គណបក្ស​ប្រជាជនកម្ពុជា​គាំទ្រ​​ជំហរ​របស់​នាយក​រដ្ឋ​មន្ត្រី​​​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង

ប៉ុន្មានថ្ងៃបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកវិញលើការអះអាងដែលថា កម្ពុជាបន្តធ្វើតាមបង្គាប់របស់ចិននៅក្នុងជម្លោះការទូតនោះ គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានចេញមកធ្វើការបដិសេធកាលពីថ្ងៃពុធ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយលើកឡើងថា រដ្ឋាភិបាលក្រុងភ្នំពេញបានដើរតួនាទីសំខាន់នៅក្នុងការរក្សា “សុខដុមរមនា ” ចំពេលភាពតានតឹងកំពុងកើនឡើងនៅសមុទ្រចិនខាងត្បូង។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនគាំទ្រសាលដីកាណាមួយរបស់តុលាការមជ្ឈត្តកម្មនៅក្នុងទីក្រុងឡាអេឡើយ ក្នុងសំណុំរឿងដែលប្រទេសហ្វីលីពីនដាក់ប្តឹងប្រទេសចិនដែលបានបង្កើនការសាងសង់កោះសិប្បនិមិត្តយ៉ាងឆាប់រហ័សនៅដែនទឹកមានជម្លោះនោះ។ លោកក៏បានច្រានចោលការអះអាងដែលថា កម្ពុជាបានធ្វើឲ្យខូចសេចក្តីថ្លែងការណ៍ដែលរិះគន់សកម្មភាពរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង អំឡុងកិច្ចប្រជុំកំពូលអាស៊ានចំនួនពីរផងដែរ។ សេចក្តីថ្លែងការណ៍របស់គណបក្សកំពុងកាន់អំណាចមានខ្លឹមសារដូច្នេះថា “គណបក្សប្រជាជនកម្ពុជាសូមធ្វើការបដិសេធចំពោះការចោទប្រកាន់ដោយអយុត្តិធម៌ថា កម្ពុជាបានបំផ្លាញការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូងទាំងនៅទីក្រុងគុនមីញ នាពេលថ្មីៗនេះ និងនៅភ្នំពេញកាលពីឆ្នាំ២០១២។ ផ្ទុយទៅវិញកម្ពុជាបានដើរតួនាទីយ៉ាងល្អក្នុងការសម្របសម្រួលលើបញ្ហាសមុទ្រចិនខាងត្បូងដើម្បីរក្សាសាមគ្គីភាព និង សុខដុមរមនាក្នុងទំនាក់ទំនងអាស៊ានចិន”៕ ស៊ុយឈាង © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post គណបក្ស​ប្រជាជនកម្ពុជា​គាំទ្រ​​ជំហរ​របស់​នាយក​រដ្ឋ​មន្ត្រី​​​លើ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង appeared first on The Cambodia Daily.