបុរាណចិន និងរ៉ូបពណ៌ស ដ៏វែងអន្លាយ យ៉ាងស្រស់បំផុត។ ហើយចំពោះពិធីមង្គលការ របស់តារាទាំងពីរដួងនេះ បានចំណាយអស់២៥លានដុល្លារហុងកុង (ជាង ៣លានដុល្លារអាមេរិក) ដែលពួកគេបានអញ្ចើញភ្ញៀវ ចំនួន៣៥០នាក់មកចូលរួម ដោយផ្ទាល់នៅកោះបាលី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload