អ្នកណា​​មិន​ដឹង ស្មានថា​កំ​ពុងថ​ត​​កុន

រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ ​ដោយសារ​​តែ​​ខឹង​​ចោរ​បាន​ឆ​ក់​ទូរស័ព្ទ​របស់​គាត់​ ​ក៏​​បើក​រថយន្ត​ដេញ​តាម​បុក ​បណ្តាល​ឱ្យ​​ជ្រុល​ចង្កូត​ឡើង​​លើ​ខឿន​សួនច្បារ​ រួច​បន្ត​បុក​រះ​​បាក់​​​ដើមឈើ​ត្របែកព្រៃ​ និង​បាក់​ស្លាក​សញ្ញា​សម្គាល់​ផ្លូវ​​មួយ​ទៀត​ ដែល​ហេតុ​​ការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៩​យប់​​ថ្ងៃ​ទី​២៣​ មិថុនា ស្ថិត​នៅ​ខាងលិច​ស្ថានទូត​​អា​មេ​រិក​ ត្រង់ចំណុច​​ផ្លូវ​៩៦ ​កែង​ផ្លូវ​៦១ ​​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

រថយន្ត​ខាងលើ​​​ម៉ាក​តូ​យ៉ូ​តា​ស៊ី​ណា ពណ៌.​ស ពាក់​ស្លាក​លេខ​​ភ្នំពេញ 2E-4062  បើក​​ដោយ​បុរស​ម្នាក់​​ឈ្មោះ​ឃុន សុ​ខឿន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ​ជា​អ្នក​បើករថយន្ត​ឱ្យ​​ក្រុមហ៊ុន​ឯកជន មាន​ទីលំនៅ​សង្កាត់​ស្នោរ ខណ្ឌ​ពោធិ៍​​សែន​ជ័យ ។

បើ​តាម​សម្តី​​អ្នកបើកបរ​​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​កំពុង​​ឈប់​ទិញ​ទឹកបរិសុទ្ធ​នៅ​តាម​​បណ្តោយ​ផ្លូវ​ព្រះ​មុន្នី​វង្ស​ នៅ​ជិត​ធនា​គារ​កា​ណា​ឌី​យ៉ា ពេល​ដែល​គាត់​ដក​ប្រាក់​ឱ្យ​​អ្នកលក់​ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ មិន​ចាំ​ម៉ាក​​​ជិះ​មក​ក្បែរ​ហើយ​​​លួ​ក​យក​ទួ​រ​ស័ព្ទ​របស់​លោក ​ដែល​ដាក់​ក្នុង​ហោប៉ៅ​អាវ​ រួច​ជិះ​គេចខ្លួន ។

ភ្លាម​ៗ​នោះ​ ​លោក​បាន​បើករថយន្ត​ដេញ​តាម​​ផ្លូវ​លេខ​៦១​ក្នុង​ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង រហូត​ដល់​ផ្លូវ​កែង​៩៦ ឃើញ​ម៉ូតូ​ជនសង្ស័យ​​បត់​ឆ្វេង​​តាម​ផ្លូវ​លេខ​៩៦ ​សំដៅ​ទៅ​វត្ត​ភ្នំ ។ រីឯ​​លោក​ខំ​បួង​ចង្កូត​បត់​តាម​​ពីក្រោយ តែ​ដោយសារ​ល្បឿន​រថយន្ត​កំពុង​តែ​លឿន ​ទើប​ជ្រុល​ឡើង​ទៅ​លើ​សួនច្បារ​បុក​រះ​បាក់​ដើម​ត្របែកព្រៃ និង​ស្លាក​សញ្ញា​សម្គាល់​​ផ្លូវ​បាក់​មួយ​ដើម​ផង​ដែរ ។

សន្តិសុខយាមម្នាក់​ឱ្យ​ដឹងទៀតថា​ គាត់​ឃើញ​រថយន្ត​​​បើក​​ក្នុង​ល្បឿន​លឿន​ ដេញ​តាម​ម៉ូតូ​ជិះ​គ្នា​២​នាក់ ​ព្រមទាំង​បិទ​ភ្លើង​​ងងឹតសូន្យ​ថែម​ទៀត​​ផង ។ ពេល​មក​ដល់​ផ្លូវបំបែក ​ម៉ូតូ​បត់​ឡើង​ទៅ​វត្ត​ភ្នំ ឯ​រថយន្ត​បត់​មិន​ទាន់ ​ក៏​ជ្រុល​ឡើង​សួនច្បារ​ ។ ក្រោយ​ពេល​កើត​ហេតុ​ សម្ថ​កិច្ច​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ ដើម្បី​រង់ចាំ​ម្ចាស់​ចូល​ខ្លួន​​ដោះស្រាយ​នៅ​ពេល​ក្រោយ ។