ជ្រុលពេក​ហើយ មនុស្សដេកពេញផ្ទះ​ វា​នៅតែហ៊ាន​

រាជ​ធានី​​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​​ថា មានការ​ភ្ញាក់ផ្អើល​កាលពី​​​រំលង​អធ្រាត្រយប់មិញ​ បន្ទាប់​ពី​ផ្ទះ​មួយ​​កន្លែង ​ត្រូវ​​​ចោរ​​​​គាស់ទ្វារ​ចូល​​​លួច​​ទ្រព្យសម្បត្តិ ខណៈ​ម្ចាស់​ផ្ទះ​កំពុង​ដេក​​លង់​លក់ ដែល​ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ មិថុនា ២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​០៧ ក្នុងភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទះ​​ខាងលើ​ឈ្មោះ​ម៉ៅ ជូ ភេ​ទេ​ស្រី អាយុ​៥០​ឆ្នាំ ជា​អ្នក​​​លក់​មាន់ មាន​ទីលំនៅ​ក្នុងភូមិ​​កើតហេតុ​​។ បើ​តាម​ម្ចាស់ផ្ទះ​​ឱ្យ​​ដឹង​ថា ទ្រព្យ​ដែល​ត្រូវ​បាត់បង់​​មាន​ប្រាក់​ចំនួន​៨០​ដុល្លារ​, ប្រាក់​ខ្មែរ​៥០​ម៉ឺន​រៀល និង​ឯកសារ​សំខាន់​ៗ​ជា​ច្រើន​ទៀត ។ ដោយ​គាត់​មិនដឹង​​ថា ចោរ​​មាន​គ្នា​ប៉ុន្មាន​នោះ​​ទេ តែដឹងថា ​​ចោរ​​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ជាន់​ទី​១​​ចូល​​មក រួច​រើ​កកាយអីវ៉ាន់​​ពេញ​ផ្ទះ ខណៈ​ដែល​​មាន​​មនុស្ស​កំពុង​តែ​​ដេក​ពេញផ្ទះ​​នោះ ។ ស្រប​ពេល​នោះ គាត់​បានដឹង​ខ្លួនដែរ​ តែ​ត្រូវ​ក្រុម​ចោរ​​ប្រមូល​លុយ​គេច​​ខ្លួន​អស់ ដោយចោររត់​ចោលស្បែកជើង១គូ​របស់វាទៀត​ ​។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ហើយ ។

គួរ​កត់សម្គាល់​ថា​ ទីតាំង​ខាងលើ​នោះ ហាក់ដូចជា​​កើត​​ករណី​​ចោរលួ​ច​​ជា​ញឹក​ញាប់​​ណាស់ ដែលធ្វើ​ឱ្យ​​ប្រជាពលរដ្ឋ​កំពុង​តែ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​​​​យ៉ាង​ខ្លាំង ។