វេលស៍ និងអៀរឡង់ខាងជើង ជឿជាក់ខ្ពស់ដូចគ្នាមុនការប្រកួតថ្ងៃសៅរ៍នេះ

ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ និងក្រុមជម្រើសជាតិអៀរឡង់ខាងជើង សុទ្ធសឹងមានការជឿជាក់ថា ពួកគេអាចឈ្នះពាន Euro ឆ្នាំ២០១៦។ នេះបើយោងទៅតាមខ្សែប្រយុទ្ធរបស់ពួកគេរៀងៗខ្លួនគឺ Gareth Bale និង Kyle Lafferty។
Northern-Ireland-ft16

ការលើកឡើងបែបនេះ បានកើតឡើងនៅមុនពេលក្រុមទាំងពីរជួបគ្នាក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៃយុទ្ធនាការនេះនៅរាត្រីថ្ងៃសៅរ៍នេះ។ Bale វ័យ២៦ឆ្នាំរបស់ក្លិប Real Madrid និង Lafferty វ័យ២៨ឆ្នាំ ដែលលេងឲ្យក្លិប Norwich សុទ្ធសឹងបានរកគ្រាប់បាល់បញ្ចូលទី៧គ្រាប់ដូចគ្នាក្នុងការប្រកួតជម្រុះ។ Bale បានបញ្ជាក់ថា គោលបំណងចុងក្រោយរបស់ក្រុមជម្រើសជាតិវេលស៍ គឺការឈ្នះពាន Euro ខណៈដែល Lafferty បាននិយាយថា ក្រុមជម្រើសជាតិអៀរឡង់ខាងជើង អាចជម្នះរាល់ឧបស័គ្គទាំអស់ក្នុងប្រទេសបារាំង។

ក្រុមជម្រើសជាតិវេលស៍របស់លោក Chris Coleman បានឈានទៅប្រកួតវគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមឈរលេខ១ក្នុងពូល B ពីលើក្រុមជ្រើសជាតិអង់គ្លេស ខណៈដែលលោក Michael O’Neill បានជួយឲ្យអៀរឡង់ខាងជើង បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ក្នុងពូល C។

Bale ដែលជាអ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំយុទ្ធនាការ Euro ឆ្នាំ២០១៦ ជាមួយនឹងការរកបាន៣គ្រាប់ក្នុងវគ្គចែកពូលនោះ បានឲ្យដឹងថា៖ «ពិតណាស់ អ្នកមកដើម្បីឈ្នះពានក្នុងយុទ្ធនាការនេះ មិនមែនលេងបីប្រកួតហើយទៅផ្ទះវិញឡើយ។ គោលដៅចុងក្រោយគឺថា យើងចង់ព្យាយាម និងឈ្នះពាននេះ»។ ដោយឡែក Lafferty ដែលមិនទាន់រកបានគ្រាប់បាល់បញ្ចូលទីសោះក្នុងយុទ្ធនាការនេះ បានឲ្យដឹងថា៖ «យើងជឿជាក់ថា ជាមួយនឹងករប្តេជ្ញាចិត្ត យើងអាចផ្តួលក្រុមណាបានទាំងអស់»។ ការប្រកួតនៅថ្ងៃសៅរ៍នេះ នឹងចាប់ផ្តើមនៅម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

25.03.16 Wales 1-1 Northern Ireland
28.05.11 Wales 2-0 Northern Ireland
28.05.11 Wales 2-0 Northern Ireland