មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆោឡោ ​រឿង​លក់​ចម្ការ​អាកា​ស្យា

មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ឆោឡោ ​រឿង​លក់​ចម្ការ​អាកា​ស្យា



ខេត្ដកំពត ៖ ផ្ទៃដី​ដាំ​ដើម​អាកា​ស្យា ប្រមាណ​ជិត​៣​ហិ​កតា នៅ​ជាប់​ក្រុមហ៊ុន​រោងចក្រ​ដេរ​ស្បែកជើង​មួយ ស្ថិត​នៅ​ភូមិ​កណ្ដាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ត្រូវ​បាន​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ដាក់​ការ​សង្ស័យ​ថា មាន
គេ​លួច​លក់ ឬ​ដោះ​ដូរ​ទៅ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​រោងចក្រ​ស្បែកជើង​បាត់​ទៅ​ហើយ ។

ដោយសារ​មាន​ដំណឹង​មិនល្អ​បែប​នេះ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​មួយ​ក្រុម​បាន​ចុះ​ទៅ​វាស់វែង នៅ​ទីតាំង​ផ្ទៃដី​ដាំ​ដើមកា​ស្សា​នោះ ។ ពេល​ដែល​កំពុង​វាស់វែង ស្រាប់តែ​តំណាង​ក្រុមហ៊ុន​ដេរ​ស្បែកជើង​របស់​ចិន ដើរមក​និយាយ​ប្រាប់​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ទាំងនោះ​ថា ផ្ទៃដី​ដើម​អាកាស្សា​នេះ ថ្នាក់លើ​បាន​ដោះ​ដូរ​ឱ្យមក​ខាង​រោងចក្រ​ហើយ វាស់​មានការ​អី ។

លោក ស៊ា​ង ជា នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​កំពង់ត្រាច​បាន​និយាយ​ថា លោក​មិន​បានដឹង​ទេពី​ការ​ដោះ​ដូរ​ផ្ទៃដី​ដើម​អាកា​ស្យា ដែល​មាន​ទំហំ​២​ហិ​កតា​៨០​អានេះ​ពី​អង្កាល​ទេ ។ លោក​និយាយ​ថា ដើម​អាកា​ស្យា​នេះ បាន​ដាំ​នៅ​លើ​ផ្ទៃដី​របស់​រដ្ឋ​ក្នុង​ឆ្នាំ​១៩៩៦ ក្នុង​រុក្ខទិវា​ជាតិ ។

លោក ជូន សា​រ៉ា​យ នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ បាន​ប្រាប់​ឱ្យ​ដឹង​ថា លោក​មិន​បានដឹង​ពី​ការ​លក់ ឬ​ដោះ​ដូរ​ផ្ទៃដី​ដាំ​ដើម​អាកាស្សា​នៅ​ជិត​ក្រុមហ៊ុន​រោងចក្រ​ដេរ​ស្បែកជើង​នៅ​ភូមិ​កណ្ដាល​ទួល​ទេ ។ លោក​ថា ប៉ុន្ដែ​បើ​តាម​ប្រភព​មិន​ទាន់​យក​ជា​ផ្លូវការ​បានឱ្យ​ដឹង​ថា ខាង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​កំពង់ត្រាច​ទេ ដែល​សង្ស័យ​បាន​ដោះ​ដូរ​ផ្ទៃដី​នោះ​ទៅ​ឱ្យ​ម្ចាស់​រោងចក្រ គឺ​សង្ស័យ​លក់​ទាំង​ដី ទាំង​ដើម​អាកាស្សា ។

ទោះបីជា​បែប​ណា លោក ជួន សា​រ៉ា​យ នាយ​រង​ខណ្ឌ និយាយ​ថា ត្រឹមតែ​ថ្នាក់​មូលដ្ឋាន ហេតុ​អី​ក៏​ហ៊ាន​ដោះ​ដូរ​ផ្ទៃដី​ដើម​អាកាស្សា​របស់​រដ្ឋ​បែប​នេះ ដូច​ជា​មិន​ទាន់​ច្បាស់​ទេ ។

យើង​តាមដាន​រឿង​រ៉ាវ​នេះ​បន្ដ​ទៀត ដើម្បី​ឱ្យ​បាន​ច្បាស់​ថា តើ​មន្ដ្រី​ណា​មួ​យ​ដែល​មាន​អំណាច​ធំ ហ៊ាន​លក់​ចំការ​នេះ ។ ពេល​នេះ ការ​បែកធ្លាយ​បាន​កើត​មាន​ហើយ ដោយ​ក្រុម​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ ក៏​មានការ​ភ្ញាក់ផ្អើល​និង​ស្រលាំងកាំង​ដែរ ។

ជួប​តាម​ទូរស័ព្ទ លោក​អភិបាលស្រុក​កំពង់ត្រាច បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ឃុំ​បាន​លក់​ទៅ​ឱ្យ​រោងចក្រ​ហើយ ។ យក​ប្រាក់​មក​ទិញ​បាន​ដី​មួ​​យ​កន្លែង​ជិត​សាលាឃុំ ដោយ​សង់​បាន​មន្ទីរ​បក្ស​ឃុំ​មួយ​ជំនួស​វិញ ។ និយាយ​បាន​ខ្លី​ប៉ុណ្ណោះ ក៏​បិទ​ទូរស័ព្ទ​ទៅ ។

ក្រុម​អ្នក​តាមដាន​និយាយ​ថា សម្បត្ដិ​របស់​រដ្ឋ ដែល​នៅ​ជិត​ចិន ឬ​ជិត​អ្នកមាន នៅ​អត់​បាន​យូរ​ទេ បើ​មិន​លក់​ខ្លួនឯង ក៏​បបួល​មេ​ៗ​លក់​ដែរ យក​ប្រាក់​ចែក​គ្នា​ចាយ​លេង ។

គេ​លក់​អាធំ​... អា​ប៉ុន​កន្ទេល​... មក​ទិញ​អា​ប៉ុន​បាតដៃ ហើយ​និយាយ​ថា ដោះ​ដូរ ។ ដោះ​ដូរ​ខ្មោចលង​អី? ចិន​ដេញ​ខ្មែរ ខ្មែរ​ដេញ​ខ្មោច​ហ្នឹង​... ហេ ! ហេ !