លោក​ហេង ឡៃ​ហ៊ាន់ កសាង​ខ្លួន​ជា​តារា​សម្តែង​ និង​ច្រៀង​កាត់សក់​ក្នុង​ពិធី​មង្គលការ

រាជធានី​ភ្នំពេញ ៖ លោក​ហេង ឡៃ​ហ៊ាន់ ចាប់ផ្តើម​ប្រឡូក​ការងារ​សិល្បៈ​ពេញទំហឹង​ក្រោយ​ពី​បាន​ប្រឡង​ចម្រៀង​នៅ​ស្ថានីយទូរទស្សន៍​អប្សរា​របស់​កម្មវិធី​«​ផ្កាយ​រះ​ក្នុង​សួន​»​។ លោក​ឡៃ​ហ៊ាន់ បាន​កសាង​ខ្លួន​ជា​តួ​សម្តែង និង​ច្រៀង​កាត់សក់​ក្នុង​ពិធី​មង្គលការ ។

លោក​ហេង ឡៃ​ហ៊ាន់ នៅ​មិន​ទាន់​សម្រេច​គោលដៅ​ដែល​ចង់​ក្លាយជា​តារា​ល្បី ប៉ុន្តែ​អាជីព​សិល្បៈ​របស់​លោក​លូតលាស់​ជា​លំដាប់ ។ ពី​មុន​ឡៃ​ហ៊ាន់​គ្រាន់តែ​ជា​តារាចម្រៀង​តាម​រោងការ​និង​តាម​ខេត្ត​ប៉ុណ្ណោះ តែ​ហេតុតែ​ទឹកចិត្ត​ស្រឡាញ់​លោក​កសាង​ខ្លួន​ទៅ​ជា​អ្នក​សម្តែង​ភាពយន្ត​ថែម​ទៀត ។ ស្នាដៃ​សម្តែង​របស់​លោក​ឡៃ​ហ៊ាន់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​តួអង្គ​បែប កំប្លែង​ៗ ។ ក្រៅពី​នេះ​លោក​ឡៃ​ហ៊ាន់ ចាប់ផ្តើម​អាជីព​មួ​ួ​យ​ទៀត​ជា​អ្នក​ច្រៀង​កាត់សក់​បង្កក់​សិរី​ក្នុង​ពិធី​មង្គលការ ។

កាលពី​រាត្រី​ថ្ងៃ​ទី​១៨ មិថុនា ឆ្នាំ​២០១៦ ក្នុង​ពិធីបង្កក់កូន​ស្រី​គម្រប់​មួយ​ខែ​នៅ​ម្តុំ​ចាក់​អង្រែ​លើ​រាជធានី​ភ្នំពេញ  លោក​ហេង ឡៃ​ហ៊ាន់ និយាយ​ថា «​បើ​ទោះបី​អាជីព​របស់ខ្ញុំ​នៅ​មិន​ទាន់​អាច​បំបែក​សំឡេង​គាំទ្រ​បាន​នា​ពេល​នេះ​យ៉ាងណា​ក៏​ដោយ ក៏​នៅ​តែ​ព្យាយាម​ស្រឡាញ់ និង​ខំ​តោងការ​ងារ​នេះ​ឱ្យ​ល្អ​ប្រសើរ​ទៅ​មុខ​ទៀត ។ ពុះពារ​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់កាល ពេល​នេះ​ខ្ញុំ​មានការ​ងារ​ច្រើន​គួរសម​តាម​សមត្ថភាព​របស់​ខ្លួន ព្រោះ​ក្រៅពី​ច្រៀង​ខ្ញុំ​ត្រូវ​បាន​ផលិតកម្ម​មួយ​ចំនួន​អញ្ជើញ​ឱ្យ​មានមុខ​សម្តែង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​នានា​ជា​បន្តបន្ទាប់​ក្នុង​តួអង្គ​កំប្លែង ឡប់​ៗ  ដែល​ខ្ញុំ​មិន​ប្រកាន់​ឱ្យ​តែ​គេ​ហៅ » ។

ខ្សែភាពយន្ត​ដំបូង​ដែល​លោក​ហេង ឡៃ​ហ៊ាន់ សម្តែង​គឺ​រឿង «​កំហុស​អ្នក​ណា​» របស់​ទូរទស្សន៍​អប្សរា ។ នៅ​ឆ្នាំ​២០១៥ លោក​ឡៃ​ហ៊ាន់ ថត​រឿង «​កូនស្រី​មេ​ភូមិ » ឱ្យ​ទូរទស្សន៍​បាយ័ន បន្ទាប់​មក​រឿង​«​នេះ​ឬ​និស្ស័យ​ស្នេហ៍​»​។ បច្ចុប្បន្ន​កំពុង​ថត​រឿង​«​ទាយាទ​អាគម​» និង​រឿង «​ភក្តី​ស្នេហ៍​ទ្វេ​ភព »​។

លោក​ហេង ឡៃ​ហ៊ាន់ មាន​វ័យ​២៦​ឆ្នាំ ធ្លាប់​បាន​ចំណាត់ថ្នាក់​ជាតា​រា​ឆ្នើម​ក្នុង​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» របស់​ទូរទស្សន៍​អប្សរា ។

បន្ថែម​ជំនាញ​ដែល​មាន​ស្រាប់​លោក​ហេង ឡៃ​ហ៊ាន់ កំពុង​តែ​ហាត់រៀន​និពន្ធ និង​ដឹកនាំ​រឿងសម្រាប់​ផលិតកម្ម​រស្មី​ស្ទឹង​សែន​៕