ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន តាម​អំពើ​ចិត្ត

​សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ក្នុង​មួយខែៗ​ឈ្មួញ​បាន​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ប្រមាណ​៣០០​ទៅ​៥០០​រថយន្ត​ធំៗ ដោយមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​នាំ​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ច្រើនជាងគេ​តាម​ច្រក​អន្តរជាតិ​ព្រំ គឺ​ឧកញ៉ា គា ធា ដែល​ល្បីឈ្មោះ​ជា​យូរ​មកហើយ​។ ឈ្មួញ​រូបនេះ​មានការ​បើកដៃ​ពី​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​នៅ​ច្រក​អន្តរជាតិ​ព្រំ ទើប​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​នឹង​ការបង្ក្រាប​។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ច្រក​អន្តរជាតិ​ព្រំ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ឧកញ៉ា គា ធា ភាគច្រើន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្លែង​ប្រភេទ​ទំនិញ​ដើម្បី​បង់ពន្ធ ដូចជា​នាំចូល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿងបន្លាស់​រថយន្ត និង​ប្រភេទ​រថយន្ត​កាត់ត​ជាដើម ត្រូវគេ​ដាក់ថា​ជា​ទំនិញ​ចាប់ហួយ​។ បញ្ហា​នេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ ក៏ដូចជា​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ជាពិសេស​បើ​គ្មាន​ការ​បើកដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ទេនោះ គឺ​ឧកញ៉ា គា ធា មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ​។

តាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា​ឧកញ៉ា គា ធា បាន​បង្កើត​ឃ្លាំង​ស្តុក​ទំនិញគេចពន្ធ​ដ៏​ធំ​មួយ​ដែលមាន​ចម្ងាយ​ប្រមាណ​៥​គីឡូម៉ែត្រ​ពី​ច្រក​អន្តរជាតិ​ព្រំ សម្រាប់​ស្តុក​ទំនិញ​ផ្សេងៗ​ដូចជា រ​ថយ​ន្ថ​ទំនើបៗ​កាត់ត គ្រឿង​អេ​ឡិច​ត្រូ​និ​ច គ្រឿងបន្លាស់​រថយន្ត ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ចូល​ត្រួតពិនិត្យ​ឡើយ​។ ឧកញ៉ា គា ធា ត្រូវបាន​គេ​ស្គាល់​ថា​ជា​មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​៥​នៅ​ក្រសួងមហាផ្ទៃ និង​ជា​ឈ្មួញ​ឈរ​ជួរមុខ​ក្នុងចំណោម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ ឈ្មួញ​រូបនេះ​មិន​ត្រឹមតែ​នាំ​ទំនិញគេចពន្ធ​ចូល​តាម​ច្រក​អន្តរជាតិ​ព្រំ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ច្រក​ស្ទឹងហាវ ច្រក​កែវផុស ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ​ជាច្រើន​ឆ្នាំ​មកហើយ​៕

៥៥ a2-7