មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​១១​រូប ត្រៀមខ្លួន​ចូល​សវនាការ​សាលាឧទ្ធរណ៍​

មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​១១​រូប ត្រៀមខ្លួន​ចូល​សវនាការ​សាលាឧទ្ធរណ៍​



ភ្នំពេញ​ ៖ ​មន្ត្រី​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប ដែល​ត្រូវ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​ចន្លោះ​ពី​៧​ឆ្នាំ​ទៅ​២០​ឆ្នាំ ពាក់ព័ន្ធ​ការដឹកនាំ​កុបកម្ម​ និង​ចូលរួម​ចលនា​កុបកម្ម​ បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​ត្រូវ​ប្រឈមមុខ​សវនាការ​សាលាឧទ្ធរណ៍​សាជាថ្មី។

មន្ត្រី​សាលាឧទ្ធរណ៍ បាន​ឲ្យ​ដឹង​ថា សវនាការ​សាជាថ្មី​នេះ នឹង​ត្រូវ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ ខាងមុខនេះ ដោយមាន​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍ គឺជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ។

គួររំលឹក​ថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ពាក់​កណ្តាល​ខែកក្កដា ឆ្នាំ​២០១៥ កន្លងទៅ បាន​ផ្ដន្ទាទោស​មន្ត្រី ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ចន្លោះ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​៣​នាក់​ដែល​ត្រូវ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ​មាន ឈ្មោះ​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​និង ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ ឃិន រឿន ហៅ ឃិន ជំរឿន ប្រធាន​ចលនា​យុវជន​រាជធានី​ភ្នំពេញ នៃ​គណបក្ស​សង្គ្រោះ​ជាតិ និង ឈ្មោះ អឿ ណា​រិត មន្ត្រី​ទទួលបន្ទុក​កិច្ចការ សាធារណៈ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​ជំនួយការ​ផ្ទាល់ របស់​អ្នក ស្រី​មូរ​ សុខ​ហួរ​។

ចំណែក​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​៨​នាក់​ដែល​ត្រូវជាប់ ពន្ឋនាគារ​ចំនួន​៧​ឆ្នាំមាន​ឈ្មោះ ស៊ុំ ពុ​ទ្ឋី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារ អំពៅ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​, ឈ្មោះ កែ ឃីម ហៅ​វីន ឌី សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ,​ឈ្មោះ ទេព ណារិន សមាជិក​ចលនា​មហាជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ,​ឈ្មោះ អ៊ុក ពេជ្រ​សំណាង សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ​, ឈ្មោះ​នាង សុ​ឃុន ប្រធាន​សម្ព័ន្ធ​យុវជន​ជាតិខ្មែរ និង​ជា​ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ខណ្ឌ​ច្បារអំពៅ ,​ឈ្មោះ សាន គឹម​ហេង ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក ,​ឈ្មោះ សាន សីហៈ លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ និង ឈ្មោះ អាន បឋម ហៅ សុខុម យុវជន​គណបក្ស​សង្គ្រោះ​ជាតិ។

ជនជាប់ចោទ​ទាំង​១១​នាក់ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពីបទ ចូលរួម​ក្នុង​ចលនា​កុបកម្ម តាម​មាត្រា​៤៥៧ នៃ​ក្រមព្រហ្មទណ្ឌ និង បទ​ដឹកនាំ​កុបកម្ម តាម​មាត្រា​៤៥៩ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ៕

មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​១១​រូប ត្រៀមខ្លួន​ចូល​សវនាការ​សាលាឧទ្ធរណ៍​

មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​១១​រូប ត្រៀមខ្លួន​ចូល​សវនាការ​សាលាឧទ្ធរណ៍​