អភិបាលស្រុក​សណ្ដាន់ ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​ដែល​បំពាន​លើ​ដីធ្លី​មានទំនាស់​

កាលពី​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ប្រមាណ​២០​នាក់​បាន​លើកគ្នា​ទៅ​រារាំង​កម្មករ​ក្រុមហ៊ុនចម្ការកៅស៊ូ​យួន​ឈ្មោះ​ស៊ី​អ​ស៊ី​ខេ​(CRCK) ដែល​បម្រុង​ដាំ​កូន​កៅស៊ូ​លើដី​មានទំនាស់​។ ពលរដ្ឋ​ដែល​នាំគ្នា​តវ៉ា​បាន​បញ្ជាក់ថា​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ កំពុង​រំលោភបំពាន​លើ​ដីធ្លី​របស់​ពួកគាត់​ក្នុងខណៈដែល​អាជ្ញាធរ​មិនទាន់​ដោះស្រាយ​នៅឡើយ​។ នៅពេលដែល​ប្រជាពលរដ្ឋ​តវ៉ា​ជាមួយ​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ ទើប​កម្មករ​ក្រុមហ៊ុន​នេះ​បញ្ឈប់​សកម្មភាព​ដាំ​កូន​កៅស៊ូ ហើយ​វិលត្រឡប់​ចូលទៅ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វិញ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ​អភិបាលស្រុក​សណ្ដាន់ ឈ្មោះ ឡង គី​សឺ​ង បានចេញ​មុខការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ ដោយនិយាយ​យ៉ាង​គឃ្លើន​ថា​ប្រជាពលរដ្ឋ​ទៅវិញ​ទេ​ដែលជា​អ្នករំលោភ​បំពាន​លើដី​ក្រុមហ៊ុន​។ សំដី​របស់លោក ឡង គី​សឺ​ង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាងខ្លាំង ព្រោះ​គាត់​ជា​អភិបាលស្រុក ជា​មន្ត្រី​អាជ្ញាធរ​ខ្មែរ ហើយ​មិន​ការពារ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​កំពុង​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន​យួន បែរជា​ចេញមុខ​ការពារ​អំពើអាក្រក់​របស់​ក្រុមហ៊ុន​យួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​។ បញ្ហា​នេះ​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក ឡង គី​សឺ​ង អភិបាលស្រុក​សណ្ដាន់​ជាបន្ទាន់ ព្រោះ​មន្ត្រី​ខ្មែរ​រូបនេះ​ទំនង​ទទួលបាន​ផលប្រយោជន៍​ពី​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ ទើប​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​យ៉ាង​ក្រអឺតក្រទម​។

ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ក្នុង​ឃុំ​សណ្ដាន់ បាន​ឲ្យ​ដឹងថា​អ្នកភូមិ​នឹងមិន​ចាកចេញ​ពី​ដីចម្ការ​របស់ខ្លួន​ឡើយ ព្រោះ​ពួកគាត់​បាន​កាន់កាប់​ដីធ្លី​តំបន់​នេះ​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ បានធ្វើ​សកម្មភាព​ឈូសឆាយ​រំលោភ​យក​ដីធ្លី​ពួកគាត់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរពិនិត្យមើល​ផងដែរ ព្រោះ​ក្រុមហ៊ុន​យួន​កំពុង​បំផ្លាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​ងងើល ហើយ​មន្ត្រី​អាជ្ញាធរ​ខ្មែរ​បែរជា​ចេញមុខ​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​យួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​ក៏បាន​លើកឡើង​ដែរ​ថា​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ មិន​ត្រឹមតែ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​របស់ខ្លួន​ដោយ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​។ ឥឡូវនេះ​ក្រុមហ៊ុន​យួន​ស៊ី​អ​ស៊ី​ខេ កំពុង​បំផ្លាញ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរពិនិត្យមើល​និង​ចាត់វិធានការ​ដោះស្រាយ​ជាបន្ទាន់​៕

លោក-អ៊ុត-សំអនលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ bec439ad-ea9f-48f6-9e02-d76fb0a06632