តើមូលហេតុអ្វីបានជាចិនជំទាស់ មិនឲ្យមានអាជ្ញាកណ្តាល ក្នុងជម្លោះសមុទ្រចិនខាងត្បូង តាមការចង់បានរបស់ហ្វីលីពីន?

(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសច្បាស់ៗពីជំហររបស់ខ្លួនហើយថា ទីក្រុងប៉េកាំងគ្មានថ្ងៃទទួលយក និងចូលរួមការដោះស្រាយបញ្ហាដោយមានអាជ្ញាកណ្តាល តាមការចង់បានយ៉ាងទទូចរបស់ប្រទេសហ្វីលីពីន នោះឡើយ ហើយចិនមានមូលហេតុធំៗចំនួនបី ដែលនាំឲ្យខ្លួនធ្វើការជំទាស់យ៉ាងដាច់ខាតនេះ។ នេះបើតាមចេញផ្សាយ មុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០១៦។

មូលហេតុធំៗទាំងបីនោះ មានដូចជា៖ ទី១ សកម្មភាពរបស់ប្រទេសហ្វីលីពីន មិនយោងតាមគោលការណ៍ច្បាប់ អន្តរជាតិ, ទី២ អាជ្ញាកណ្តាលអន្តរជាតិ មិនមានយុត្តាធិការលើករណីនេះទេ, និងទី៣ សាលាក្តីនេះ គ្មានភាពស្របច្បាប់។ នេះបើតាមការពន្យល់របស់លោក Zhou Jian តំណាងទទួលបន្ទុកការងារ ព្រំដែន និង សមុទ្ររបស់ក្រសួងការបរទេសចិន។

មន្ត្រីខាងលើនេះបានបន្តទៀតថា ជំហររបស់ចិនទៅបញ្ហាសមុទ្រចិនខាងត្បូង បានទទួលការគាំទ្រពីបណ្តាប្រទេស ជាច្រើនរួចមកហើយនៅលើសកលលោក។ ទោះបីជាបែបនេះក្តីប្រទេសមួយចំនួនទៀត ដែលគិតតែពីផលប្រយោជន៍ខ្លួនឯង បានចោទប្រទេសចិនថា កំពុងមើលងាយច្បាប់អន្តរជាតិ តែតាមការពិតទៅ ពួកគេខ្លាចការបាត់បង់ទៅវិញទេ។ លោក Zhou បានសង្កត់ធ្ងន់ថា គឺប្រទេសហ្វីលីពីន ទៅវិញនោះទេ ដែលជាអ្នកទាមទារឲ្យមានអាជ្ញាកណ្តាលមក ចូលរួមដោះស្រាយបញ្ហាដែលរំលោភទៅនឹងច្បាប់អន្តរជាតិ។

កន្លងមកកាលពីឆ្នាំ២០០៦ ប្រទេសចិនបានដកការកំណត់ព្រំដែននាវាចរ និងសិទ្ធិជាប្រវត្តិសាស្ត្រ ចេញពីកាតព្វកិច្ចរបស់អាជ្ញាកណ្តាល ដែលកាលណោះប្រទេសហ្វីលីពីន មិនបានជជែកជាមួយចិនរឿងអាជ្ញាកណ្តាលនោះឡើយ។ ប្រទេសហ្វីលីពីន បានអនុវត្តន៍ដោយរំលោភទៅនឹងច្បាប់អន្តរជាតិដោយខ្លួនឯង។

សរុបមកលោក Zhou បានអះអាងថា គឺប្រទេសហ្វីលីពីន ទៅវិញទេដែលរំលោភច្បាប់អន្តរជាតិ ដោយចង់យកអាជ្ញាកណ្តាលដែលអត់មានយុត្តាធិការអ្វីសោះ លើបញ្ហានេះមកចូលរួមដោះស្រាយបញ្ហា សមុទ្រចិនខាងត្បូង៕

ប្រភពៈ freshnewsasia